ភ្នំពេញៈ ទិវា​អនាម័យ​នៃ​ការ​​មក​រដូវ​ឆ្នាំនេះ បាន​ផ្ដោតលើ​ការរួម​គ្នា​បំបែក​ភាព​ស្ងៀមស្ងាត់ និង​បញ្ចប់​ការ​មាក់ងាយ​ជុំវិញ​ការ​មក​រដូវ ខណៈ​ពិភពលោក​បានកំណត់​ប្រធានបទ ៖ «​ការ​​ចាត់ទុក​ការ​មក​រដូវ​របស់​ស្ត្រី​ជា​រឿង​ធម្មតា​ដែល​កើតឡើង​ពិត​នៅក្នុង​ដំណើរ​ជីវិត​របស់​ក្មេង​​ស្រី និង​ស្ត្រី​ត្រឹម​ឆ្នាំ​ ២០៣០»​។​

​ថ្ងៃទី​ ២៨ ខែឧសភា រៀង​​រាល់​ឆ្នាំ គឺជា​ពេលវេលា​ ១​ ដែល​គ្រប់​អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​រដ្ឋាភិបាល វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បុគ្គល​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ បានរួម​គ្នា​ដើម្បី​អបអរសាទរ​ទិវា​អនាម័យ​នៃ​ការ​មក​រដូវ ហៅ​ជា​ភាសា​អង់គ្លេស​ថា Menstrual Hygiene Day ឬ MH Day​។​

​ទិវា​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការគ្រប់គ្រង​អនាម័យ​ពេល​មាន​រដូវ ខណៈ​នៅ​ទូទាំង​ពិភពលោក​មាន​ស្ត្រី និង​ក្មេងស្រី​ប្រមាណ​ជាង ៨០០​ លាន​នាក់ មក​រដូវ​ជា​រៀងរាល់ថ្ងៃ ហើយ​ពួកគេ​ប្រឈមមុខ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុងការ​គ្រប់គ្រង​រដូវ​ឱ្យបាន​ត្រឹមត្រូវ​។ នេះ​បើតាម​គេហទំព័រ​របស់ menstrual hygiene day ដែលជា​ចលនា​មួយ​មានការ​ចូលរួម​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ ដើម្បី​ប្រារព្ធ​យុទ្ធ​នា​ការ MH Day​។​

​គេហទំព័រ​នេះ បាន​អះអាងថា សម្រាប់​ទិវា​អនាម័យ​នៃ​ការ​​មក​រដូវ ឆ្នាំ​ ២០២៣​ នេះ ពិភព​លោក​បានកំណត់​ប្រធានបទ​ផ្តោតលើ​ការចាត់ទុក​ការ​មក​រដូវ​របស់​ស្ត្រី​ជា​រឿង​ធម្មតា​ដែល​កើតឡើង​ពិត​នៅក្នុង​ដំណើរ​ជីវិត​ត្រឹម​ឆ្នាំ​ ២០៣០​។

​ប្រភព​ដដែល​បន្តថា សព្វថ្ងៃនេះ​ស្ត្រី និង​ក្មេងស្រី​រាប់លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​ទទួលរង​ការ​មាក់ងាយ ដោយ​មិន​រាប់បញ្ចូល​នឹង​ការរើសអើង​ជាធម្មតា​ប្រឆាំង​ពួកគេ​នៅពេល​មក​រដូវ​ផង​។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​វា​មិនអាច​ទទួលយក​បានទេ ព្រោះថា ការ​មក​រដូវ គឺ​រាង​កាយ​ធម្មជាតិ​របស់​ស្ត្រី និង​ក្មេងស្រី តែ​វា​បន្ត​រារាំង​ដល់​ការទទួល​បានការ​អប់រំ ការមិនទទួលបាន​ប្រាក់ចំណូល និង​ការ​មិនបាន​ចូលរួម​យ៉ាង​ពេញលេញ និង​ស្មើភាព​ក្នុង​ជីវិត​ប្រចាំថ្ងៃ​»​។​

​ទិវា​អនាម័យ​នេះ ត្រូវបាន​ផ្តើម​បង្កើតឡើង​ដោយ NGO WASH United នៅ​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​ ២០១៣ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ជុំវិញ​ការ​មក​រដូវ​។ ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន​ជុំវិញ​យុទ្ធនាការ​នេះ ទិវា​អនាម័យ​មក​រដូវ ត្រូវបាន​ប្រារព្ធ​ជា​លើកដំបូង​នៅ​ថ្ងៃទី​ ២៨ ខែឧសភា ឆ្នាំ​ ២០១៤ ដោយ​ការប្រមូលផ្តុំ ការតាំងពិព័រណ៍ សិក្ខាសាលា និង​សុន្ទរកថា​។​

​លោក​ យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ទទួលបន្ទុក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៨ ឧសភា​ថា ទិវា​អនាម័យ​នៃ​ការ​មក​រដូវ ត្រូវ​បាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ២៨ ខែឧសភា ព្រោះតែ​វដ្ត​រដូវ​ជា​មធ្យម​របស់​ស្ត្រី និង​ក្មេងស្រី​មាន​រយៈពេល​ ២៨ ​ថ្ងៃ ហើយ​មនុស្ស​ស្រី​មក​រដូវ​ជា​មធ្យម​ ៥​ ថ្ងៃ​ក្នុង​ ១ ​ខែ​។ លោក​បាន​បន្តថា សម្រាប់​កម្ពុជា ដែលមាន​អង្គការ​ភ្លែ​ន​ដែរនោះ ក៏បាន​រួមគ្នា​ប្រារព្ធ​ទិវា​នេះ​រយៈពេល​ ៤ ​ឆ្នាំ​មកហើយ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​បំបាត់​ការ​រើ​ង​អើ​ង​នៅក្នុង​ប្រទេស​ចំពោះ​ការ​មក​រដូវ​របស់​ស្ត្រី និង​ក្មេងស្រី​។​

