ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែងថា អវត្ត​មាន​គណបក្ស​ភ្លើងទៀន ​ក្នុងការ​បោះឆ្នោត​ខែកក្កដា ខាងមុខ មិនបាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្ម​នុញ្ញ​របស់​ក​ម្ពុ​ជា និង​ស្មារតី​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ទេ ខណៈ​កម្ពុជា​នៅតែ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល។

ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​ កីឡាការិនី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី១២ កាលពី​​ល្ងាច​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលជា​ការឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​គណ​បក្ស​ភ្លើង​ទៀន ក្រោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បដិសេធ​បណ្តឹង​គណបក្ស​នេះ​ មិនអាច​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​នាខែ​កក្កដា​បាន។

លោក​ហ៊ុន សែន ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ដូច្នេះ​ថា៖ «ក្នុង​កិច្ច​ព្រម​ព្រៀង​ក្រុងប៉ារីស​មាន​ដាក់ពាក្យ ត្រូវតែមាន​បក្សប្រឆាំង​ឬទេ? ក្នុង​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​ថា​ ត្រូវតែមាន​បក្សប្រឆាំង ហើយ​ឈ្មោះ​អា​ភ្លើង​ចន្លុះ [គណបក្ស​ភ្លើង​ទៀន] នោះទេ? គេ​គ្រាន់តែ​និយាយ​លទ្ធិ​ប្រជាធិប​តេយ្យសេរី​ពហុបក្ស​ទេតើ គេ​អត់​កំណត់ថា​ ត្រូវតែមាន​បក្ស​ប្រឆាំង​ទេ»។

លោកនាយក​រដ្ឋ​មន្ត្រី លើកឡើង​ថា វត្តមាន​របស់​គណបក្ស​នយោបាយ​ចំនួន ១៨ផ្សេង​ទៀត​ ដែល​ឈរឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧ នេះ បង្ហាញ​យ៉ាង​ច្បាស់​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ទោះ​គ្មាន​វត្តមាន​គណបក្ស​នយោបាយ ១ ឬ ២ មិនបាន​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ។ ទន្ទឹម​នឹង​នោះដែរ លោក​​នាយករដ្ឋមន្ត្រី​ ក៏បាន​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ ​ពិចារណា​ឡើងវិញ និង​ទៅ​ពិនិត្យ​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​ឡើងវិញ ចំពោះ​ការ​ចោទ​ប្រកាន់ថា រដ្ឋា​ភិបាល​កម្ពុជា​កំពុង​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស។

ប៉ុន្តែ កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា គណ​បក្ស​ភ្លើងទៀន ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ដោយ​បង្ហាញ​ពី​ការសោក​ស្តាយ​​​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ដែល​បដិសេធ​បណ្តឹងតវ៉ា​របស់ខ្លួន​ លើ​ករណី​ចុះបញ្ជី​គណបក្ស​នយោ​បាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្នោះ សម្រាប់​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧។

គណបក្ស​នេះ លើកឡើង​ថា ការសម្រេច​ដូច្នេះ ​ជាការ​មិន​ស្រប​នឹង​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ច្បាប់​ជា​ធរមាន​នានា ពិសេស​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ។

លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា ក៏បាន​លើក​ឡើង​ដែរ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ១៩៩៣ បាន​គូស​បញ្ជាក់​ពី​លទ្ធិ​ប្រជាធិប​តេយ្យសេរី​ពហុ​បក្ស ក្នុងន័យ​នេះ មិនមែន​សំដៅ​ត្រឹមតែ​គណ​បក្សនយោបាយ​ចុះឈ្មោះ​ស្របច្បាប់​លើស​ពី​១ នោះទេ ប៉ុន្តែ​សំដៅលើ​ភាពជា​តំណាង​របស់​ប្រជា​រា​ស្ត្រ​នៅក្នុង​សភា ពោលគឺ​តំណាង​រាស្ត្រ ​ដែល​ចេញពី​ការ​បោះឆ្នោត​នោះ​ លើសពី ១​គណបក្ស និង​មាន​វត្តមាន​គណប​ក្សជំទាស់។

