ស្ទឹងត្រែងៈ លោក ឌិ​ត ទីណា រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ជំ​រុញឱ្យ​មន្ត្រី​បច្ចេកទេស​វារីវប្បកម្ម រៀបចំ​ភ្ញាស់​កូន​ត្រី​ពូជ​ឱ្យបាន​ច្រើន​ប្រភេទ​ដើម្បី​ចែកចាយ​ទៅ​កសិករ​ចិញ្ចឹម​ត្រី ធ្វើការ​ពង្រីក វារីវប្បកម្ម លក្ខណៈ​គ្រួសារ ដើម្បី​ឈានទៅ​រួមគ្នា​កាត់បន្ថយ​ការធ្វើ​នេសាទ​ត្រី​ធម្មជាតិ នៅតាម​ទន្លេមេគង្គឱ្យមក​នៅ​កម្រិត​ទាប​។​

​ក្នុងអំឡុងពេល​ចុះ​ពិនិត្យ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​​សត្វ​មេគង្គ​លើ នៅ​ចំណុច​អូរ​ខ្លុង ភូមិ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពីពេល​ថ្មីៗ​នេះ លោក ឌិ​ត ទីណា បាន​លើកឡើងថា ការបណ្តុះបណ្តាល របស់​មន្ត្រី​បច្ចេកទេស​ក្នុងការ​ភ្ញាស់​កូន​ត្រី​ពូជ​នេះ ជាការ​ផ្ទេរ​ចំណេះដឹង​ដ៏​មាន​អាទិភាព​ជូនទៅ​ប្រជាកសិករ ដើម្បីឱ្យ​ពួកគាត់​មាន​បច្ចេកទេស​ចិញ្ចឹម​ត្រី និង​បាន​រួមគ្នា​ងាក​មក​ចូលរួម​អភិរក្ស​ធនធាន​ម​ច្ឆ​ជាតិ​នៅតាម​ដង​ទន្លេមេគង្គ​លើ ឱ្យ​វា​សម្បូរបែប​ព្រោះ​នៅ​ប៉ែក​ខាងលើនេះ ជា​តំបន់​សម្បុក​ត្រី​ពង​កូន​។​

​តាមរយៈ​ក្រសួងកសិកម្ម លោក​បាន​បញ្ជាក់ថា៖ «​មន្ត្រី​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ ត្រូវ​បង្កើន​ការផលិត​កូន​ត្រី​ពូជ តម្រូវការ​ទីផ្សារ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ឈានទៅ​រៀបចំ​មច្ឆវប្បករ​ជា​ប្រព័ន្ធ ហើយ​អនុវត្ត ឱ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​យកទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​។ អ្នក​ចិញ្ចឹម​ត្រី​មួយចំនួន ខ្ញុំ​នឹង​បោះទុន​ឱ្យ​សាក​មើល​តែម្ដង​»​។​

​លោក ឌិ​ត ទីណា បាន​បន្តថា ៖ «​ឥឡូវ​ខ្ញុំ​ដោះស្រាយ​វគ្គ​ហ្នឹង​មួយ​ឱ្យធ្វើ​ការវិនិយោគ​ធ្វើការ​ចិញ្ចឹម​ត្រី​សាកមើល តើ​អាច​លក់​ចេញទៅ​វិញ​ដាច់​ឬ​អត់ បើ​ដាច់​អាហ្នឹង ចាំ​រៀបចំ​ជា​ប្រព័ន្ធ​យ៉ាងម៉េច​ដើម្បី​អាចធ្វើ​ការចិញ្ចឹម​ត្រី​ហ្នឹង​បាន ហើយ​ជម្រើស​ទី​៣​ធ្វើការ​វិនិយោគ ជាមួយ​ដៃគូ​ឯកជន​តែម្ដង​»​។​

​ចំពោះ​ការងារ​វា​រី​សត្វ​នេះ លោក​រដ្ឋមន្ត្រីបានស្នើ​អភិបាលខេត្ត​ស្ទឹងត្រែងពិចារណា​ស្វែងរក​ដៃគូ​ឯកជន​មក​ធ្វើការ​វិនិយោគ ដោយ​សហការ​ជាមួយ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ឱ្យ​បានល្អ ដើម្បី​ភាព​រីកចម្រើន​និង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យ​ខ្លាំងក្លា និង​មាន​សក្តានុពល តាមរយៈ​ការរៀបចំ​គោល​​នយោបាយ​ប្រចាំខេត្ត ដោយមាន​ការ​​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុងការ​ជំរុញ​ផលិត​​ផល​សក្តានុពល​ក្នុង​ខេត្ត ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឱ្យ​រីកចម្រើន និង​ចូល​រួម​ជួយ​ដល់​សង្គមជាតិ​។​

