ភ្នំពេញៈ​ ក្រសួង​ប្រៃ​សណីយ៍​និង​ទូរគម​នាគមន៍​ក្រសួង​បរិស្ថាន និង​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃការយោ​គយល់ ​(MoU)​ និង​កិច្ច​ព្រម​ព្រៀងចំនួន ១១ ដើម្បី​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សារ​ verif​y.gov.kh​។​

​យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណី​យ៍​ និង​ទូរគ​មនាគមន៍(​ក​.​ប​.​ទ​.)​បានឱ្យ​ដឹ​ងថា ពិធី​ចុះហត្ថ​លេខា​នេះ​ត្រូវបាន​ធ្វើ​ឡើង​រួមគ្នានៅថ្ងៃទី​៣១ ​ខែឧសភា ក្រោម​អធិបតី​និង​ហត្ថ​លេខីដោយ​លោកជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី ក​.​ប​.​ទ​. លោក​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​លោក សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​មាន​ការចូល​រួម​ពី​មន្ត្រី​នៃ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ទាំង​៩​ផងដែរ​។​

​អនុ​ស្សរ​ណៈ​នៃ​ការ​យោគ​យល់​និង​កិច្ច​ព្រម​ព្រៀងដែល​ត្រូវបាន​ចុះហត្ថលេ​ខា​នេះរួមមាន​៖​អនុស្សរ​ណៈ​នៃ​ការ​យោគយ​ល់​ស្តីពី​កិច្ច​សហប្រ​តិប​ត្តិការ​ដាក់​ឱ្យប្រើ​​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​verify.gov.kh,​​ការរៀបចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល ​និង​ការរៀ​បចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ការ​តភ្ជាប់​អ៊ីន​ធឺណិត ​រវាង​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគមន៍ ​និង​ក្រសួង​បរិស្ថាន​។​

​សេច​ក្តីប្រកាស​​ព័ត៌មាន​បាន​បន្តថា​ នាឱកា​ស​នោះ​ក៏មាន​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រ​តិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សារ verify​.gov.kh,​ការ​រៀប​ចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល ​និង​ការ​រៀប​ចំ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​និង​ការត​ភ្ជាប់​អ៊ីនធឺណិ​ត រ​វាង​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរ​គមនា​គម​ន៍ និង​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​៩​ផងដែរ​។​

​ការចុះអ​នុស្ស​រណៈ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង៤សំខាន់គឺការ​ដាក់​ឱ្យប្រើ​​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯក​សារ​ verify.gov.kh សម្រាប់​ផ្ទៀង​ផ្ទាត់​ឯកសារ​ចេញ​ដោយ​ក្រសួង​បរិស្ថាន​និង​សញ្ញាប​ត្រ​កម្រិត​ឧត្ដមសិ​ក្សា​ចេញ​ដោយ​គ្រឹះស្ថា​នឧ​ត្ដម​សិក្សា​នីមួយៗ​។​

​ការរៀ​បចំ​ប្រព័ន្ធ​គ្រប់​គ្រង​បច្ចេក​វិទ្យា​ឌីជី​ថល​សម្រាប់​ក្នុង​ក្រសួង​បរិស្ថាន​និង​នៅតា​ម​គ្រឹះស្ថានឧ​ត្ដម​សិក្សា​,រៀបចំ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​និង​ត​ភ្ជាប់​អ៊ីន​ធឺណិត​សម្រាប់​ការប្រើប្រា​ស់​ក្នុង​ក្រសួង​បរិស្ថាន​និង​នៅ​តាម​គ្រឹះស្ថា​ន និង​គោល​បំណង​ចុង​ក្រោយ​គឺ ​សហ​ការ​បណ្តុះ​បណ្តាល ផ្សព្វ​ផ្សាយ និង​ចែក​រំលែក​ចំណេះ​ដឹង​និង​បទ​ពិសោធន៍​ពាក់​ព័ន្ធ​នឹង​គោល​នយោបា​យ ច្បាប់​ លិខិត​បទដ្ឋាន​គតិយុ​ត្ត និង​បច្ចេក​វិទ្យា​ឌីជីថ​ល ចំពោះ​គ្រឹះ​ស្ថាន​ឧ​ត្ដម​សិក្សា​។

