
ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចទទួលបានលេខរៀងចុងក្រោយគេ ក្នុងចំណោមគណបក្សនយោបាយសរុបចំនួន ១៨។
ពិធីចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សនយោបាយនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៣ ក្រោមព្រះវត្តមាន និងចាប់ឆ្នោតដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។
តាមលទ្ធផលនៃការចាប់ឆ្នោតនេះបានបង្ហាញថា លេខរៀងទី១ គណបក្សសំបុកឃ្មុំ,លេខរៀងទី ២ គណបក្សខ្មែរតែមួយ, លេខរៀងទី៣ គណបក្សសញ្ជាតិកម្ពុជា, លេខរៀងទី៤ គណបក្សខ្មែររួបរួមជាតិ, លេខរៀងទី៥ គណបក្សកម្លាំងប្រជាធិបតេយ្យ, លេខរៀងទី៦ គណបក្សកសិករ,លេខរៀងទី៧ គណបក្សស្ត្រីដើម្បីស្ត្រី,លេខរៀងទី៩គណបក្សខ្មែរឈប់ក្រ,លេខរៀងទី១០ គណបក្សហ្វ៊ុនស៊ីនប៉ិច។
គ.ជ.ប.បានបន្តទៀតថា សម្រាប់លេខរៀងទី១១ គណបក្សធម្មាធិបតេយ្យ, លេខរៀងទី១២ គណបក្សមូលដ្ឋាន, លេខរៀងទី១៣ គណបក្សបំណងប្រជាពលរដ្ឋ, លេខរៀងទី១៤ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, លេខរៀងទី១៥ គណបក្សខ្មែរអភិរក្ស, លេខរៀងទី១៦ គណបក្សយុវជនកម្ពុជា,លេខរៀងទី១៧ គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងលេខរៀងទី១៨ គឺគណបក្សប្រជាជនកម្ពុជា។
លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានថ្លែងនាឱកាសនោះថា នៅពេលខាងមុខនេះ គ.ជ.ប.ត្រូវផលិតសន្លឹកឆ្នោតតាមមណ្ឌលនីមួយៗ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់នៅលើសន្លឹកឆ្នោតសម្រាប់មណ្ឌលទាំង ២៥ ទូទាំងប្រទេស។

ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយម្សិលមិញ។ ហេង ជីវ័ន
លោកបន្តថា ដោយផ្អែកតាមបទពិសោធន៍ល្អក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏ដូចជាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដើម្បីធានាបានភាពយុត្តិធម៌ និងតម្លាភាព ក្នុងការកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនេះ គ.ជ.ប.បានរៀបចំពិធីនេះឡើងដោយបានយាងសម្តេចព្រះសង្ឃរាជទាំង ២ គណៈ ធ្វើជាព្រះរាជាធិបតី និងប្រោសព្រះរាជទានការចាប់ឆ្នោតកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ។
លោក ប្រាជ្ញ ចន្ទ បានថ្លែងថា៖ «លទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយមានអត្ថន័យសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត»។
លោកបានបន្តថា៖ «ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រឡាញ់ពេញចិត្ត»។
ជាមួយគ្នានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភាថា ការៀបចំពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតមានតម្លាភាព និងត្រឹមត្រូវ ព្រោះមានការយាងចូលរួម និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជទាំង ២ គណៈ។
លោកបានបញ្ជាក់ថា៖ «ក្នុងការចាប់ឆ្នោតកំណត់លេខរៀងនៅលើសន្លឹកឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេងរៀងចុងក្រោយគេបង្អស់នៃគណបក្សនយោបាយ (លេខរៀងទី ១៨) ដូចទៅនឹងការបោះឆ្នោតលើកមុនដែរ គឺគណបក្សទទួលបានលេខរៀងទី ២០ ដែលមានភាពងាយ ស្រួលប្រជាពលរដ្ឋចំណាំ និងគូសគាំទ្រគណបក្ស នៅពេលបោះឆ្នោត»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែឧសភាថា គណបក្សរបស់លោកទទួលបានលំដាប់លេខរៀងទី ៩ នៅលើសន្លឹកឆ្នោតដែលប្រជាជនខ្មែរជាទូទៅតែងយល់ថាជាលេខហុងស៊ុយ។
លោកប្រាប់ថា គណបក្សរបស់លោកទទួលយកការរៀបចំចាប់ឆ្នោតរបស់គ.ជ.ប.ព្រោះមានតម្លាភាពចំពោះគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់៕