ភ្នំពេញៈ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រកាស​ធ្វើ​យុទ្ធនាការ​ ១ ​ម៉ឺន​រៀល ១​ ម៉ឺន​នាក់ សម្រាប់​កុមារ​កម្ពុជា រយៈពេល​ ៣០​ ថ្ងៃ ដើម្បី​ប្រមូល​ថវិកា​ពី​សប្បុរសជន​សម្រាប់រ​ក្សា​ឱ្យបាន​និរន្តរភាព​នៃ​កិច្ចដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង ៥ ​ទីតាំង​របស់ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​ដល់​ជីវិត​កុមារ​កម្ពុជា​។​

​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី ​២៩ ឧសភា របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ឱ្យដឹងថា ដើម្បី​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​ ១ ​មិថុនា មូល​និ​ធិ​គន្ធបុប្ផា​កម្ពុជា​នឹង​រៀបចំ​យុទ្ធ​នា​ការ “១​ ម៉ឺន​រៀល​ ១​ ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជា រយៈពេល​ ៣០ ​ថ្ងៃ ដោយ​ចាប់ដំណើរការ​ពីថ្ងៃ​ទី ​១ ដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​២០២៣​។

យុទ្ធនាការ​នេះ នឹង​ធ្វើឡើង​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​នានា រួមមាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​ឆា​ណែ​ល​តេ​ឡេ​ក្រាម ផ្លូវការ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ធនាគារ​ដៃគូ និង​ក្រុមហ៊ុន​ដៃគូ​សហការ ក៏ដូចជា​តាមរយៈ​សារ​ព័ត៌មាន​ជាច្រើន​ផងដែរ ក្នុង​គោលបំណង​កៀរគរ​ការបរិច្ចាគ​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជាបាន​បញ្ជាក់ថា​៖ «​យុទ្ធនាការ​“ ១ ​ម៉ឺន​រៀល ១​ ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជា គឺជា​យុទ្ធនាការ​ប្រចាំឆ្នាំ ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​កៀរគរ​ការបរិច្ចាគ ទោះ​តិចក្តី ច្រើនក្តី ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​រួមគ្នា​ផ្ដល់​ក្ដី​ស្រឡាញ់​ដល់​កុមារ​នៅ​កម្ពុជា​ជាពិសេស​ក្នុងឱកាស ទិវា​កុមារ​អន្តរជាតិ ១ ​មិថុនា ហើយ​យុទ្ធនាការ​នេះ ត្រូវបាន​រៀបចំ​ម្តង​រួចមកហើយ កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន និង​ទទួលបាន​ថវិកា​បរិច្ចាគ​ជាង​ ៣០ ​ម៉ឺន​ដុល្លារ​អាមេរិក​»​។​

​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​​បុប្ផា​កម្ពុជា បានឱ្យដឹង​នៅក្នុង​សេចក្តីជូនដំណឹង​ថា ក្នុង​ឆ្នាំ​ ២០២៣ ​នេះ​ក៏​មិន​ខុសពី​ឆ្នាំ​ ២០២២​ ដែរ មូលនិធិ​គន្ធបុប្ផា​កម្ពុជា គ្រោង​រៀបចំ​យុទ្ធនាការ​ “១ ​ម៉ឺន​រៀល ១ ​ម៉ឺន​នាក់​” ​ជាថ្មី​ម្តងទៀត​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២៣ ដោយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សប្បុរសជន នឹង​ចូល​រួម​កាន់តែច្រើន​ថែមទៀត​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​”​។

​លេខា​ធិ​​ការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជាបាន​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ ដើម្បី​រួមគ្នា​ផ្ដល់​ភាព​ញញឹម​ដល់​កុមារ​ដែលជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា តាមរយៈ​ការរក្សា​ឱ្យបាន​និរន្តរភាព​នៃ​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង ៥​ ទីតាំងនៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

មន្ទីរពេទ្យ​គន្ធបុប្ផា គឺជា​មន្ទីរពេទ្យ​កុមារ​ដែល​ត្រូវបាន​បង្កើត និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​កាលពី​ឆ្នាំ​ ១៩៩២ ដោយបាន​ព្យាបាល​កុមារ​រាប់លាន​នាក់ និង​ចំណាយ​ថវិកា​ជា​មធ្យម​ ៤០ ​លាន​ដុល្លារ​អាមេរិក ក្នុង ​១ ​ឆ្នាំៗ ដើម្បី​ធ្វើ​ប្រតិបត្តិការ​មនុស្សធម៌​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា ដោយ​ឥតគិតថ្លៃ​ប្រកបដោយ​គុណភាព និង​មិន​មានការ​រើស​​អើ​ង​។ នេះ​បើតាម​ការអះអាង​របស់​លេខាធិការដ្ឋាន​មូលនិធិ​​គន្ធបុប្ផា​កម្ពុជា​។​

​ក្នុងន័យនេះ មូលនិធិ​គន្ធបុប្ផា​​កម្ពុជា រំពឹងថា​៖ «​សូម​ជូនដំណឹង​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​, ក្រុម​​ហ៊ុន​ឯកជន និង​សប្បុរសជន​នានា ជាពិសេស​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ទាំងអស់ ចូលរួម​សហការ​ផ្សព្វផ្សាយ​អំពី​យុទ្ធនា​​ការ “១ ​ម៉ឺន​រៀល ១​ ម៉ឺន​នាក់​” និង​ចូលរួម​បរិច្ចាគ​ឱ្យបាន​ផុសផុល ដើម្បី​ជួយសង្គ្រោះ​កុមារ​។ ថវិកា​បរិច្ចាគ​របស់​លោកអ្នក​ពិតជា​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​»​។​

