ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា ចាប់ផ្តើម​ប្រារព្ធ​ទិវា​កុមារ​អន្តរ​ជាតិ​ ១ ​មិថុនា​ឡើងវិញ ដើម្បី​អប​អរសាទរ និង​រំឭក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​កុមារ ក្រោយ​ខកខាន​រៀបចំ​អស់​រយៈពេល​ ៣ ​ឆ្នាំ ដោយសារ​វិបត្តិ​កូ​វីដ​ ១៩​។​

​តាមរយៈ​សារាចរ​ដែល​ចុះ​​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្តី​ការរៀបចំ​ខួប​លើក​ទី​៧៤ ​ទិវា​កុមារ​អន្តរជាតិ ​១​ មិថុនា ខួប​លើក​ទី២២ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២​ មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​ ២០២៣ របស់​រាជរដ្ឋាភិបាល ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ​៣០ ខែឧសភា ឆ្នាំ​ ២០២៣ បាន​បញ្ជាក់ថា អស់​រយៈពេល​ ៣ ​ឆ្នាំ​មកហើយ ដែល​កម្ពុជា​បាន​អាក់ខាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទាំងនេះ​។​

​លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ឆ្នាំនេះ​ដោយ​ស្ថាន​ភាព​បាន​ត្រឡប់មក​ប្រក្រតី​ឡើងវិញ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​ទាំងនេះ​ឡើងវិញ​ដើម្បី​អបអរសាទរ និង​រំឭក​ដល់​ការអនុវត្ត​សិទ្ធិ​ជា​មូល​​ដ្ឋា​ន​របស់​កុមារ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​រប​ស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ចំពោះ​កុមារ ស្របតាម​រដ្ឋធម្មនុញ្ញ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​ការ​​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាតិ និង​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ​ផ្សេងៗ​ទៀត​»​។

​ការ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ ១​ មិថុនា គឺជា​ការបង្ហាញ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មោះ​​មុត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​សុខុមាលភាព សិទ្ធិ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​​កម្ពុជា​ដែល​កម្ពុជា បានផ្តល់​សច្ចា​ប័ន​លើ​លិ​ខិ​តូ​បក​រណ៍​អន្តរជាតិ និង​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលជា​ច្បាប់កំពូល​របស់​ជាតិ​។​

​ប្រភព​ដដែល​បានលើកឡើង​ទៀតថា ចំពោះ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ ​មិថុនា​វិញ គឺជា​ការបង្កើន​ចលនា​ពិភពលោក​ប្រឆាំង​ពល​​កម្ម​កុមារ ដែល​បាន​ស្តែង​ឱ្យឃើញ​តាមរយៈ​ការផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្ដរ​ជាតិ​ស្តីពី​ការហាម​ប្រាម និង​សកម្មភាព​បន្ទាន់​សម្រាប់​ការ​​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​។

រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​៖ «​សម្រាប់​កម្ពុជា​វិញ យើង​ប្រារព្ធ​ទិវា​កុមារ​កម្ពុជា​នេះ​ឡើង ដើម្បី​លើកកម្ពស់ និង​ជំរុញ ការយកចិត្តទុកដាក់​ចំពោះ​សុ​ខុ​មាល​ភាព សុវត្ថិភាព និង​ការ​ការ​​ពារ​កុមារ​ពី​បញ្ហា​ប្រឈម និង​ការ​រំលោភបំពាន​ផ្សេងៗ​»​។​

​លោក ហ៊ុន សែន បន្តថា​៖ «​ជាពិសេស​រំឭក​មហា​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ក្នុងនោះ​កុមារ​ត្រូវ​បំបិទ​សិទ្ធិ​ទាំងស្រុង​ហើយ​ទទួលរង​ការកាប់​សម្លាប់ ធ្វើ​ទារុណកម្ម បង្ខំ​ឱ្យធ្វើ​​ការ​ជា​ទម្ងន់ បង្អត់អាហារ រស់នៅ​យ៉ាង​លំបាក​វេទនា​ដោយ​អ​យុ​ត្តិ​​ធម៌​ព្រមទាំង​បាន​បន្សល់ទុក​ផល​​ពិបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត​»​។