មជ្ឈមណ្ឌលស្រាវជ្រាវ​និង​ផលិត​ពូជវារីសត្វមេគង្គលើ នៅ​ខេត្ត​ស្ទឹង​ត្រែង​។ រូប ក្រសួងកសិកម្ម

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែងបាន​ប្រាប់​ឱ្យដឹងថា ខេត្តស្ទឹងត្រែង បានគិត​គូរ​យ៉ាង​ហ្មត់ចត់ លើ​ការរៀបចំ​ទីតាំង​វា​រី​វប្ប​កម្ម​ឱ្យមាន​លក្ខណៈ​សមស្រប ដើម្បី​ជំរុញ​ការ​បង្កាត់កូន​ត្រី​ពូជ​ឱ្យ​កាន់តែច្រើន និង​មានគុណ​ភា សម្រាប់​ផ្តល់​ដល់​ប្រជាកសិករ​។​

​លោក​បាន​បញ្ជាក់ថា ៖ «​នេះ​ជា​យុទ្ធវិធី​ជំរុញ​ឱ្យ​ផ្នែក​វារីវប្បកម្ម កាន់​តែមាន​កាលានុវត្តភាពឈានទៅ​ទទួលបាន​ជោគជ័យ ព្រោះ​នៅ​ខេត្តស្ទឹងត្រែង យើង​មាន​ទីតាំង​វារីវប្បកម្ម​ទំនើប​ប្រកបដោយ​ស្តង់ដា ដែល​បានផ្តល់​លទ្ធភាពគ្រប់គ្រាន់​សម្រាប់​មន្ត្រី​ជំនាញប្រើប្រាស់​បច្ចេកទេស​រប​ស់​ខ្លួន ធ្វើឱ្យ​សម្រេច​គោលដៅ​ដែល​ចង់បាន​»​។

​ជាមួយគ្នានេះដែរ លោក ប៊ុន​រ៉ា ស៊ី ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ​ស្ទឹងត្រែង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កន្លងមក​មន្ត្រី​ជំនាញ​ចិញ្ចឹម​ត្រី​មេ​ពូជ​បាន​ចំនួន​ជាង ​១០ ​ប្រភេទ​ហើយ ក្នុងនោះ​រួម​មាន​៖ ត្រី​អណ្តែង​អាហ្រ្វិក​, ត្រី​ខ្យ៉ា​, ត្រី​ទី​ឡា​ព្យ៉ា​, ត្រី​អណ្តែងទន់​, ត្រី​ប្រា​, ត្រី​ពោ​, ត្រី​កែស​, ត្រី​ព្រលូង​, ត្រី​ឆ្ពិន​, ត្រី​ក្រាញ់ និង​ត្រី​កាហែ​ជាដើម​។​

​លោក​បានឱ្យដឹងថា​៖ «​បច្ចុប្បន្ន​ក្នុងចំណោម​ត្រី ជាង ​​១០ ​ប្រភេទ​នេះ មាន​ត្រី​ ២ ​ប្រភេទ ដូចជា​ត្រី​អណ្តែង និង​ត្រី​ទីឡា​ព្យ៉ា​កំពុងដំណើរការ​លក់​ចេញ​ជូន​កសិករ​ចិញ្ចឹម​ត្រី​នៅក្នុង​ខេត្ត និង​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​បាន​តាម​តម្រូវការ​»​។​

​សូម​បញ្ចា​ក់ថា នៅ​មជ្ឈមណ្ឌល​វា​រី​​វប្បកម្ម​ស្ទឹងត្រែង មាន​ស្រះ​ចំនួន ២៤ ក្នុងនោះ​ស្រះ​ស្តុក​ត្រី​មេ​ពូជ​ធំ​ចំនួន ១, ស្រះ​កូន​ត្រី​ ១២, ស្រះ​ត្រី​មេ​ពូជ​ចំនួន​៦, ស្រះ​បំប៉ន​ត្រី​សាច់​ចំនួន ​៤ និង​ស្រះ​ចម្រោះ​ទឹក​កខ្វក់​ចំនួន ​១ ហើយ​លោក​រដ្ឋមន្ត្រី នឹង​ផ្តល់​ថវិកា ចំនួន​ ១ ​ម៉ឺន​ដុល្លារ ដើម្បី​បង្កើន​លទ្ធភាព​ឱ្យ​មន្ត្រី​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ពូជ​ឱ្យបាន​ច្រើន​ប្រភេទ​៕