
យុវជន និងអ្នកធ្វើគោលនយោបាយនៅក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពីការលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ នៅថ្ងៃទី៣១ឧសភា។ ហេង ជីវ័ន
ភ្នំពេញៈ យុវជន និងអ្នកធ្វើគោលនយោបាយប្រមាណ ៥០ នាក់ បានជួបជជែកគ្នាក្នុងកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីរួមគ្នាលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ បន្ទាប់ពីបញ្ហាទាំងនេះ ត្រូវបានអះអាងថា នៅតែបន្តកើតឡើងនៅក្នុងសហគមន៍ ជាពិសេសសម្រាប់ក្មេងស្រី។
កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ អង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំកិច្ចសន្ទនាក្មេងស្រីដឹកនាំថ្នាក់ជាតិស្តីពី «ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ ដើម្បីលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ» ដែលមានយុវជន និងអ្នកធ្វើគោលនយោបាយចូលរួមប្រមាណ៥០ នាក់។
នៅក្នុងឱកាសនោះកញ្ញា ពៅ ស្រីណូ តំណាងកុមារ និងយុវជនមកពីខេត្តគោលដៅរួមមានខេត្តសៀមរាប ស្ទីងត្រែង និងរតនៈគីរី និងជាទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា បាននិយាយថា ទោះបីជាពួកខ្លួន ដែលភាគច្រើនជាក្មេងស្រី បានខិតខំចូលរួមដោះស្រាយ បញ្ហាដែលកុមារយុវជនជួបប្រទះក៏ដោយ ក៏ក្នុងនាមតំណាងកុមារយុវជន នៅតែមើលឃើញបញ្ហាប្រឈមអទិភាពមួយចំនួន ដូចជាការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅតែបន្តកើតមានឡើងនៅក្នុងសហគមន៍ ជាពិសេសសម្រាប់ក្មេងស្រី។
កញ្ញា បានបញ្ជាក់ថា៖«ដូច្នេះហើយវេទិការថ្នាក់ជាតិនាថ្ងៃនេះគឺជាឱកាសសម្រាប់កុមារយុវជនលើកយកបញ្ហាប្រឈម និងសំណូមពរមកពិភាក្សា និងស្វែងរកដំណោះស្រាយពីក្រសួងពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យមានការដោះស្រាយ និងលុបបំបាត់បញ្ហាដែលកុមារយុវជនជួបប្រទះកន្លងមក»។
កញ្ញា ពៅ ស្រីណូ សង្ឃឹមថា តាមរយៈវេទិកានេះក្រសួងពាក់ព័ន្ធ នឹងយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ស្វែងរកដំណោះស្រាយ និងផែនការរួមគ្នាមួយ ក្នុងការចូលរួមលុបបំបាត់ ការបោះបង់ការសិក្សានិងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ ដើម្បីលើកកម្ពស់សិទ្ធិក្មេងស្រីឱ្យទទួលបានឱកាសស្មើគ្នានិងសមភាពយេនឌ័រ។
កិច្ចសន្ទនាថ្នាក់ជាតិ ដែលបានធ្វើឡើងនៅអគារ ជីអាយអេ ជាន់ទី ៨ ដែលមានការចូលរួមពីសំណាក់អ្នកតំណាងក្រសួងចំនួន៣ រួមមាន ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ព្រមទាំងតំណាងអង្កការអន្តរជាតិ អង្គការដៃគូអភិវឌ្ឍ យុវជន និងកុមារ គឺជាផ្នែកមួយនៃកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ក្មេងស្រី តាមរយៈការបណ្តុះបណ្តាលស្តីពីភាពអង់អាច ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋសកម្ម និងការចូលរួមជាពលរដ្ឋ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកផ្នែកកម្មវិធី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បាននិយាយថា ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ នៅតែជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយ ជាពិសេសនៅតំបន់ជនបទ។
លោក បានបន្តថា កុមារី និងកុមារាវ័យជំទង់ងាយរងគ្រោះដោយសារបញ្ហាទាំង២នេះ ដែលបង្កឱ្យពួកគេមានហានិភ័យនាពេលអនាគត ដូចជាផលប៉ះពាល់សុខភាពរាងកាយ ការមានផ្ទៃពោះនៅវ័យក្មេង អំពើហិង្សាក្នុងគ្រួសារផ្អែកលើយេនឌ័រ និងការចុះខ្សោយនៃសេដ្ឋកិច្ចក្នុងគ្រួសារ។