​ដើម្បី​អបអរសាទរ​ទិវា​ទាំងនេះ រាជរដ្ឋាភិបាល​ក៏បាន​ធ្វើការ​ណែ​នាំឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ចំណុច​សំខាន់ៗ​មួយចំនួន ដោយ​ក្នុងនោះ ខួប​លើក​ទី​ ៧៤​ ទិវា​កុមារ​អន្តរជាតិ ​១ ​មិថុនា ខួប​លើក​ទី​ ២២​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២ ​មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​ ២០២៣ ត្រូវ​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធានបទ «​យើង​រួមគ្នា​ថែរក្សា​ការពារ និង អភិវឌ្ឍ​កុមារ​គ្រប់រូប​ក្រោម​ម្លប់​សន្តិភាព​ក្នុង​យុគសម័យ​ឌីជីថល និង​យុត្តិធម៌​សង្គម​សម្រាប់​គ្រប់គ្នា​ដើម្បី​បញ្ចប់​ពលកម្ម​កុមារ​»​។​

​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​​ជន និង​យុវនីតិសម្បទា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​មី​ទ្ទិ​ង​ថ្នាក់ជាតិ និង​រៀបចំ​កម្មវិធី​កម្សាន្ដ​ផ្សេងៗ សម្រាប់​កុមារ​នៅ​រាជធានី​ភ្នំពេញ​។​

​បន្ថែម​ពីនេះ​រាជរដ្ឋាភិបាល ក៏បាន​ណែនាំ​ក្រសួង​ព័ត៌មាន​ត្រូវ​សហការ​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​​កម្ពុជា​ដើម្បី​កុមារ ឱ្យធ្វើ​ការណែនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​រដ្ឋ ឯកជន និង​បណ្ដាញសារព័ត៌មាន​ផ្សេងទៀត​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សង្គម​​ជាតិ​ទាំងមូល​ឱ្យ​ជ្រួតជ្រាប​ពី​ប្រវត្តិ និង​គោលបំណង​នៃ​ទិវា​កុមារ​អន្តរជាតិ​ ១​ មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ ​មិថុនា និង​ទិវា​កុមារ​កម្ពុជា​ឆ្នាំ​ ២០២៣​។​

​លោក ​ហ៊ុន សែន ​បាន​បញ្ជាក់ទៀតថា ៖ «​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រៀបចំ​មី​ទ្ទិ​ង ពិធី​ជួប​សំណេះសំណាល​ជាមួយ​កុមារ កម្មវិធី​កម្សាន្ត​សប្បាយ​របស់​កុមារ នៅតាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សា​រដ្ឋ ឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​គ្រប់​មណ្ឌលកុមារ​កំព្រា​នៅក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន​»​។​

​ចំណុច​សំខាន់​មួយទៀត​នោះ​គឺ គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈ ឯកជន ត្រូវ​ជ្រើសរើស​ទីតាំង សមស្រប និង​តាម​ដង​វិថី​សំខាន់ៗ​ដើម្បី​ចង​បដា​ពាក្យស្លោក​អបអរសាទរ​ខួប​លើក​ទី​ ៧៤​ ទិវា​​កុមារ​អន្តរជាតិ ១ ​មិថុនា ខួប​លើក​ទី​ ២២​ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ ១២ ​មិថុនា និង​ទិ​​វា​កុមារ​កម្ពុជា​ឆ្នាំ ​២០២៣ ​នេះ​។​

​ទាក់ទង​នឹង​ទិវា​កុមារ​អន្តរជាតិ​នេះដែរ នៅ​ថ្ងៃទី​ ១ ខែមិថុនា ក្រុម​ប្រឹក្សាជាតិ​កម្ពុជា ដើម្បី​កុមារ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​, ក្រសួង​អប់រំ​, សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ រួម​នឹង​ក្រសួង ស្ថាប័ន និង​អង្គ​ការមិន​មែនរដ្ឋាភិបាល​ជាតិ​អន្តរជាតិ​ជាច្រើន​ទៀត នឹង​រៀបចំ​ពិធី​មី​ទ្ទិ​ង​អបអរ​ខួប​លើក​ទី​ ៧៤ ទិវា​កុមារ​អន្តរជាតិ និង​ទិវា​កុមារ​កម្ពុជា ១ ​មិថុនា នាសា​លម​ហោ​ស្រព​នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ដែលមាន​សមាសភាព​ចូលរួម ប្រមាណ ៣ ០០០ ​នាក់​៕