ភ្នំពេញៈ​លោក ​ទៀ​ បា​ញ់ ឧ​បនា​យ​ករ​ដ្ឋម​ន្ត្រី​និង​ជា​រ​ដ្ឋម​ន្ត្រី​ក្រ​សួង​កា​រពា​រជា​តិ​នឹង​ដឹក​នាំគ​ណៈ​ប្រ​តិភូ​ជាន់​ខ្ពស់​នៃ​កង​យោ​ធព​ល​ខេម​រ​ភូ​មិន្ទ​ទៅ​ចូល​រួ​ម​ក្នុង​កិ​ច្ច​ប្រជុំ​កំពូ​លស​ន្តិ​សុ​ខលើ​ក​ទី២​០ ​នៅប្រ​ទេ​សសិង្ហបុរី នា​ដើមខែ​មិថុ​នា ខា​ងមុ​ខ​នេះ។

កិច្ច​ប្រជុំ​នេះអា​ច​នឹង​លើ​កឡើ​ងពី​បញ្ហា​ឥ​ណ្ឌូប៉ា​ស៊ី​ហ្វិក​ ភាព​ជាដៃ​គូ​ថ្មី ការអ​ភិវ​ឌ្ឍ​គំ​រូស​ម្រាប់​សន្តិ​សុខ​ជាដើ​ម​ ដែល​មាន​ការ​ចូល​រួ​ម​បណ្តា​មេដឹ​ក​នាំយោ​ធាក្នុ​ងតំ​បន់​អា​ស៊ី និ​ងប​ណ្តាប្រ​ទេ​សធំ​ៗ ដូ​ចជាស​ហរដ្ឋអា​មរិ​ក និង​ចិន​ផង​ដែរ។​

ការ​ចូល​រួ​មប្រជុំ​រប​ស់ភា​គី​កម្ពុ​ជា​នេះ ​ធ្វើឡើ​ងត​ប​តាម​ការ​អញ្ជើ​ញរ​បស់លោ​កប​ណ្ឌិត​ចន ឈីបមែន អគ្គនាយក និង​ជាប្រ​ធាន​ប្រតិ បត្តិ​នៃវិ​ទ្យាស្ថា​នអន្ត​រជា​តិ​សម្រា​ប់សិ​ក្សាយុ​ទ្ធសា​ស្រ្ត(IISS)ដែលជា​អ្ន​ករៀប​ចំកិ​ច្ចប្រ​ជុំកំ​ពូល​ស​ន្តិសុ​ខអា​ស៊ី​លើក​ទី២​០ ឬ​កិ​ច្ចស​ន្ទនា​សាំ​ងហ្គី​ឡា(​Shangri-La Dialogue)ចាប់ពី​ថ្ងៃទី​២ ​ដល់​ថ្ងៃ​ទី​៤ ​ខែមិ​ថុនា ​ឆ្នាំ​២០​២៣​។ នេះ​បើ​យោង​តាម​សេ​ចក្តី​ប្រ​កាស​ព័​ត៌មា​ន​រប​ស់ក្រ​សួ​ង​ការ​ពា​រជា​តិចុះ​ថ្ងៃទី​៣០ ​ខែឧ​សភា។​

ក្រសួង​បាន​ឱ្យដឹ​ងថា​ កិច្ច​ប្រជុំ​កំ​ពូល​នៅ​ឆ្នាំ២​០២​៣ នេះ​នឹង​មាន​កិច្ច​ពិភា​ក្សាក្នុ​ង​សម័​យ​ប្រជុំ​ពេ​ញអ​ង្គលើ​​ប្រធាន​បទ​សំ​ខាន់ៗ ដូច​ជា​បញ្ហា​ឥណ្ឌូ​-ប៉ាស៊ី​ហ្វិក​ ភា​ពជា​ដៃ​គូថ្មី​ ការ​អ​ភិវ​ឌ្ឍ​​គំរូ​សម្រា​ប់ស​ន្តិសុ​ខ ​ព្រម​ទាំ​ងកិ​ច្ច​ពិភា​ក្សាតូ​ចៗ​ក្នុង​សម័យ​ប្រជុំ​ពិ​សេស​ពាក់​ព័ន្ធ​នឹង​សន្តិសុ​ខប្រ​ព័​ន្ធអ៊ី​ន​ធឺណិ​ត កា​រអភិវ​ឌ្ឍស​មត្ថ​ភាព​យោ​ធា ការ​ធ្វើស​ម​តុល្យ​ភាព​ក្នុង​តំប​ន់​ជា​ដើម​។​

