​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធាន​​កា​រលើ​ក្រុមប្រឆាំង​ដែល​មានបំណង​ធ្វើបាតុកម្ម​និង​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ក្រៅប្រទេស ដើម្បី​តវ៉ា​ប្រឆាំងនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ ដែល​បាន​បដិសេធ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​ ២០២៣​។

​លោក ​ហ៊ុន សែន បានធ្វើការព្រមាន​ខ្លាំងៗ​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប​ និង​ស្ពាន​អាកាស​ឫស្សី​កែវ​នៅ​ថ្ងៃទី​ ៣១ ឧសភា​ បន្ទាប់ពី​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​បើក​យុទ្ធនាការ​តាម​ហ្វេ​ស​ប៊ុ​ក និង​ក្រុមប្រឆាំង​នៅក្នុង​ស្រុក គ្រោង​ធ្វើបាតុកម្ម​អហិង្សា​តវ៉ា​ប្រឆាំង គ​.​ជ​.​ប ដែល​បដិសេធ ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​មិនឱ្យ​ឈរឈ្មោះ​បោះឆ្នោត​។

​លោក ហ៊ុន សែន បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ថា លោក​ចង់ឱ្យ​ពលរដ្ឋ​បាន​ស្តាប់​នូវ​ការណែនាំ របស់​ «​ពួកក្បត់​ជាតិ​» ​នៅក្រៅ​ប្រទេស​ដែលមាន​ឈ្មោះ ឆាំ ឆា​នី ក្នុង​យុទ្ធនាការ​តាម​ហ្វេ​ស​​ប៊ុក​វាយ​សំដៅ​មកលើ​រូបលោក និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

លោកនាយក​រដ្ឋមន្ត្រីបាន​សង្កត់ធ្ងន់ថា ល្បិច​បំបែកបំបាក់ និង​ភាព​ពិសពុល​របស់​ក្រុម​នេះ នឹង​បង្កើតបាន​នូវ​ផល​អាក្រក់ សម្រាប់​ក្រុម​របស់​ពួកគេ​នៅក្នុង​ប្រទេស​ដែល​លោក ហ៊ុន សែន ថា «​នេះ​ជា​ផែនការ​របស់​ជន​ក្បត់ជាតិ​៣​ជំនាន់ [​សម រង្ស៊ី​]» ដែល​ត្រូវបាន​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បណ្តេញ​ចេញពី​ប្រទេស​នោះ​ផងដែរ នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែឧសភា ក្រោយពី​លោក សម រង្ស៊ី និង​ក្រុម​របស់គេ ប្រុង​រៀបចំ​កិច្ចប្រជុំ​នៅ​ទីនោះ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី មិន​អនុញ្ញាត​។​

​លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​សូម​ផ្តាំ​ទៅ​ឆា​នីថា សម្តេច ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី​។ លិខិតបញ្ជាក់​នោះ​ត្រូវបាន​សុំ​យោបល់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​ហើយ នេះ​ជា​សមត្ថកិច្ច​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ ឯ​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​វា​ជា​រឿង រប​ស់គ​.​ជ​.​ប​។ បើ​ពួក​អស់លោក​ល្ងង់ និង​គិតតែ​បោកប្រាស់​មួលបង្កាច់​បែបនេះ តើ​ពេលណា​ទើប​មាន​សេចក្តីសុខ​»​។

ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រីបាន​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា ជា​ដៃគូ​ប្រកួតប្រជែង មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការសម្រេច របស់ គ​.​ជ​.​ប និង​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះទេ​។ រីឯ​រាជរដ្ឋាភិបាល​ក៏​មិនអាច​ទៅ​ត្រួតត្រា​លើ​ស្ថាប័ន​ធម្មនុញ្ញ​បានដែរ ហើយ​កុំ​បន្ត​មានការ​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេស​ពីព្រោះ​សារ​របស់លោក គឺ​នៅ​តែមាន​តម្លៃ ដោយ​ត្រូវ​ចាប់ខ្លួន​យក​ទាំងអស់ អ្នក​ដែល​មក​បំផ្លាញ​ស្ថិរភាព​កម្ពុជា​។