​លោក គឹម​ថា​ន បានចាត់ទុក ទិវា​នេះ​ថា ជា​វេទិកា​តស៊ូ​មតិ​ជាស​កល​ដែល​លើកកម្ពស់​ការគ្រប់គ្រង​អនាម័យ​ពេល​មាន​រដូវ និង​ដើម្បី​បំបែក​ភាព​ស្ងៀមស្ងាត់ បង្កើន​ការយល់ដឹង និង​ផ្លាស់ប្តូរ​បទដ្ឋាន​សង្គម​អវិជ្ជមាន ព្រោះ​កន្លងមក និង​បច្ចុប្បន្ន ស្ត្រី និង​ក្មេងស្រី​កម្ពុជា នៅតែ​ទទួលរង​ការ​សើចចំអក និង​មាក់ងាយ​នៅពេល​ពួកគេ​មក​រដូវ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកបាន​ថ្លែងថា ស្ត្រី និង​ក្មេងស្រី​ក្នុង​តំបន់​មួយចំនួន មិន​ត្រឹមតែ​ទទួល​ការរើសអើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មិន​ទទួលបាន​ឱកាស និង​ទទួលរង​នូវ​ការ​ស្អប់ខ្ពើម ហើយ​ត្រូវដាក់​ឱ្យនៅ​ដាច់​ដោយ​ឡែក​ពេល​មក​រដូវ​ទៀតផង​។​

​លោក​បញ្ជាក់ថា​៖ «​ក្មេងស្រី និង​ស្ត្រី​ទាំងអស់ គួរតែ​រីករាយ​នឹង​ការយល់ដឹង​ពី​សិទ្ធិ​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​របស់​ពួកគេ ហើយ​ការអប់រំ រួមទាំង​ក្មេងប្រុស​ផងដែរ អំពី​ការ​មាន​រដូវ​របស់​ក្មេងស្រី និង​ស្ត្រី មាន​សារៈសំខាន់​ណាស់​ក្នុងការ​បញ្ចប់​បទដ្ឋាន​អវិជ្ជមាន​ចំពោះ​ការ​មក​រដូវ​»​។​

​ជាមួយគ្នានេះ លោក យី គឹម​ថា​ន បាន​អះអាង​ដែរ​ថា អង្គ​ការ​ភ្លែ​ន​ក៏បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​លើ​គម្រោង​ដើម្បី​លើកកម្ពស់ និង​ផ្តល់​ការយល់​ដឹង​តាម​មូលដ្ឋាន ព្រមទាំង​តាម​​រយៈ​ការរៀបចំ​បង្គន់​អនាម័យ និង​ផ្តល់​សម្ភារ​មួយចំនួន​សម្រាប់​បង្ក​ភាពងាយស្រួល​ដល់​ស្ត្រី និង​ក្មេងស្រី​ផងដែរ​។​

​លោក លន់ សាយ​តេង ប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងថា បើ​គ្រប់គ្នា​ចាត់​​ទុក​បញ្ហា​អនាម័យ​ពេល​មក​រដូវ​របស់​ស្ត្រី​ជា​រឿង​ស្ងប់ស្ងាត់ ឬ​លាក់លៀម នោះ​ដូច​បោះបង់​សមាសភាព​ចូលរួម​របស់​ស្ត្រី និង​យុវតី​ទាំង​ការសិក្សា ការងារ និង​ការអភិវឌ្ឍ​សង្គម​។

​លោក​បាន​បន្ថែមថា អនាម័យ​ពេល​មក​រដូវ​ជា​រឿង​ដែល​គ្រប់គ្នា​ត្រូវ​ដឹង និង​ត្រូវ​លើក​យកមក​ពិភាក្សា​ឱ្យបាន​ទូលំទូលាយ ហើយ​ដៃគូ​អភិវឌ្ឍន៍ គួរតែ​បន្ត​ចូលរួម​គាំទ្រ​សកម្មភាព​នេះ ឱ្យបាន​ទូលំទូលាយ​ទៅកាន់​សាធារណជន​ក្នុង​បុព្វហេតុ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​លើកកម្ពស់​អនាម័យ​ពេល​មក​រដូវ​របស់​ស្ត្រី​និង​ក្មេងស្រី​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ថ្ងៃនេះ​ជា​ទិវា​អនាម័យ​ពេល​មក​រដូវ ក្នុង​ស្មារតី​គាំទ្រ ខ្ញុំបាទ​សូម​អបអរសាទរ និង​គាំទ្រ​ទាំង​​ស្រុង​ដល់​បងប្អូន​ជា​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​អាយុ​ពេល​មក​រដូវ​។ ការមើលរំលង ភាព​ស្ងប់​​ស្ងាត់ ភាព​ខ្មាសអៀន​ពេល​មក​រដូវ​អាច​បណ្ដាលឱ្យ​ស្ត្រី​ជួបនឹង​បញ្ហា​សុខភាព និង​ឈាន​រហូត​ទៅដល់​បញ្ហា​បាត់បង់​លទ្ធភាព​មានកូន ព្រមទាំង​ងាយ​កើត​ជំងឺ​ផ្សេងៗ​ទៀតផង​»៕