ក្នុង​កិច្ច​ប្រ​ជុំ​លើវិ​ស័​យោធា​នេះ លោ​កទៀ ​បាញ់​ នឹង​ធ្វើសេ​ចក្តី​ថ្លែង​ការ​ណ៍នៅ​ស​ម័យ​ប្រជុំ​ពេញ​អ​ង្គទី​៧ស្តី​ពី​«ការអភិវឌ្ឍ​គំរូ​សម្រា​ប់​ស​ន្តិសុ​ខ​ប្រ​កប​ដោ​យ​សហ​ប្រតិ​បត្តិ​ការ»ផង​ដែរ ដោយ​ផ្តោត​លើប​ញ្ហាប្រ​ឈម​នា​នាដែល​អាច​កើត​ឡើង​ចេញ​ពីកា​រ​អភិ​វ​ឌ្ឍ​វិ​ស័​យ​យោធា​យ៉ា​ង​លឿន​ក្នុង​តំ​បន់ ​និង​មុខ​ងារ​ដែ​លមាន​ស​មត្ថ​ភាព​ថ្មីៗទាំ​ងនេះ​ ​អាច​ដើរ​តួនា​ទី​ក្នុង​ការ​រក្សា​តុល្យភាព ស្ថិរភាព​តំបន់។​

ក្រៅពី​កិច្ច​ប្រ​ជុំ​កំ​ពូល​នេះ​ លោក​ទៀ ​បាញ់ ក៏​នឹង​មា​នជំ​នួប​ទ្វេ​ភាគី​ ជាមួ​យនឹ​ង​រដ្ឋមន្ត្រី​ការ​ពា​រជា​តិរ​ប​ស់ប្រ​ទេ​ស​មួយ​ចំនួ​ន​ដូច​ជា អូស្រ្តា​លី សិង្ហ​បុរី​ និង​ចិន​ ព្រ​មទាំ​ងទ​ទួល​ជួ​បស​ម្តែ​ង​កា​រ​គួរ​សម​ជាមួ​យ​ឥស្ស​រជ​នសំ​ខា​ន់ៗប្រចាំ​តំប​ន់​អាស៊ី​ប៉ាស៊ី​​ហ្វិក​ផង​ដែរ។​

រ​ដ្ឋ​មន្ត្រី​កា​រពា​រ​ជាតិ​អា​មេរិ​កនឹងមា​ន​កិច្ច​ប្រ​ជុំរួ​មមួ​យផ​ង​ដែរ​ ជាមួ​យនឹ​ង​​ប​ណ្តា​រដ្ឋ​ម​ន្ត្រីការ​ពារ​ជា​តិនៃ​តំបន់​អាស៊ានមួយចំ​នួនផងដែរ ក្នុង​អំ​ឡុង​កិច្ច​សន្ទនា​សាំង​ហ្គីឡា​នេះ​។​

កិច្ច​សន្ទ​នា​ អាយ​អា​យ​អេស​អេ​ស​សាំង​ហ្គីឡា​(IISS Shangri-La) របស់​វិទ្យា​ស្ថា​ន​អន្តរជា​តិ​សម្រា​ប់​សិក្សា​យុទ្ធ​សា​ស្រ្ត ​ជា​កិច្ច​ប្រ​ជុំកំ​ពូ​ល​ផ្នែក​កា​រពា​រ​ជា​តិរ​បស់​អាស៊ី​ ដែ​ល​ជាវេ​ទិ​កា​តែ​១​គត់​ ដែ​លប្រ​មូ​ល​ផ្តុំដោ​យប​ណ្តា​រដ្ឋ​មន្ត្រី​ការពា​រជា​តិក្នុង​តំបន់ មក​ជួប​ជុំ​ពិភា​ក្សា​ពី​បញ្ហា​ប្រ​ឈម​នា​នា​ផ្នែក​ស​ន្តិសុខដែល​កំ​ពុង​មា​នភា​ពតា​ន​តឹ​ង​ក្នុង​តំ​បន់​ និ​ងជាអាចធ្វើកិច្ចពិ​ភា​ក្សា​ទ្វេភាគី​នានា​ផង ក្នុង​គោល​ដៅប​ង្កើត​វិ​ធីសា​ស្រ្តថ្មី​ៗ​រួមគ្នា​ដើ​ម្បីដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ដែ​ល​ចោទ​ឡើង។​

លោក​គិន ​ភា ​ប្រធា​នវិ​ទ្យា​ស្ថាន​ទំនា​ក់ទំ​ន​ង​អន្ត​រ​ជាតិ​នៃ​រាជ​ប​ណ្ឌិ​ត្យស​ភា​កម្ពុ​ជា​បា​ន​ប្រាប់​ឱ្យដឹង​ថា កិ​ច្ចស​ន្ទ​នាសាំ​ង​ហ្គី​ឡា ជាវេ​ទិ​កា​ដ៏​សំខា​ន់​ក្នុង​វិស័​យ​សន្តិ​សុខ​ដែល​មា​នកា​រ​ចូល​រួម​ពីប​ណ្តាមេ​ដឹក​នាំ​ និង​បញ្ញ​វ​ន្ត​ក្នុង​តំ​បន់​ និ​ងប្រ​ទេ​សធំ​ៗ ​លើក​ឡើង​ពីប​ញ្ហា​ប្រឈ​ម និ​ងប​ញ្ហា​សំ​ខាន់​ផ្នែ​កយោ​ធា។​