​ជាមួយគ្នានេះ​លោកនាយក​រដ្ឋមន្ត្រី បាន​ផ្ដាំ​ទៅ ​«​ថៅកែ​ដឹក​នាំ​បាតុកម្ម​»​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ដែល​តែងតែ​ដឹក​នាំ​ធ្វើបាតុកម្ម​ដ៏​សកម្ម​នៅ​កម្ពុជា ដែលមាន​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ទៅនឹង គ​.​ជ​.​ប ទាក់ទង​នឹង​ការបដិសេធ​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​សម្រាប់​ការបោះឆ្នោត​ឆ្នាំ ​២០២៣ នេះ ឱ្យ​ត្រៀមខ្លួន​ចូល​គុក​សាជាថ្មី​ផងដែរ បើសិន​ជា​នៅតែ​រឹងទទឹង​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​។ ថៅកែ​ដឹកនាំ​បាតុកម្ម​នេះ មិនត្រូវ​បាន​លោក ហ៊ុន សែន លើកឡើង​ចំឈ្មោះ​ជា​អ្នកណា​នោះទេ ប៉ុន្តែ​ត្រូវបាន​គេ​ស្គាល់​ថា ជា​លោក​រ៉ុង ឈុន អនុប្រធាន​គណបក្ស​ភ្លើងទៀន​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​បា​តុ​កម្ម លោក រ៉ុង ឈុន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៣១ ខែឧសភា ថា ការសម្រេចចិត្ត​ធ្វើបាតុកម្ម​អហិង្សា​ប្រឆាំង​ទៅនឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត មិនមែនជា​ការសម្រេច​របស់លោក​តែម្នាក់ឯង​នោះទេ តែ​ជាការ​សម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​នាយក​របស់​គណបក្ស​ដែល​បាន​ប្រជុំ​នៅ​ថ្ងៃទី​ ២៨ ខែ​​ឧសភា ឆ្នាំ ២០២៣​។​

​លោក​បាន​បន្តថា ការសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​នាយ​ករប​ស់​គណបក្ស​មាន ៣ ​ចំណុច ក្នុងនោះ​គឺ​ការបង្ហាញ​ឆន្ទៈ​ក្នុងការ​ចូលរួម​បោះឆ្នោត​, ការដើរតាម​ផ្លូវច្បាប់​ដើម្បី​ទទួលបាន​សេចក្តីចម្លង​ពី​ក្រសួងមហាផ្ទៃ និង​ចំណុច​ចុងក្រោយ គឺ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។

​ទោះជា​យ៉ាងណា​លោក​ថា ចំពោះ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ ក៏​គណបក្ស​មិនចេះ​​តែ​ធ្វើ​នោះដែរ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ទើប​អាច​ធ្វើបាន​។ លោក រ៉ុង ឈុន ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់បាន​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ដែរ​ថា បើ​ក្រសួង​បដិសេធ យើង​នឹង​ដក​ឃ្លា​មក​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹក​នាំ​បន្ថែមទៀត ថា​តើ​យើង​ត្រូវ​រក​ច្រក​ណា ដើម្បី​ធ្វើ​យ៉ាងម៉េច ឱ្យ​គណបក្ស​បាន​ចូលរួម​ប្រកួតប្រជែង​នៅ​ថ្ងៃទី ​២៣ ខែកក្កដា​ខាងមុខ​»​។​

​បើតាម​លោក រ៉ុង ឈុន រហូតមកទល់​ពេលនេះ​គណបក្ស​ភ្លើង​ទៀន មិនទាន់បាន​ដាក់ពាក្យ​ស្នើ​សុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ទៅ​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នៅឡើយ​ទេ ខណៈ​ក្រុមការងា​របស់​គណបក្ស​កំពុង​ពិនិត្យ​លទ្ធភាព​នេះ​។

​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(​គ​.​ជ​.​ប​)​ បាន​ប្រាប់​នៅ​ថ្ងៃទី​ ៣១ ឧសភា​ថា គម្រោង​ធ្វើបាតុកម្ម​របស់​គណបក្ស​ភ្លើង​ទៀន​ស្នើ​សុំឱ្យ គ​.​ជ​.​ប ទទួល​ការ​ចុះឈ្មោះ​វិញ​នេះ គឺ​មិនអាច​ទៅរួច​នោះទេ ដោយសារតែ​ច្បាប់ និង​ប្រតិ​ទិននៃ​ការបោះឆ្នោត​មានដំណើរ​ការ​ទៅមុខ​ហើយ​។