លោក​បាន​គូសបញ្ជាក់ថា៖ «ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហ្នឹង ​ក៏​សំដៅ​ទៅលើ​របប​នយោបាយ​មាន​គណបក្ស​ប្រឆាំង​មាន​ឥទ្ធិពល ហើយ​មាន​ភាពខ្លាំង ដើម្បី​ឱ្យ​ដំណើរ​ប្រជាធិបតេយ្យ​រឹងមាំ​ និង​មាន​ប្រសិទ្ធភាព លុះត្រា​តែ​មាន​​គណបក្ស​ដែល​អាច​មាន​សំឡេង​ ​អាចធ្វើ​ឱ្យ​ដំណើរការ​សង្គម​មាន​តុល្យភាព​អំណាច(check and balance)»។

លោក​បាន​សម្តែង​ការសោក​ស្តាយ ដែល​គណបក្ស​ភ្លើងទៀន​ ដែលជា​គណបក្សប្រឆាំង​ធំ​មួយ ​អវត្តមាន​ក្នុងការ​បោះឆ្នោតជាតិ​នាខែក​ក្កដា​ខាងមុខ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ជា​អ្នកគាំទ្រ​គណបក្ស​នេះ ​គ្មានជម្រើស​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ ឬ​បុគ្គល ដែល​ជាទី​ពេញចិត្ត ឬ​ចង់​ឱ្យ​ក្លាយជា​តំណាង​របស់​ពួកគេ។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ​លោក​យ៉ង់ គិ​ម​អេង បានថ្លែង​ថា វត្តមាន​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​ការបោះឆ្នោត​ជា​រឿង​សំខាន់ សម្រាប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ បន្ថែម​ពីលើ​បរិយា​កាស​អំណោយ​ផលរ​បស់​រដ្ឋអំណាច និង​វត្តមាន​ចូលរួម​របស់​ប្រជា​ពលរដ្ឋ។

លោក​និយាយ​ថា៖ «រដ្ឋ​ធម្មនុញ្ញ​យើង​ក៏បាន​លើកឡើង​ដែរ​ ពី​ការលើកកម្ពស់​ និង​ការប្រកាន់យក​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បាន​ន័យថា​ យើង​អនុញ្ញាត​ឱ្យ​មាន​បក្ស​ចម្រុះ មានការ​ចូលរួម​ពី​គណបក្ស​នយោ​បាយ​ផ្សេងៗ ក្នុងនោះ​ក៏​ត្រូវមាន​វត្តមាន​គណ​បក្ស ​ដែលមាន​លទ្ធភាព​ដណ្តើម​បាន​អា​សនៈ​សភា​ខ្លះ​ផងដែរ»។

ប៉ុន្តែ​ លោក យង់ ពៅ អគ្គ​លេខាធិការ​ នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា បាន​ឯកភាព​ចំពោះ​ការ​ថ្លែង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក​ថា នៅក្នុង​ស្មារ​តី​រដ្ឋធម្មនុញ្ញ​ និង​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស មិន​បាន​កំណត់ថា​ ត្រូវ​មាន​ចំនួន​គណបក្ស​ប៉ុន្មាន​ចូលរួម​ការបោះ​ឆ្នោត​ឡើយ។

លោ​កថា​ ចាប់ពី ២​គណបក្ស​ឡើងទៅ ជា​ស្មារតី​លទ្ធិប្រជា​ធិបតេយ្យ ហើយក៏​មិនបាន​កំណត់​ឈ្មោះ ឬ​សមាស​ភាគ ឬ​និន្នាការ​គណ​បក្ស​នយោ​បាយ​ណា​ដែរ។

លោក យង់ ពៅ និយាយ​ថា៖ «ការបោះឆ្នោត​អាណត្តិ​ទី៦ កន្លងទៅ​ក៏​ដូចគ្នាដែរ មាន​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ភាព​តានតឹង​ក្នុង​នយោបាយ​កម្ពុជា ប៉ុន្តែ​ការបោះឆ្នោត​នៅតែ​ដំណើរការ​តាម​ប្រតិទិន​ធម្មតា ព្រោះ​ស្មារតី​រដ្ឋធម្មនុញ្ញ​ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​មិនបាន​កំណត់​ពីចំនួន​គណបក្ស​ត្រូវ​ចូលរួម​ទេ»៕