លោក​គិន ភា បា​ន​យល់​ឃើញថា ​វេទិកា​នេះ​អាច​ដើរ​តួ​នាទី​សំខាន់​ក្នុងកា​រនាំ​យ​កម​ក​ដំណោះ​ស្រាយ​ដើម្បី​គោ​លដៅ​ស្វែង​រក​សន្តិ​ភាព ​ស្ថិរ​ភា​ពក្នុ​ង​តំប​ន់​ពិភ​ពលោ​ក។ ប៉ុន្តែលោ​កខ្លា​ចក្រែ​ងគេ​ប្រើវេ​ទិកា​នេះដើ​ម្បីវា​យប្រ​ហារ​គ្នា បង្ក​កម្តៅ​ដាក់​គ្នា ​ពាក់​ព័ន្ធ​ប​ញ្ហាស​ន្តិ​សុខ​ ដែ​លអា​ច​នាំ​ម​ក​អស្ថិ​រ​ភាព​តំ​បន់ ដែ​ល​គេគួ​រចៀ​សវាង។​

​លោកបា​ន​លើក​ឡើង​ថា៖«ជាទូទៅ​កម្ពុ​ជា​តែង​ផ្តល់​ទស្ស​ន​ទាន​សន្តិ​ភាព​និយ​ម តែ​ងប្រា​ថ្នាច​ង់ឃើ​ញស្ថិ​រភា​ពក្នុ​ងតំ​បន់​ ក៏​ដូច​ជាពិ​ភ​ពលោ​ក ព្រោះប្រ​ទេ​សតូ​ច​ដូច​ក​ម្ពុ​ជា​មិន​ច​ង់ឃើ​ញ​កា​រ​ប្រកួ​ត​ប្រជែ​ង​ដែល​អាច​បង្ក​ហា​និភ័យទៅ​ដល់​សន្តិ​សុខ​ និង​ស្ថិរ​ភា​ពនោះ​ទេ​»។ ​

ជាទ​ស្សនៈផ្ទា​ល់​ខ្លួន លោក​គិន ភា យ​ល់ថា​ ប​ញ្ហាប្រ​កួត​ប្រជែ​ងឥ​ទ្ធិព​ល​ចិន ​និង​ស​ហ​រដ្ឋ​អា​មេរិ​ក ​នឹង​អាច​ជា​ប្រធាន​បទ​ក្តៅ​ក្នុង​ជំ​នួប​កំ​ពូ​លស​ន្តិ​សុ​ខ​លើក​ទី​២០​នេះ ​ពិសេ​ស​សម្រា​ប់​បណ្តា​ប្រទេ​ស​អាស៊ី​អា​គ្នេយ៍​។ ក្រៅពី​នេះ ​អា​ចមាន​ការ​លើកឡើ​ង​ពីវិ​បត្តិ​រុស្ស៊ី-អ៊ុយ​ក្រែន​ ​វិប​ត្តិ​កោះតៃ​វ៉ាន់​ និ​ងប​ញ្ហាមិ​ន​មែន​ប្រពៃ​ណី​តួយ៉ា​ង​ វិ​ប​ត្តិអា​កា​សធា​តុ​ ​បញ្ហា​អន្តោ​​ប្រវេ​ស​ន៍ និងបញ្ហាភេរវ​កម្មជា​ដើម។​

យោង​តាម​គេហទំ​ព័រ​I​IS​Sនៅ​ថ្ងៃ​ទី​៣០​ ​ខែ​ឧ​សភា​ បា​នឱ្យ​ដឹង​ថា ​លោកEvan A.Laksmana អ្នកស្រាវជ្រាវរបស់វិទ្យាស្ថាន​អន្តរ​ជា​តិស​ម្រា​ប់​សិ​ក្សា​យុទ្ធ​សា​ស្រ្ត​(IISS)​បាន​លើក​ឡើងថា ​ក្នុង​កិច្ច​ស​ន្ទនា​សាំង​ហ្គីឡា មេ​ដឹក​នាំ​យោ​ធាអាស៊ា​ននឹង​ស្វែង​រក​តុល្យ​ភាព​រវា​ង​ឥទ្ធិ​ព​ល​ចិន និង​សហ​រ​ដ្ឋ​អាមេ​រិក ហើយ​ចង់​ឱ្យ​ក្រុ​ងវ៉ា​ស៊ីន​តោន និ​ងប៉េកាំ​ងបើ​ក​លម្ហ​ទំនាក់​ទំន​ង​ឱ្យ​ប្រ​សើរ​ឡើង​វិញ​ដែ​ល​ជារឿ​ង​ពិបា​ក​ទៅរួច។ ​​

លោក​​យល់ថា ភាគី​អា​ស៊ាន​អាច​នឹងស​ង្កត់​ធ្ងន់​លើ​ត​ម្រូវ​កា​ររ​បស់​ភាគី​ចូ​លរួ​ម ​ដើ​ម្បីកែ​ល​ម្អស​ហ​ប្រ​តិបត្តិ​ការ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈ​ម​ផ្នែ​ក​សន្តិ​សុ​ខ៕