លោក​ថ្លែងថា​៖ «​គ​.​ជ​.​ប ក៏​នឹងមិន​ធ្វើ​អ្វី​ដែលជា​ដំណើរការ​ខុសច្បាប់​នោះដែរ​។ អ៊ីចឹង បើ​ខាង​គណបក្ស​សាមី អាច​ស្នើសុំ​នូវ​លិខិត​ទាំងឡាយ​ដូចជា​ការធ្វើ​នូវ​ទុ​តិ​យ​តា ឬមួយ​ក៏​សេចក្តីប្រកាស​ដែល​ធ្វើ​នីត្យានុកូលកម្ម​ក៏ដោយ​នោះ ក៏​គឺជា​ការត្រៀមខ្លួន​ដើម្បី​ការបោះឆ្នោត​នីតិកាល​ទី​៨ ខាងមុខ​ទៀត​ទេ​»​។​

​ជុំវិញ​រឿង​គណបក្ស​ភ្លើងទៀន​មិនបាន​ចុះឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នា​ខែកក្កដា​ខាងមុខ​នេះដែរ​ប្រធាន​គណបក្ស ធ​ម្មា​ធិបតេយ្យ​លោកស្រី ពោធិ​តី សា​វ​ត្ថី ក៏បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​ ៣១ ខែឧសភា​ថា គណបក្ស​លោកស្រី គាំទ្រ​ការសម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង គ​.​ជ​.​ប ថា ​«​ជាការ​សម្រេច​ដោយ​ត្រឹមត្រូវ​បំផុត និង​ជា​ភ័ព្វសំណាង​របស់​ប្រទេស​កម្ពុជា​»​។ លោកស្រី​បាន​សង្កត់ធ្ងន់ថា ការមិន​គោរព​តាមច្បាប់ និង​គោរព​តាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ហើយ​បែរជា​ប្រកាស​កៀរគរ​ធ្វើបាតុកម្ម​នោះ​វា​គឺជា​ទង្វើ​មិន​ស្របច្បាប់​របស់​ប្រទេស​កម្ពុជា​នោះឡើយ​។​

​លោកស្រី​ថ្លែងថា​៖ «​ទោះបី​ពុំមាន​មួយ​នោះ ​(​គណបក្ស​ភ្លើង​ទៀន​) ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ ក៏​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌​ ​ដែលមាន​គណបក្សនយោបាយ​ចំនួន​ ១៨ ចូលរួម​បោះឆ្នោត​ប្រកួតប្រជែង​»​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ករណី​លោក សម រង្ស៊ី និង​បក្សពួក​វិញ យោងតាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក ហ្រ្វេស​ញូ​វ​បានឱ្យដឹងថា លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ីម នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​បញ្ជា​ដល់​មេ​ប៉ូលិស​ម៉ាឡេស៊ី ឱ្យ​បណ្តេញ​លោក​សម រង្ស៊ី និង​បក្សពួក ចេញ​ឱ្យ​ផុតពី​ប្រទេស​ម៉ាឡេស៊ី នៅវេលា​ម៉ោង​ ៩ ​ព្រឹក (​ម៉ោង​នៅ​ប្រទេស​ម៉ាឡេស៊ី​) ថ្ងៃទី​ ៣១ ខែឧសភា ឆ្នាំ​ ២០២៣​ បន្ទាប់ពី​ចូលមក​កាន់​ប្រទេស​នេះ ដើម្បី​ជួបប្រជុំ​ជាមួយ​អ្នកគាំទ្រ ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន និង​យន្តហោះ​ឯកជន​។​

​សូម​រំឭក​ដែរ​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា​ឆ្នាំ​ ២០២៣ បាន​បើកសវនាការ​សម្រេចសេចក្តី​តម្កល់​សេចក្តី​សម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ ដែល​មានន័យថា គណបក្ស​ភ្លើងទៀន មិនមាន​ភាពស្របច្បាប់ ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី ​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ខាងមុខ​នេះឡើយ​៕