
ទិដ្ឋភាពព្រៃកោងកាងព្រែកតាសុខ ឧទ្យានជាតិសមុទ្រកោះរ៉ុង។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុក្នុងគោលបំណងដើម្បីអនុវត្តពិធីសារណាហ្គូយ៉ានៃអនុសញ្ញាសហប្រជាជាតិស្ដីពីជីវចម្រុះ សំដៅរួមចំណែកដល់ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់សមាសភាគជីវចម្រុះដោយនិរន្តរភាព។
យោងតាមអនុក្រឹត្យដែលមាន ៩ ជំពូក និង ៦២ មាត្រា ចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ឱ្យដឹងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យនេះ ក្នុងគោលបំណងបង្កើតនូវយន្តការជាក់លាក់ដើម្បីអនុវត្តពិធីសារណាហ្គូយ៉ានៃអនុសញ្ញាសហប្រជាជាតិស្ដីពីជីវចម្រុះ សំដៅរួមចំណែកដល់ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់សមាសភាគជីវចម្រុះដោយនិរន្តរភាព។
អនុក្រឹត្យដដែលនេះបន្តថា វាមានវិសាលភាពអនុវត្តន៍លើការប្រមូលធនធានពន្ធុ និស្សន្ធវត្ថុរបស់ធនធានពន្ធុ និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ ដែលមានប្រភពដើម ឬកំពុងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឬបានទទួលយកដោយព្រះរាជាណាចក្រកម្ពុជា ឬដោយបុគ្គលណាម្នាក់ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន សម្រាប់គោលបំណងនៃការប្រើប្រាស់ធនធានពន្ធុ និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ។
ប្រភពដដែលបានបន្ថែមថា អនុក្រឹត្យនេះ មិនមានវិសាលភាពអនុវត្តន៍លើការប្រមូលធនធានពន្ធុ និងវត្ថុរបស់ធនធានពន្ធុ ក្នុងគោលបំណងប្រើប្រាស់សម្រាប់ការធ្វើជាទំនិញដោយផ្ទាល់ ប៉ុន្តែការធ្វើជាទំនិញដោយផ្ទាល់នោះ មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ឬអភិវឌ្ឍធនធានពន្ធុឡើយ។
បើតាមអនុក្រឹត្យនេះ ចំពោះលក្ខខណ្ឌ និងនីតិវិធីស្ដីពីការប្រមូលធនធានពន្ធុឬចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ អ្នកស្នើសុំ ត្រូវបំពេញព័ត៌មានក្នុងពាក្យស្នើសុំ និងបញ្ជូនពាក្យស្នើសុំប្រមូលធនធានពន្ធុ ឬចំណេះដឹងជាប្រពៃណីពាក់ព័ន្ធទៅជនបង្គោលថ្នាក់ជាតិ ជាពិសេសត្រូវមានសេចក្តីសម្រេចពីអាជ្ញាធរមានសមត្ថកិច្ចជាតិលើពាក្យស្នើសុំស្របទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនេះ។
មួយវិញទៀត ត្រូវទទួលបានការព្រមព្រៀងដោយទទួលបានព័ត៌មានគ្រប់គ្រាន់ជាមុនពីអ្នកផ្តល់ ដើម្បីឱ្យស្របទៅតាមមាត្រា ១៦ នៃអនុក្រឹត្យនេះ ជាដើម។ទាក់ទងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនេះ លោក ជុំ ហួត ប្រធានសមាគម អ្នកស្រឡាញ់បរិស្ថាន និងសង្គម បានថ្លែងនៅ ថ្ងៃទី ២៨ ខែឧសភាថា លោកសូមស្វាគមន៍ចំពោះរាជរដ្ឋាភិបាលដែលបានចេញនូវអនុក្រឹត្យនេះ ព្រោះវាមានសារៈសំខាន់ក្នុងការចូលរួមថែរក្សា និងការពារបរិស្ថានឱ្យបានល្អតាមរយៈការប្រើប្រាស់នូវធនធានធម្មជាតិរបស់កម្ពុជា ប្រកបដោយនិរន្តរភាព។
លោកបានបន្តថា កាលពីមុនរដ្ឋាភិបាល មិនដែលធ្លាប់ចេញអនុក្រឹត្យបែបនេះនោះទេ គឺមានតែចេញជាអនុក្រឹត្យបង្កើតតំបន់ការពារធម្មជាតិមួយៗ ប៉ុន្តែអនុក្រឹត្យនេះបានផ្តល់នូវលទ្ធភាព ទៅដល់សហគមន៍ មានសិទ្ធិការពារ និងប្រើប្រាស់ធនធានធម្មជាតិដើម្បីរួមចំណែកលើកកម្ពស់ ការអភិរក្ស និងការពារនូវធនធានធម្មជាតិរបស់កម្ពុជា ប្រកបដោយ និរន្តរភាព។
លោក ជុំ ហួត បានបញ្ជាក់ថា៖ «យើងអបអរសាទរ ដែលរាជរដ្ឋាភិបាលបានគិតគូរដោយបានចេញអនុក្រឹត្យនេះ ដើម្បីផលប្រយោជន៍រួមនៅទូទាំងប្រទេស មិនថា បុគ្គលណាទេ គឺគាត់អាចប្រើប្រាស់បានដូចគ្នា»៕