​ភ្នំពេញៈ ​បណ្តាញ​ពង្រឹងសមត្ថភាព​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​និយាយ​ភាសា​បារាំង (RECEF)​ បាន​បោះឆ្នោត​គាំទ្រ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​.) ​របស់​កម្ពុជា ជា​សមាជិក​ពេញសិទ្ធិ​ជា​ឯកច្ឆន្ទ​នាពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ RECEF ក៏​ត្រៀមខ្លួន​មក​ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ​ផងដែរ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន រប​ស់គ​.​ជ​.​ប​.​នៅ​ថ្ងៃទី​ ២៨ ខែឧសភា បានឱ្យដឹងថា នាឱកាស​ចូលរួម ក្នុង​សិក្ខា​សាលា​អន្តរជាតិ​លើក​ទី​១១ ស្ដីពី​បែបបទ​នៃ​ការបោះឆ្នោត ដើម្បី​សម្រួលការ​ចូលរួម​រប​ស់​ម្ចាស់ឆ្នោត និង​ការរក្សា​ទំនុកចិត្ត និង​មហាសន្និបាត​លើក​ទី ​១០ ​របស់ RECEF ដែល​មានន័យថា បណ្តាញ​ពង្រឹង​សមត្ថ​ភាព​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​និយាយ​ភាសា​បារាំង គឺ​ គ​.​ជ​.​ប​.​ កម្ពុជា ត្រូវបាន RECEF បោះឆ្នោត​គាំទ្រ​ជាស​មា​ជិ​ក​ពេញសិទ្ធិ​ជា​ឯកច្ឆន្ទ​»​។​

​គ​.​ជ​.​ប​.​ បាន​បន្ដថា ការបោះ​ឆ្នោត​គាំទ្រ​ជា​សមាជិក​ពេញ​សិទ្ធិ​ជា​ឯកច្ឆន្ទ​នេះ ដោយ​កុង​សង់​ស៊ី​ស​សមាជិក​ចូលរួម​ទាំង​អស់​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ប៉ារីស សាធារណរដ្ឋ​បារាំង​។​

​សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា សមាជិក​ដែល​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​កម្ពុជា​រួមមាន ប្រទេស​ជា​សមាជិក​ចំនួន​ ២២ និង​ដៃគូ​ RECEF ចំនួន ​៣ គឺ​អង្គការ​អន្តរជាតិ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង OIF មាន​សមា​​ជិ​ក​សរុប​ ៨៨​ ប្រទេស​ដោយមាន​អ្នក​និយាយ​ភាសា​បារាំង​ក្នុង​ពិភពលោក​ចំនួន​ ៣១០​ លាន​នាក់ មជ្ឈមណ្ឌល​អឺរ៉ុប​គាំទ្រ​ការបោះឆ្នោត (ECEA) និង​ជំនួយការ​បោះឆ្នោត​អន្តរ​ជាតិ​សម្រាប់​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ (IDEA)​។​

​លោក ឌឹ​ម សុ​វណ្ណា​រុំ សមា​ជិ​ក គ​.​ជ​.​ប​.​ ប្រធាន​ក្រុម​ប្រតិកម្ម​ព័ត៌មាន និង​ជា​តំណាង គ​.​ជ​.​ប​.​បាន​ចូលរួម​ជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​នេះ​។ គ​.​ជ​.​ប​. ក៏បាន​បង្ហាញ​សន្លឹកឆ្នោត​ឆ្នាំ​ ២០១៨ និង​រូបភាព​ដំរី​ដឹក​សម្ភារ​បោះឆ្នោត​ក្នុង​ពិព័រណ៍​សន្លឹកឆ្នោត​នៃ​ប្រទេស​សមាជិក RECEF​។ ទន្ទឹមនឹងនេះ RECEF នឹងចូលរួម​សង្កេតមើល​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​ ៧ នា​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ផងដែរ​។​

​លោក​ សំ គ​ន្ធា​មី នាយក​ប្រតិ​ប​ត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​និក​ហ្វិ​ច បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៩ ខែឧសភា​ថា នេះ ជា​ចំណុច​ល្អ​សម្រាប់​គ​.​ជ​.​ប​.​កម្ពុជា ដែល​បាន​ពង្រីក​ខ្លួន​ចូលរួម​ជា​សមាជិក​ជាមួយ​បណ្តាញ​ពង្រឹងសមត្ថភាព​រៀបចំ​ការបោះឆ្នោត​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ (RECEF)​ ដោយ​បន្ថែមថា ព្រោះ​មានឱកាស​ក្នុងការ​រៀនសូត្រ និង​ដក​ពិសោធ​ពី​គេ​យកមកអនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក​បន្តថា នៅពេលដែល គ​.​ជ​.​ប​.​ បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​រួចរាល់ RECEF ក៏​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​របស់ខ្លួន​ដើម្បី​មក​ចូលរួម​សង្កេតការណ៍​នៅពេលដែល​កម្ពុជា​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ ​២០២៣ ខាងមុខ​ដែរ ដោយ​ពួកគេ​នឹង​ពិនិត្យ​ទៅលើ​អ្នកចូលរួម​ទៅ​បោះឆ្នោត ការរៀបចំ​ការបោះ​ឆ្នោត និង​បរិយាកាស​នៅក្នុងពេល​បោះឆ្នោត​ផងដែរ​។​

​សូមជម្រាបថា គ​.​ជ​.​ប​.​កម្ពុជា កាលពី​ថ្ងៃទី​ ២១ ខែឧសភា ឆ្នាំ​ ២០២៣​ បាន​ចាត់​តាំង​តំណាងឱ្យ​ចូលរួម​ក្នុង​សិក្ខាសាលា​អន្តរជាតិ​ស្ដីពី បែបបទ​នៃ​ការបោះឆ្នោត ដើម្បី​សម្រួលការ​ចូលរួម​រប​ស់​ម្ចាស់ឆ្នោត និង​ការរក្សា​ទំនុកចិត្ត​ដែល​សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំ​ឡើងជា មហាសន្និបាត​ប្រចាំឆ្នាំ​របស់ (RECEF) ​នៅក្នុង​ប្រទេស​បារាំង​។ ម​ហាស​ន្និ​​បាត​នេះ​គឺជា​អង្គ​កំពូល​នៃ​បណ្តាញ RECEF ដែលជា​ជំនួប​ភាសា ការលើក​សំណើ និង​ការផ្លាស់ប្តូរ​ព័ត៌មាន​ពី​សមាជិក​៕