​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណី​យ៍​និង​ទូ​រគម​នាគមន៍​លោក ​ជា វ៉ាន់​ដេ​ត បានលើ​កឡើង​​នាឱកាស​នោះ​ថា ​នេះ​ជា​លើក​ទី​៤ ហើយ​ ដែល​ក​.​ប​.​ទ​.បាន​រៀបចំ​ពិធី​ចុះហ​ត្ថលេ​ខា​លើ​អនុស្សរ​ណៈ​និង​កិច្ចព្រម​ព្រៀង​ស្តីពី​កិច្ច​សហប្រ​តិបត្តិការ​ក្នុង​ការ​ដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ​ verify.gov.kh និង​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ក្រសួង ​ស្ថាប័​នរដ្ឋ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នេះ​។​

​លោក​បាន​បន្ត​ថា ​លើក​ទី​១ ត្រូវបាន​ធ្វើឡើ​ង​កាលពី​ថ្ងៃទី​៧ ​ខែមេសា ឆ្នាំ​​២០២៣ ជាមួយ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​, លើក​ទី​២ នៅ​ថ្ងៃទី​២ ​ខែឧសភា ​ឆ្នាំ​២០២៣ ជាមួយ​ក្រសួងក​សិកម្ម​ រុក្ខាប្រមាញ់ និង​នេសា​ទ លើក​ទី​៣ នៅ​ថ្ងៃទី​២២​ ខែឧសភា ឆ្នាំ​២០២៣ ​ជាមួ​យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​១១​។

​លោក​ជា វ៉ាន់​ដេ​ត បាន​បញ្ជាក់​ថា ៖ «​សរុប​ទាំង៤លើក​នេះ មាន​ក្រសួង​ចំនួន២​ និងគ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ចំនួន២១​ ដែល​ចុះ​អនុ​ស្សរ​ណៈ​និង​កិច្ច​ព្រម​ព្រៀង​ជាមួយ ក​.​ប​.​ទ​.»​។

​សូម​រំឭ​ក​ដែរ​ថា ថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ ​verify.gov.kh គឺជា​ថ្នាល​របស់​រាជ​រដ្ឋាភិ​បាលដែល​អភិវឌ្ឍ​ដោយក​.​ប​.​ទ​. និង​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ក្នុង​គោល​បំណង​លុប​បំបាត់​ការ​ក្លែង​បន្លំ​ឯកសារ​ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការ​ប្រើ​ប្រាស់និង​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ​នៃ​ឯក​សារ​ ផ្តល់​ទំនុក​ចិត្ត ចំណេញ​ពេល​វេលា និង​កាត់ប​ន្ថយ​ចំណាយ​នានា ​ព្រម​ទាំង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ស្រប​តាម​ឧ​ត្ត​មា​នុ​វត្តន៍​ជា​អន្តរ​ជាតិ​។

​បើតាម​ក្រសួង​​ប្រៃសណីយ៍​​និង​ទូរគ​មនាគ​មន៍ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំង​៩ដែល​បាន​ចុះ​MoU នាពេល​នេះ​រួ​មមាន​៖ វិទ្យា​ស្ថាន​ជាតិ​កសិ​កម្ម​ព្រែក​លៀប​,សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​​,សាកលវិ​ទ្យាល័យ​ភូមិន្ទ​កសិកម្ម​,សា​កលវិ​ទ្យាល័​យ​ស្វាយរៀ​ង​,សាក​លវិទ្យាល័​យ​ក្រចេះ​,បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជី​ថល​កម្ពុជា​,វិ​ទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​​,​វិទ្យាស្ថា​ន​បច្ចេក​វិទ្យា​កំពង់​ស្ពឺ និង​សាក​លវិ​ទ្យាល័យ​​ជាតិ​ជា​ស៊ីម​កំចាយ​មារ​៕