​យ៉ាងណាក្តី​បន្ទាប់ពី​យុទ្ធនាការ​នេះ ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ មាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាច្រើន​បាន​ចូលរួម​ថវិកា​របស់ខ្លួន​ជា​បន្តបន្ទាប់​ទៅ​គណនី​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ខណៈ​ពួកគេ បាន​បន្ត​ចែកចាយ​ព័ត៌មាន​ទាំងនេះ ដើម្បីឱ្យ​មានការ​ចូលរួម​បន្ថែមទៀត​ក្នុងន័យ​ជួយ​ជីវិត​កុមារ​កម្ពុជា​។​

​លោក ទុំ រ៉ា មន្ត្រី​មូលនិធិ​គន្ធ​បុ​ប្ជា​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៩ ឧសភា​ថា បន្ទាប់ពី​បាន​បង្ហោះ​ជា​សាធារណៈ មាន​អ្នក​ចូល​ថវិកា និង​ការចែករំលែក​រាប់ពាន់​នាក់ ខណៈដែល​យុទ្ធ​នា​ការ​ក្នុងឆ្នាំនេះ ហាក់​មាន​សម្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​។

​លោក​រៀបរាប់ថា​៖ «​នៅពេល​ឃើញ​មាន​សម្ទុះ​ចូលរួម​ច្រើន​បែបនេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដែល​បាន​ចូលរួម​ជាមួយ​យុទ្ធនា​ការ​នេះ ព្រោះ​អ្វីដែល​គាត់​បាន​ចូលរួម​គឺ​បាន​បម្រើ​ទៅដល់​សុខ​ភាព​កុមា​រទាំង​ ៥ ​ទីតាំង ដោយ​មិនបាន​រើសអើង​ក្នុង​ការទទួល​​យក​កុមារ​មក​ព្យាបាល​ទេ​។ ការ​គាំទ្រ​ផ្ទុះ​ខ្លាំង​មែនទែន ដែល​ទិ​ដ្ឋ​ភាព​នេះ ពីមុនៗ​មក មិនដែល​មាន​ទេ ហើយ​យុទ្ធនាការ​ក្នុងឆ្នាំនេះ​មានការ​ផុសផុល​មែនទែន​»​។​

​បើតាម​លោក ទុំ រ៉ា មូលនិធិ​គ​ន្ធា​បុ​ប្ជា​កម្ពុជា ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៨ ហើយ​ជា​មូលនិធិ ​១ ក្នុងចំណោម​មូល​និ​ធិ​ចំនួន​ ២ គឺ​មូលនិធិ Beat Richner ប្រទេស​ស្វ៊ី​ស ដើម្បី​រួមគ្នា​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៥ ​ខណៈ​ក្នុង​ឆ្នាំ​ ២០២២​ កន្លងមក​មូលនិធិ​គ​ន្ធា​បុ​ប្ជា​កម្ពុជា​បានទទួល​ថវិកា​ពី​សប្បុរសជន​ពី​គ្រប់ទិសទី​ប្រមាណ​ ១៨ ​លាន​ដុល្លារ​។​

​កញ្ញា ណ​យ ធានី ពលរដ្ឋ​ម្នាក់​ដែល​បាន​ចូលរួម​ថវិកា​បន្ទាប់ពី​ឃើញ​យុទ្ធនាការ​នេះ បាន​និយាយថា មូលហេតុ​ដែល​កញ្ញាចូលរួមពីព្រោះថា ពីមុនមក​កញ្ញាក៏​ធ្លាប់ជា​ក្មេង​ម្នាក់​ដែល​ធ្លាប់​ទទួលបាន​ការព្យាបាល​ពី​មន្ទីរពេទ្យ​នេះ​ដោយ​មិន​គិតថ្លៃ​ផងដែរ​។ ការចូលរួម​របស់​ក​ញ្ញា​ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​សម្រាប់​មន្ទី​រ​ពេទ្យ​ដែល​ជួយ​ទៅដល់​កុមារ​កម្ពុជា ខណៈ​កញ្ញា​យល់ថា ការចូលរួម​ម្នាក់​បន្តិច​ពី​ប្រជាពលរដ្ឋ​គ្រប់រូប គឺជា​ការចូលរួម​សម្រួល​ទៅដល់​ការចំណាយ​នានា​របស់​មន្ទីរពេទ្យ​ឱ្យ​បន្ដសកម្មភាព​នេះ​បានយូរ​អង្វែង​។

​កញ្ញាបញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ការបរិច្ចាគ​ថវិកា​សម្រាប់​យុទ្ធនាការ​នេះ អាចជួយ​សម្រួល​ទៅដល់​ការចំណាយ​នានា​របស់​មន្ទីរពេទ្យ​ឱ្យ​បន្ដស​កម្ម​ភាព​នេះ​បានយូរ និង​អាចជួយ​ឱ្យ​កុមារ​កម្ពុជា​ដែលមាន​ជំងឺ​ទោះ​ស្រាល​ក្ដី ធ្ងន់​ក្ដី ទទួល​បានការ​ព្យាបាល​ទាន់ពេលវេលា​។ មួយវិញទៀត​អាចឱ្យ​អ្នក​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​អាច​បញ្ជូន​កូន​មកកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​ដោយ​មិន​យកប្រាក់​»៕