លោក គឹមថាន ចាត់ទុកថា ការចូលរួមរបស់ក្មេងជំទង់ជាមួយអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ បង្កើតបរិយាកាស កាន់តែច្រើនប្រសើរសម្រាប់យុវជន ដើម្បីពិភាក្សាអំពីបញ្ហាដែលកើតឡើងនៅក្នុងសហគមន៍របស់ពួកគេ។ សំឡេងរបស់យុវជនជួយអ្នកបង្កើតគោលនយោបាយយល់ពីបញ្ហា ដើម្បីបង្កើតផែនការសកម្មភាពដែលដោះស្រាយបញ្ហាចំគោលដៅ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។
លោក បានបញ្ជាក់ថា៖«វេទិកានេះ បានផ្ដល់ឱកាសដល់យុវជនយុវតីបានលើកឡើងនូវបញ្ហាប្រឈមដែលពួកគេបានរកឃើញ នៅក្នុងសហគមន៍របស់ពួកគ និងដាក់ជូនជាយោបល់ស្នើសុំឱ្យភាគីពាក់ព័ន្ឋទាំងអស់បានពិចារណាឆ្លើយតបនូវរាល់បញ្ហាប្រឈមរបស់ពួកគេ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងសី និងសមភាពយេនឌ័រ និងឈានទៅដល់ការលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារនៅកម្ពុជា»។
តាមរយៈការធ្វើបទសម្ភាសន៍ដែលត្រូវបានធ្វើឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ និងយុវជនដែលមានអាយុពី១០ ដល់ ២៤ឆ្នាំ បង្ហាញថា មានមូលហេតុជាច្រើនដែលរួមចំណែកធ្វើឱ្យយុវជនបោះបង់ការសិក្សា។
មូលហេតុចម្បង គឺភាពក្រីក្រ និងភាពងាយរងគ្រោះ ការធ្លាក់ទឹកចិត្តពីការមើលឃើញថា ជាសិស្សខ្សោយ ការយល់ឃើញខុសរបស់ឪពុកម្តាយអំពីសារៈសំខាន់នៃការអប់រំរបស់កុមារ ភាពទាក់ទាញនៃការទទួលបានការងារ សុវត្ថិភាព និងបញ្ហាភូមិសាស្ត្រជាដើម។ នេះបើតាមការរកឃើញរបស់អង្គការភ្លែន។
ចំណែករបាយការណ៍វិភាគស្ថានភាពយុវជនឆ្នាំ២០២០ ដែលធ្វើឡើងដោយមូលនិធិសហប្រជាជាតិសសម្រាប់ប្រជាជន បានបង្ហាញថា យុវជនចំនួន២៩ភាគរយដែលមានអាយុពី១០ដល់២៤ ឆ្នាំបានបោះបង់ការសិក្សា ដែល ៣៨ភាគរយក្នុងចំណោមពួកគេ ជាសមាជិកនៅក្នុងគ្រួសារដែលមានប័ណ្ណសមធម៌។ ការរកឃើញដដែល ក៏បានបង្ហាញទៀតថា ស្ត្រីវ័យក្មេង ១៩ភាគរយបានរៀបការមុនអាយុ១៨ ឆ្នាំ ខណៈបុរសវ័យក្មេងមានតែ ៦ភាគរយ ប៉ុណ្ណោះ ហើយ១,៨ភាគរយនៃកុមារីរៀបការនៅអាយុ១៥ ឆ្នាំ។
លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងថា ការលើកកម្ពស់សិទ្ធិកុមារ និងកិច្ចការពារកុមារ ជាពិសេសការចូលរួមបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីអះអាងថា ការងារអាទិភាពនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ និងលិខិតបទដ្ឋានគតិយុត្តជាច្រើនដើម្បីធានាឱ្យមានភាពល្អប្រសើរឡើងនូវបរិយាកាសរៀនសូត្រល្អក្នុងសាលារៀន ហើយក៏ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងការក្លាយជាជនរងគ្រោះនៃការរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារដោយបង្ខំផងដែរ។
លោក ស្រី បានពញ្ជាក់ថា៖«យើងបាននិងកំពុងអនុវត្តគោលនយោបាយ ផែនការសកម្មភាព កម្មវិធី និងគម្រោងជាច្រើន សំដៅដោះស្រាយនិងឆ្លើយតបចំពោះតម្រូវការរបស់ស្រ្តី និងក្មេងស្រី ព្រមទាំងយុវវ័យនិងក្មេងវ័យជំទង់ទាំងស្រីប្រុស»។
បើតាមលោកស្រី ហ៊ូ សាមិត្ត ការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសំដៅរួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជាក៏ដូចជាការប្តេជ្ញាក្នុងការលុបបំបាត់អំពើហិង្សាទាក់ទង នឹងយេនឌ័រឱ្យធ្លាក់ដល់កម្រិតទាបបំផុត (សូន្យ) នៅឆ្នាំ ២០៣០ ដែលកម្ពុជារួមជាមួយនឹងប្រទេសជាង១៨០ ប្រទេស បានធ្វើការប្តេជ្ញាចិត្តរួមគ្នានៅក្នុងសន្និសីទអន្តរជាតិស្តីពីប្រជាជននិងការអភិវឌ្ឍន៍នៅទីក្រុងណៃរ៉ូប៊ី ប្រទេកេនីយ៉ា ការពីចុងឆ្នាំ ២០១៩។
លោកស្រី បានបញ្ជាក់៖«កម្ពុជា នឹងសម្រេចឱ្យបានសូន្យចំនួន៣នៅឆ្នាំ២០៣០ គឺ សូន្យទី១ ការលុបបំបាត់អត្រាមរណភាពមាតានៅពេលសម្រាលកូន សូន្យទី២ ការលុបបំបាត់កំណើតដែលមិនចង់បាន និងសូន្យទី៣ ការលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ»៕