ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញប្រកាសថា អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូប្រមាណ ​៣០០​ នាក់ នៅតែ​បន្ត​ទទួល​បានការ​គាំពារ​ពី​មូល​និ​ធិ​ត្រីចក្រយាន​កម្ពុជា ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធានកិត្តិយស ដោយ​ក្នុងនោះ ទទួលបាន​ប្រាក់ខែ​ជាប្រចាំ និង​សុខុមាលភាព បន្ទាប់ពី​មូលនិធិ​នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​ ២០១៨​។​

​កាលពី​ថ្ងៃទី​ ២៨ ខែឧសភា លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញបាន​នាំយក​អាវ​ភ្លៀង គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន ដើម្បី​ផ្តល់ជូន​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ប្រមាណ ​៣០០ ​នាក់ បន្ថែម​ពីលើ​ការឧបត្ថម្ភ​គាំពារ​ជាប្រចាំ​ទាំង​ជីវភាព និង​សុខុមាលភាព​។

​ក្នុងឱកាស​នោះ​លោក ម៉េ​ត មាស​ភក្តី ប្រកាសថា អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​ប្រមាណ​ ៣០០ ​នាក់ នឹង​នៅតែ​បន្ត​ទទួល​បានការ​គាំពារ​ពី​មូលនិធិ​ត្រី​ចក្រ​យាន​កម្ពុជា ដែលជា​ការគិតគូរ​ជាប្រចាំ​របស់លោក​នាយក​រដ្ឋ​មន្ត្រី ។ លោក ម៉េ​ត មាស​ភក្តី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៩ ឧសភា​ថា ចំពោះ​មូលនិធិ​ត្រី​ចក្រយាន​កម្ពុជា ដែល​អ្នក​ធាក់​​ស៊ីក្លូ នៅតែ​បន្ត​ទទួលបាន​គឺមាន​ជា​ប្រាក់ខែ​ជា​រៀងរាល់ខែ​ចំនួន​ ២១ ​ម៉ឺន​រៀល ដោយ​ក្នុង​ ១ ​ខែ​ពួកគាត់ អាច​បើក​បាន​ ៣ ​ដង ក្នុង ​១ ​ដង​ ៧ ម៉ឺន​រៀល និង​ការ​គាំពារ​សុខុមាលភាព​ដោយ​ឥតគិតថ្លៃ​។

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការគិតគូរ​ជាប្រចាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានកិត្តិយស​មូលនិធិ ក៏​ដោយសារ​រដូវវស្សា​ខិតជិត​មក​ដល់​ផងដែរ​នោះ ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​ចាត់តាំង​រូបខ្ញុំ នាំយក​អាវ​​ភ្លៀង គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន ផ្តល់ជូន​លោកពូ​លោក​អ៊ុំ​ជា​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ បន្ថែម​ពីលើ​ការឧបត្ថម្ភ​គាំពារ​ជាប្រចាំ​ទាំង​ជីវភាព និង​សុ​ខុ​មាល​ភាព​»​។​

​កាលពី​ឆ្នាំ​ ២០១៨ លោក ហ៊ុន សែន បានប្រកាស​បង្កើត​មូលនិធិ​ជា​លើកដំបូង ដើម្បី​ប្រមូល​ថវិកា​ពី​សប្បុរសជន ខណៈ​លោកក៏បានផ្តល់​ថវិកា​ជាប្រចាំ​ខែ​សម្រាប់​ផ្គត់ផ្គង់​អ្នកធាក់ស៊ីក្លូ ដែល​ភាគ​ច្រើន​ជា​ជន​ចាស់ជរា និង​គ្មាន​លំនៅដ្ឋាន សំដៅ​អភិរក្ស​ស៊ីក្លូ ដែលមាន​ដើមកំណើត តាំងពី​សម័យ​អាណានិគមនិយម​បារាំង​។ ទន្ទឹមនឹង​ការប្រកាស​នេះ លោក ម៉េ​ត មាស​ភក្តី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មូលនិធិ​ត្រីចក្រយាន​​កម្ពុជា​នេះ នឹងមាន​ជា​រៀងរហូតសម្រាប់​គាំទ្រ​ដល់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​កម្ពុជា​។​

