ភ្នំពេញៈ ទិវាសៀវភៅកុមារអន្តរជាតិឆ្នាំ ២០២៣ នឹងត្រូវរៀបចំឡើងរយៈពេល ៣ ថ្ងៃ នៅដើមខែមិថុនាខាងមុខ នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ ខណៈសមាគមក្រុមប្រឹក្សាសៀវភៅកុមារ និងយុវជនកម្ពុជា (IBBY Cambodia) អំពាវនាវឱ្យអាណាព្យាបាលនាំកុមារចូលរួមទិវានេះ ដើម្បីជំរុញការអាន និងការផ្សព្វផ្សាយសៀវភៅឱ្យកាន់តែទូលំទូលាយដល់កុមារ និងអ្នកអានដទៃទៀត។
តាមសេចក្តីប្រកាស IBBY Cambodia ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ២៨ ខែឧសភាបានឱ្យដឹងថា ព្រឹត្តិការណ៍ «ទិវាសៀវភៅកុមារអន្តរជាតិ» ឆ្នាំ ២០២៣ លើកទី៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ នៅបណ្ណាល័យ «សម្ដេចតេជា ហ៊ុន សែន» ក្នុងបរិវេណវិទ្យាល័យបឹងត្របែក រាជធានីភ្នំពេញ។
IBBY Cambodia គឺជាបណ្តាញសហគមន៍អ្នកដែលស្រឡាញ់សៀវភៅ និងអំណាន ហើយមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍវិស័យអំណានសម្រាប់កុមារ តាមរយៈការជំរុញឱ្យមានព្រឹត្តិការណ៍នានាដែលជាឱកាសឱ្យកុមារអាចចូលរួម និងអានសៀវភៅដែលខ្លួនចូលចិត្តបានដោយសេរី។
សេចក្តីប្រកាសនេះ ឱ្យដឹងថា៖ «ឆ្នាំនេះ មានដៃគូសហការ គ្រឹះស្ថានបោះពុម្ព និងអ្នកចែកចាយសៀវភៅចំនួន ២៤ ស្ថាប័ន នឹងចូលរួមជាមួយពួកយើងចំនួន ៣ ថ្ងៃ។ ក្នុងរយៈពេលកម្មវិធីទាំង ៣ ថ្ងៃនេះ យើងគ្រោងនឹងទទួលបានអ្នកចូលរួមចំនួន ៣ ០០០ នាក់ មានទាំងកុមារ និងមនុស្សធំ»។
កញ្ញា ឡុច ឆេងលី ជាបណ្ណារក្សនៅវិទ្យាស្ថានបារាំងនៃកម្ពុជា និងជាអ្នកទទួលបន្ទុកខាងផ្នែកទំនាក់ទំនងនៅសមាគម iBBY បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៨ ឧសភាថា ចំពោះការដាក់តាំងបង្ហាញសៀវភៅក្នុងព្រឹត្តិការណ៍នេះគឺមានសៀវភៅកុមារចាប់ពីអាយុ០ឆ្នាំទៅដល់សៀវភៅសម្រាប់យុវវ័យ។
កញ្ញាបានបញ្ជាក់ថា៖ «យើងចង់ឱ្យឪពុកម្តាយ នាំអូនៗកុមារមកចូលរួមទិវានេះ ដើម្បីឱ្យពួកគាត់បានស្គាល់សៀវភៅកាន់តែច្រើន។ សៀវភៅ គឺជាផ្នែកមួយនៃចំណេះដឹង ហើយការចូលរួមរបស់ពួកគាត់ គឺដើម្បីកុំឱ្យគាត់ គិតថា សៀវភៅ គ្រាន់តែជាការអាន ឬមេរៀន ព្រោះសៀវភៅ គឺមានលើសពីហ្នឹងទៀត គឺការសិក្សាបន្ថែម និងការកម្សាន្តរបស់កុមារដែរ»។
ក្រៅពីអំពាវនាវ កញ្ញា ឡុច ឆេងលី បានលើកឡើងថា ការអានរបស់កុមារ មិនមែនទាល់តែគាត់ចូលរៀននោះទេ គឺគាត់អាចចាប់ផ្តើមអានបានតាំងពីគាត់នៅតូចៗម្ល៉េះ។ ដូច្នេះកញ្ញា រំពឹងថា ទិវានេះ នឹងផ្តល់ឱ្យកុមារ នូវភាពសប្បាយរីករាយជាមួយនឹងសៀវភៅជាច្រើនប្រភេទ ដែលកុមារខ្លួនឯងផ្ទាល់ អាចជ្រើសរើសបានដោយខ្លួនឯង ខណៈការចូលរួមរបស់សាធារណជន គឺជាការគាំទ្រមួយទៅដល់ការបោះពុម្ពផ្សាយនៅកម្ពុជាផងដែរ។
ជាមួយនឹងការប្រារព្ធទិវានេះ កញ្ញា ឡុច ឆេងលី បញ្ជាក់ថា IBBY Cambodia គឺជាបណ្តាញសហគមន៍អ្នកដែលស្រឡាញ់សៀវភៅ និងអំណាន ហើយមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍវិស័យអំណានសម្រាប់កុមារ តាមរយៈការជំរុញឱ្យមានព្រឹត្តិការណ៍នានាដែលជាឱកាសឱ្យកុមារអាចចូលរួម និងអានសៀវភៅដែលខ្លួនចូលចិត្តបានដោយសេរី។
កញ្ញាបញ្ជាក់ថា៖ «យើងក៏ចង់អំពាវនាវឱ្យឪពុកម្តាយរបស់កុមារចូលរួមលើកស្ទួយការអានរបស់កុមារ និងចូលរួមទិញសៀវភៅឱ្យកុមារ ព្រោះថា ការអានរបស់គាត់ គឺជាអំណានមួយ ហើយត្រូវកើតឡើងពីការបោះពុម្ពផ្សាយ ហើយបើគាត់មិនចូលរួមគាំទ្រទេ គឺមិនមានការបោះពុម្ពផ្សាយសៀវភៅកុមារច្រើនទេ ព្រោះការបោះពុម្ពផ្សាយសៀវភៅកុមារ គឺនៅមានកម្រិតនៅឡើយ»។
កាលពីថ្ងៃ ២ ខែមេសា ឆ្នាំ ២០១៣ IBBY Cambodia បានរៀបចំប្រារព្ធជាលើកដំបូងនូវទិវាសៀវភៅកុមារអន្តរជាតិ នៅប្រទេសកម្ពុជា ដើម្បីផ្តោតសំខាន់លើសៀវភៅសម្រាប់កុមារតូចៗ ហើយអង្គការដៃគូជាសមាជិក ក៏បានចូលរួមផ្តល់ការកម្សាន្ត និងសកម្មភាពមួយចំនួន។ ដៃគូសហការ មានគ្រឹះស្ថានបោះពុម្ព និងអ្នកចែកចាយសៀវភៅចំនួន ២៤ ស្ថាប័ន ដែលនឹងមានវត្តមានក្នុងទិវាសៀវភៅកុមារអន្តរជាតិនេះមានដូចជា Sipar, Comics Art, IBBY, ក្រោមដំបូលតែមួយ, Oun Twin, សេកសោម, Reading Book, Scholar Library, Riel Tiger និងស្ថាប័នជាច្រើនទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ IBBY Cambodia៕