
ឯកអគ្គរដ្ឋទូតរុស្ស៊ីក្នុងសន្និសីទកាសែតនៅថ្ងៃទី ៣១ ឧសភា។ ហេង ជីវ័ន
ភ្នំពេញៈ ស្ថានទូតរុស្ស៊ីបញ្ជាក់ថា រុស្ស៊ី-កម្ពុជា នៅតែបន្តបង្កើតកិច្ចព្រមព្រៀងថ្មីជាមួយគ្នាដែលនឹងជួយបង្កើនសក្តានុពលនៃទំនាក់ទំនងរុស្ស៊ី-កម្ពុជា បន្ទាប់ពីជាង ៣០ ឆ្នាំមកនេះ ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នាជាង ៤០ ច្បាប់។
លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៩០ រុស្ស៊ីនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាង ៤០ ច្បាប់។ ឯកសារទាំងនោះពាក់ព័ន្ធដល់វិស័យសេដ្ឋកិច្ចនយោបាយ និងសន្តិសុខ រួមទាំងការអនុវត្តច្បាប់ ការអប់រំ និងវប្បធម៌ ទំនាក់ទំនងរវាងរចនាសម្ព័ន្ធអាជីវកម្ម អង្គការវិទ្យាសាស្ត្រ និងសាធារណៈ។
លោកបានថ្លែងថា៖ «ជាទូទៅយើងយកចិត្តទុកដាក់ដល់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចហើយ។ ជាការពិតណាស់ មានទិសដៅមួយចំនួនដែលត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ប្រទេសរបស់យើងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា»។
លោក Anatoly Borovik ថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកម្ពុជា ស្ថានភាពជុំវិញប្រទេសអ៊ុយក្រែន ព្រមទាំងប្រធានបទសំខាន់ៗផ្សេងទៀតនៃគោលនយោបាយការបរទេសរុស្ស៊ី» នៅស្ថានទូតរុស្ស៊ីនាថ្ងៃទី ៣១ ខែឧសភា នៅរាជធានីភ្នំពេញ។
លោកបានបន្តថា៖ «ក្នុងបរិបទនេះ ជំងឺរាតត្បាតកូវីដ ១៩ បានបង្កការលំបាកមួយចំនួនដែលធ្វើឱ្យទំនាក់ទំនងប្រពៃណីរបស់យើងត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តបង្កើតកិច្ចព្រមព្រៀងថ្មី ដែលនឹងជួយបង្កើនសក្តានុពលនៃទំនាក់ទំនងរុស្ស៊ី-កម្ពុជា»។
លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា ប្រទេសរុស្ស៊ី និងកម្ពុជាភ្ជាប់ដោយទំនាក់ទំនងដ៏យូរអង្វែង និងសហការគ្នាក្នុងវិស័យជាច្រើន។ កាលពីឆ្នាំមុន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងអំឡុងពេលកិច្ចប្រជុំអាស៊ាន កម្ពុជា-រុស្ស៊ី បានអនុម័តសេចក្តីថ្លែងការណ៍រួម។
លោក Borovik ចាត់ទុកឯកសារនេះគឺជាការបញ្ជាក់ពីចេតនាក្នុងការបង្កើតការសន្ទនានយោបាយ ទំនាក់ទំនងជាប្រចាំរវាងរដ្ឋាភិបាល អន្តរសភា អាជ្ញាធរមូលដ្ឋាន និងអន្តរគណបក្សនយោបាយហើយថា៖ «យើងមានបំណងពង្រីកភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងវប្បធម៌ ការពារជាតិ និងសន្តិសុខ ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់អង្គការ និងក្រុមហ៊ុនលើគ្រប់វិស័យទាំងអស់»។
លោកបានបន្ថែមថា៖ «ជាការពិតណាស់ យើងយកចិត្តទុកដាក់ដល់ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗក្នុងរបៀបវារៈអន្តរជាតិ និងតំបន់។ ក្នុងករណីនេះ យើងផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
កាលពីថ្ងៃទី ១៣ ខែឧសភា ស្ថានទូតរុស្ស៊ី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រារព្ធខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំង ២។ លោក Borovik ថ្លែងថា៖ «យើងមានបំណងបន្តពង្រីកអន្តរកម្មរវាងរដ្ឋរបស់យើងក្នុងគ្រប់វិស័យទាំងអស់»។
ឆ្លើយតបសំណួរដែលសួរថា តើរុស្ស៊ីយល់ឃើញបែបណាដែរ ចំពោះការសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃទី ២៩ ខែឧសភា លោក Borovik បញ្ជាក់ថា រុស្ស៊ីគោរពបំណងរបស់កម្ពុជាក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសដទៃ។
លោកបានបន្ថែមថា៖ «ទន្ទឹមនឹងនេះព្រះរាជាណាចក្រកម្ពុជាក៏ដឹងពីគោលជំហររបស់យើងចំពោះស្ថានភាពជុំវិញអ៊ុយក្រែន។ ខ្ញុំជឿជាក់ថា ខែនេះរបបទីក្រុងកៀវ [អ៊ុយក្រែន] និងប្រទេសឧបត្ថម្ភលោកខាងលិចបានថ្លែងការណ៍ជាច្រើនហើយដែលបញ្ជាក់ពីការមិនត្រៀមខ្លួនរបស់ពួកគេសម្រាប់ការដោះស្រាយវិបត្តិដោយសន្តិវិធី»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា ទំនាក់ទំនងកម្ពុជា-រុស្ស៊ី គឺមិនបានធ្លាក់ចុះនោះទេ។ វាគឺជាទំនាក់ទំនងដែលជាមរតកតាំងពីសម័យសង្គ្រាមត្រជាក់។ កម្ពុជាក៏នៅតែផ្ដល់សារៈសំខាន់សម្រាប់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។ ទំនាក់ទំនងនេះអាចនិយាយបានថា ជាទំនាក់ទំនងយល់ចិត្តគ្នា។
លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថា បញ្ហាថ្មីៗនេះជុំវិញប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែននេះ ប្រហែលជាសេចក្តីថ្លែងការណ៍មួយចំនួនឬក៏សេចក្តីសម្រេចចិត្តមួយចំនួនរបស់កម្ពុជាហ្នឹង រុស្ស៊ីអាចយល់ពីអ្វីដែលកម្ពុជាធ្វើ ហើយខ្ញុំគិតថា វាមិនមានការប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្រទេសទាំង ២ ទេ»។
លោកបន្ថែមថា ទំនាក់ទំនងនិងកិច្ចសហការរវាងប្រទេសទាំង ២ ចាំបាច់ត្រូវជំរុញលើកកម្ពស់ឱ្យកាន់តែប្រសើរថែមទៀត។ ប្រសិនបើប្រទេសទាំង ២ មិនទាន់មានទំហំពាណិជ្ជកម្មធំទេគឺត្រូវជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្ដល់អាហារូបករណ៍ពីសំណាក់រុស្ស៊ីទៅដល់កម្ពុជាតាមរយៈការផ្លាស់ប្ដូរអ្នកសិក្សាស្រាវជ្រាវ តាមរយៈកម្មវិធី វេទិកាវិទ្យាសាស្ត្រនានារវាងប្រទេសទាំង ២៕