​លោក អ៊ី​ម សម្បត្ដិ ប្រធាន​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ CCCA បាន​និយាយថា មូលនិធិ​ទាំងនេះ គឺជា​ចំណូល​បន្ថែម​សម្រាប់​អ្នក​ប្រកបរ​បរធាក់​ស៊ីក្លូ ក្នុង​ការជួយ​សម្រាល​ប​ន្ទុ​ក​របស់​ពួកគាត់​នៅក្នុង​អំឡុង​ពេលដែល​មិនសូវមាន​ភ្ញៀវទេសចរ​។ លោក​បាន​បន្តថា បើទោះបីជា​ការទទួលបាន​មូលនិធិ​នេះ​មិនបាន​ធ្វើឱ្យ​ជីវភាព​អ្នកធាក់ស៊ីក្លូ​ក្លាយជា​អ្នក​មានបាន​ក្តី ប៉ុន្តែ​មូលនិធិ​នេះ​បាន​ជួយ​សម្រួល​ឱ្យ​អ្នកធាក់ស៊ីក្លូ មាន​ប្រាក់​ប្រចាំខែ ប្រៀបបាន​ទៅនឹង​ប្រាក់​ចូល​និវត្តន៍​របស់ខ្លួន បើទោះជា​ពួក​គាត់ បាន​ធាក់​ស៊ីក្លូ ឬ​មិនមាន​ភ្ញៀវ​ក៏ដោយ​។​

​លោក​បាន​រៀបរាប់ថា​៖ «​មកដល់​ថ្ងៃនេះ ខ្ញុំ​សង្ឃឹមថា នឹងមាន​ត​ទៅមុខទៀត ដើម្បី​ជួយ​សម្រាល​ជីវភាព​អ្នកធាក់ស៊ីក្លូ មានន័យថា ថវិកា​ហ្នឹង ដូចជា​ប្រាក់​ចូលនិវត្តន៍​របស់គាត់​អ៊ីចឹង ទោះបី​គាត់​ធាក់​មិន​ធាក់​ក៏​គាត់​ទទួលបាន​រៀង​រាល់ ​១០ ​ថ្ងៃ គាត់​ទៅ​បើក​ម្តង ហើយ​បាន​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ទៀត​»​។​

​យ៉ាងណា​លោក អ៊ីម សម្បត្ដិ អំពាវនាវ​ឱ្យ​សាធារណជន​ចូលរួម​គាំទ្រ​ដល់​អ្នកធាក់ស៊ីក្លូ បើ​ទោះជា​កំពុង​ទទួលបាន​ការគាំទ្រ​ក៏ដោយ ព្រោះ​ការចូលរួម​គាំទ្រ​របស់​សាធារណជន គឺជា​ការ​​ចូលរួម​ជួយ​អភិរក្ស​ដល់​ស៊ីក្លូ​ឱ្យមាន​បន្តទៀត ហើយ​ការ​ចំណាយពេល​ជិះ​ស៊ីក្លូ​លេង​កម្សាន្ត ក៏បានផ្តល់​ជា​កម្លាំងចិត្ត​និង​ថវិកា​បន្តិច​បន្តួច​ដល់​ពួកគាត់ ស្របពេល​របរ​នេះ លែង​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ទៅហើយ​។

​លោក​បាន​រៀបរាប់​បន្តថា​៖ «​យើង​មានការ​គាំទ្រ​តែ​ភ្ញៀវ​បរទេស​ទេ ហើយ​ក្នុង​រដូវ​កាល​នេះ មិនសូវមាន​ភ្ញៀវ​បរទេស​ចរ​ទេ​។ អ៊ីចឹង​គាត់​រក​តាម​ដំណើរ​របស់គាត់ ហើយ​រំពឹង​ថវិកា​ពី​មូលនិធិ​នេះ ដើម្បី​ទ្រទ្រង់​ជីវភាព​។ ទម្រាំ​ដល់​ខែ ​៩ ទៅ​ខែ​ ១០ ដែលមាន​ភ្ញៀវទេសចរ​មកវិញ បាន​យើង​រៀបចំ​ជា​ក្រុមៗ ដើម្បីឱ្យ​ពួកគាត់​មាន​ភ្ញៀវ​ដឹក​។ យើង​ក៏​ចង់ឱ្យ​យុវជន​យើង​ចូលរួម​គាំទ្រ​ជិះ​ស៊ីក្លូ​ដែរ​»៕