​ភ្នំពេញៈ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក​ នេត្រ ភក្ត្រា បានបង្ហាញ​រូបភាព​សត្វ​កែះ ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​មាន​វត្តមាន​ក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា បន្ទាប់ពី​ទទួលបាន​ពី​មន្ត្រី​នៃ​អគ្គ​នាយកដ្ឋាន​តំបន់ការពារធម្មជាតិ​ដែល​បានដាក់​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ក្នុង​តំបន់​អភិរក្ស​កម្ពុជា​។

​លោក​ នេត្រ ភក្ត្រា បានឱ្យដឹងថា សត្វ​កែះ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះថ្នាក់​ជាស​កល និង​ជាស​ត្វ​ស្ថិតក្នុង​ឧបសម្ព័ន្ធ​ទី​១ របស់​អនុសញ្ញា​សាយ​តេស​។ គេ​មិនទាន់មាន​ទិន្នន័យ​ពិតប្រាកដ​ថា មាន​សត្វ​កែះ​ប៉ុន្មាន​ក្បាល​រស់​នៅ​កម្ពុជា​ទេ តែ​ប្រភេទ​សត្វ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត​ដោយសារតែ​ជាស​ត្វ​កម្រ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកឡើងថា យោងតាម​ការសិក្សា សត្វ​កែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ស្តើង ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង​ ៤ ​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាល​ជង្គង់​ចុះ​មាន​ពណ៌​ចម្រុះ​ខ្មៅ ប្រផេះ លឿង​។ នៅលើ​ពំនូក​ក្បាល​រហូតដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន ដូចជា​ប្រែង​។ វា​មាន​ស្នែង​ដូច​សត្វ​ពពែ ដុះ​កោង​ទៅក្រោយ​បន្តិច ប្រវែង​ប្រហែល​ ២៨០ ​ម​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។ កន្ទុយ​ខ្លី ហើយ​មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។​

​លោក ​នេត្រ ភក្ត្រា បាន​បន្តថា តាម​ការសិក្សា សត្វ​កែះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​​ថ្ម​ខ្ពស់ៗ​ដែលមាន​គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។​កែះ​មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោតៗ​។ នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក​តាម​គុម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅពេល​ព្រលឹម​ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។​

​សត្វ​កែះ​ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​ដោយសារ​គំនរ​លាមក​។ លោក​បញ្ជាក់ថា​៖ «​ដោយសារតែ​កែះ​ជាស​ត្វ​មាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់ ដូច្នេះ​គេ​កម្រ​នឹង​ជួបប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​សត្វ​កែះ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន​ ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់ពី​ពពោះ ៧​ ខែ​។ កូន​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ ​១​ ឆ្នាំ​ទើប​ចាកចេញ​»​។​

​លោក នេត្រ ភក្ត្រា បញ្ជាក់ថា បច្ចុប្បន្ន​សត្វ​កែះ​កំពុង​ប្រឈម​​មុខ​នឹង​ការបាត់បង់​ពូជ​ដោយ​សារ​ការ​បរបាញ់ ការដាក់​អន្ទាក់​និង​ការបាត់បង់​ទីជម្រក​។ លោក​ថ្លែងថា​៖ «​អ្វីដែល​ធ្វើឱ្យ​សត្វ​កែះ​រងគ្រោះ​ខ្លាំង​នោះ គឺ​ដោយសារ​តែ​ការ​ប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង​ក្នុង​ការជួញដូរ​ដោយ​សារ​តែ​ជំនឿ​»​។​

​លោក​បាន​លើកឡើងថា ការ​និយាយថា​ទេ​ចំពោះ​សាច់សត្វ និង​ផលិតផល​ពី​សត្វព្រៃ គឺ​មានន័យថា លោកអ្នក​បាន​ចូលរួម​បញ្ឈប់​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​។ សាច់​សត្វព្រៃ​គ្មានអ្វី​ល្អ​ឡើយ និង​មិនអាច​ប៉ូវ​កម្លាំង ឬ​ព្យាបាល​ជំងឺ​ដូច​ជំនឿ​មួយចំនួន​លើកឡើង​ឡើយ​៕