សៀមរាបៈ ​អង្គ​ការ​សម្អាត​ទន្លេ​សមុទ្រ​បាន​អះ​អាង​ថា ត្រឹម​រយៈពេល​ ៣ ខែ សំណល់​ប្លា​ស្ទិ​ក​ចំនួន ​៣០​ តោន ត្រូវ​បាន​ក្រុម​ការងារ​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ប្រមូល​ចេញពី​ច្រាំង​ និង​ផ្ទះ​បណ្តែត​ទឹក​ក្នុង​តំបន់​បឹង​ទន្លេ​សាប ស្ថិត​ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ​ខេត្ត​សៀម​រាប ដើម្បី​យក​ទៅ​​កែច្នៃ​ប្រើ​ប្រាស់​ឡើង​វិញ​។

​លោក​ នូ សុវណ្ណ នាយក​ប្រតិ​បត្តិ​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១ មិថុនា​ថា បន្ទាប់​ពី​ពង្រីក​បេសក​កម្ម​របស់​ខ្លួន​ទៅដល់​តំបន់​បឹង​ទន្លេ​សាប ​ក្រុម​ការងារ​បាន​ប្រមូល​សំរាម​ចេញ​ពី​តំបន់​បឹង​ទន្លេ​សាប​ជា​បន្ត​បន្ទាប់ ​ដោយ​គិត​ចាប់​ពី​ខែមីនា មក​ទល់​ខែ​ឧសភា ​គឺមាន​ចំនួន​៣០​តោន​។

លោក​បាន​ឱ្យដឹង​បន្ត​ថា សំរាម​ទាំង​នេះ ​គឺ​ត្រូវបាន​អ្នក​ស្ម័គ្រ​ចិត្ត ប្រជា​សហ​គមន៍ និង​អាជ្ញាធរ​មួល​ដ្ឋាន​ រួមគ្នា​ប្រមូល​ចេញពី​ច្រាំង និង​ផ្ទះ​បណ្តែត​ទឹក រួម​ទាំង​សំរាម​ដែល​បណ្តែត​នៅ​ក្នុង​ទឹក​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា៖​«​មក​ទល់​ពេល​នេះ ​យើង​ចាប់​ផ្តើម​ប្រមូល​សំរាម​បាន​៣០​តោន​ តាំង​ពី​ខែមីនា ​ដល់​ខែ​ឧសភា​ ដែល​មាន​រ​យៈពេល​៣ខែ នៅ​ក្នុង​សង្កាត់​ចុង​ឃ្នៀ​ស ដែល​ជា​តំបន់​ទេស​ចរណ៍ ​អាច​ទៅ​កម្សាន្ត​បាន តាម​រយៈ​កា​រមើល​ថ្ងៃ​លិច ទស្ស​នា​ផ្ទះ​បណ្តែត​ទឹក និង​ប្រជា​សហ​គមន៍​ប្រកប​របរ​នេ​សាទ​»​។​

​បន្ថែម​ពីនេះ ​លោកបាន​អះ​អាង​ថា ដោយ​សារ​តែ​តំបន់​ចុង​ឃ្នៀ​ស ជា​តំបន់​ទេស​ចរណ៍​ដែល​មាន​សកម្មភាព​ជា​ច្រើន ជា​ពិសេស​ក៏​ជា​កន្លែង​ដែល​ប្រជា​សហ​គមន៍​ប្រកប​របរ​នេសាទ​ផង​នោះ​បាន​ធ្វើឱ្យ​បញ្ហា​សំរាម ជា​ពិសេស​ថង់​ប្លា​ស្ទិ​កត្រូ​វបាន​បោះ​ចោល​នៅតាម​មាត់ទ​ន្លេ និង​ស្ទឹង​នាំឱ្យ​ហូរ​ចូល​ទន្លេ​ជាច្រើន​​រៀងរាល់​ថ្ងៃ​។​

​លោក​បាន​ថ្លែង​ថា​៖«​ដោយសា​រ​មើល​ឃើញ​ពី​បញ្ហា​ដែល​បង្ក​ដល់​ជីវចម្រុះ​ទន្លេ​សាប​យ៉ាង​ខ្លាំង ទើប​យើង​បាន​សហ​ការ​ជាមួយ​សាលា​សង្កាត់​ចុង​ឃ្នៀ​ស និង​យុវជន ដោយ​បាន​ផ្តល់​ជា​កញ្ចប់​ថវិកា​គាំទ្រ​ផ្នែក​បច្ចេក​ទេស ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យមាន​ការ​ប្រមូល​សំរាម​ទាំង​នោះ​ចេញ​យក​មកប្រើ​​ប្រាស់​ឡើង​វិញនិង​បំ​ប្លែង​ទៅជាថាម​ពល​»​។​

​ជា​មួយ​នេះដែ​រ លោ​កនូ សុវណ្ណ អំពាវនា​វ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​បន្ថែម​ទៀត និ​ង​ងាក​មក​​ទុក​ដាក់​សំរាម ​ឱ្យបាន​ត្រឹម​ត្រូវ​ហើយ​ចូលរួម​ថែរក្សា​អនា​ម័យ​បរិស្ថាន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ និង​ការរស់​នៅ​ប្រកប​ដោយ​ផា​សុក​ភាព​។​

​លោក​ម៉ៃ មាន ជា​យុវជន​ទទួល​បន្ទុក​ផ្នែក​អនា​ម័យ​ក្នុង​តំបន់​ចុង​ឃ្នៀ​សបាន​និយាយ​នៅ​ថ្ងៃទី​១ មិថុនា​ថា សំរាម​ទាំង​៣០​តោន​នេះគឺ​ត្រូវ​បាន​ប្រមូល​ចេញពី​ក្នុង​ទឹក​ដើម្បី​យកទៅ​ទុក​នៅ​កន្លែង​រក្សា​សំរាម​នៃ​មជ្ឈ

មណ្ឌល​បែង​ចែក និង​កែច្នៃ​សំរាម​របស់​សហ​គមន៍​ចុង​ឃ្នៀ​ស មុននឹ​ង​ដឹក​បន្ត​យក​ទៅ​កែច្នៃ​។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​សំរាម​ទាំង​នោះត្រូ​វបាន​ដឹក​ចេញពី​ស​ហគមន៍​រួច ក្រុម​ការងារ​​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​ដៃគូ និង​​អាជ្ញា​ធរ​មូល​ដ្ឋាន​ រួមគ្នា​បន្ត​សកម្ម​ភាព​ក្នុងការ​ប្រមូល​សំរាម​ជា​បន្ត​ទៀត ​ហើយ​សកម្មភាព​ទាំងនេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់ថ្ងៃ​ ដើម្បី​ធានា​ថា តំបន់​ទេស​ចរណ៍​ចុង​ឃ្នៀ​ស គ្មាន​សំរាម​ប្លា​ស្ទិ​ក​។​

​លោក​បាន​បញ្ជាក់​ថា​៖«​យើង​ប្រមូល​ពី​ក្នុង​ទឹក ហើយ​យ​កទៅ​ដាក់​ទីលា​ន ដើម្បី​ហាល​ឱ្យ​ស្ងួត​មុន​ច្រក​ចូល​កា​រុង​រក្សាទុក​ក្នុង​ឃ្លាំង​។ បន្ទាប់​មក គឺ​យើង​មិន​កំណត់​ថា យើង​ស្តុក​ពេញ​១ឃ្លាំងៗទើប​យក​ចេញ​ទេ គឺ​ខាង​អង្គការ​សម្អាត​ទន្លេ​សមុទ្រ នឹង​ជួយ​ដឹក​ជ​ញ្ជូន​ចេញពី​ឃ្លាំង​ម្តង​១​ឡានៗ (​១​ឡាន​ប្រមាណ​១០តោន​)​។ គាត់​នឹង​យក​សំរាម​ទាំង​នោះ​ចេញពី​តំបន់​យើង​ដើម្បី​យកទៅ​កែច្នៃ​បន្ត​»​។​

​បើតា​មលោ​ក ​ម៉ៃ មាន ដោយសារ​តែមា​ន​សកម្ម​ភាព​ទាំង​នេះហើ​យ ទើប​មកទល់​បច្ចុប្បន្ន ​សំរាម​មិន​ត្រូវបា​ន​កក​ស្ទះ ​ហើយ​បើ​ប្រៀប​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំមុ​នគឺ​ហាក់​មាន​ការ​ថ​យចុះ​ ព្រោះតែ​សំរាម​​ដែល​ប្រមូល​បាន គឺ​ត្រូវបាន​ដឹក​ចេញពី​តំបន់​សហ​គមន៍​ជា​បន្តបន្ទា​ប់​។

​លោ​កបាន​បញ្ជាក់​ថា​៖«​ឥឡូ​វ​សំរាម​មានកា​រ​ថ​យចុះ និង​មាន​លក្ខណៈ​ធូរស្រាល​ជាង​មុន ព្រោះតែ​​សំរាម​ដែល​យើង​ប្រមូល​បាន​ពី​ក្នុង​ទឹកពី​តាម​ផ្ទះ និង​តាម​ច្រាំង​នានា ​មិន​មាន​ការកក​ស្ទះ​ដោយ​សារ​មាន​មធ្យោបា​យ​ក្នុង​ការដឹក​ចេញ​ទេ។ ក្រុម​ការ​ងារ​យើង នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើសកម្ម​ភាព​ស​ម្អា​ត​ទន្លេ​បន្ត​ទៀត បើទោះជា​​មិន​ទាន់​បាន​ជា​លទ្ធ​ផល​ល្អ​យ៉ាង​ណា ក៏បាន​កាត់​បន្ថយ​ច្រើន​ជាង​មុន​»៕