កណ្តាលៈ អង្គការ Mission Rabies ប្រកាស​ពង្រីក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥត​គិតថ្លៃ ទៅកាន់​ស្រុក និង​ក្រុង​ចំនួន​ ៦ នៅក្នុង​ខេត្តកណ្តាល រយៈពេល ​២ ​ថ្ងៃ ស្របពេល​យុទ្ធ​​នា​ការ​ជាង ​១០​ ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ជិត​បិទ​បញ្ចប់​ដោយ​ក្នុងនោះ សត្វ​សុនខ​រាប់ម៉ឺន​ក្បាល​ទទួល​បានការ​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​។​

​អង្គការ Mission Rabies បានឱ្យដឹង​នៅ​ថ្ងៃទី​ ១ មិថុនា​ថា នៅសល់តែ​ ១ ​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជំងឺ​​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​នៅ​រាជធានី​ភ្នំពេញ​នឹងត្រូវ​បិទ​បញ្ចប់ ហើយ​បច្ចុប្បន្ននេះ ក្រុមការងារ កំពុងតែបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​បន្ត​ចាក់​វ៉ាក់សាំង​ទៅកាន់​ស្រុក និង​ក្រុង​ចំនួន​ ៦ ទៀត​នៅ​ខេត្តកណ្តាល​។​

​តាម​ការប្រកាស ក្រុម​ចាក់​វ៉ា​ក់​សាំង​របស់​អង្គការ Mission Rabies និង​អង្គការ​នានា នឹង​ចុះទៅ​កាន់​តំបន់​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ ស្រុក​កណ្តាលស្ទឹង ស្រុក​មុខកំពូល ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ ដើម្បី​ផ្តល់​វ៉ា​ក់​សាំង​ដល់​សត្វ​សុនខ​ដោយ​ឥត​​គិតថ្លៃ​។

​អង្គការ​នេះ​បញ្ជាក់ថា​៖ «​ពួកយើង​ពិតជា​មាន​សេចក្តី​​រំភើប​រីករាយ​ជាខ្លាំង ក្នុងការ​ពង្រីក​បេសកកម្ម​របស់​ពួកយើង និង​បន្ត​ការប្តេជ្ញាចិត្ត​របស់​ពួកយើង ដើម្បី​ការពារ​សត្វ​សុនខ​ប្រឆាំង​ទៅនឹង​ជំងឺ​ឆ្កែឆ្កួត ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ដោយមាន​ការសហការ​គ្នា​ជាមួយនឹង​ដៃគូ​របស់​ពួកយើង ពួកយើង​កំពុងតែធ្វើការ​ដោយ​មិន​ឈប់ឈរ ដើម្បី​បង្កើតបាន​បរិយាកាស​មួយ ដែលមាន​សុវត្ថិភាព​សម្រាប់​សត្វ​ចិញ្ចឹម​របស់​ពួកយើង និង​សហ​គម​ន៍​រស់​នៅតាម​មូលដ្ឋាន​»​។

​បន្ថែម​ពីនេះ​អង្គការ Mission Rabies អំពាវនាវ​ថា​៖ «​សូមកុំ​ឱ្យ​ឱកាស​នេះ​កន្លងផុត​ទៅណា៎ ដើម្បីឱ្យ​សត្វ​ចិញ្ចឹម​ជាទី​ស្រឡាញ់​របស់​អ្នកទទួលបាន​វ៉ាក់សាំង​ការពារ ក៏ដូចជា​រួមចំណែក​ក្នុង​ការចូលរួម​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​ផងដែរ​។ សូម​ចងចាំ​ថា សត្វ​សុនខ​ ១ ​ក្បាលៗ​ដែល​ទទួលបាន​វ៉ាក់សាំង គឺ​រួមចំណែក​ក្នុងការ​​បានជា​ភាពស៊ាំ​ក្នុង​ហ្វូង​សត្វ​សុនខ (herd immunity) ប្រឆាំង​ទៅនឹង​ជំងឺ​ឆ្កែឆ្កួត ដើម្បី​ការពារ​គ្រួសារ និង​សហគមន៍​របស់​អ្នក​ទាំងអស់គ្នា​»​។​

​លោក Kei Tazawa មន្ត្រី​គម្រោង​អន្តរជាតិ​នៃ​អង្គការ Mission Rabies បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ មិថុនា​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥតគិតថ្លៃ ត្រូវបាន​ពង្រីក​ខ្លួន​ទៅកាន់​ខេត្តកណ្តាល​នេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​ ១ និង​ថ្ងៃទី​ ២ ខែមិថុនា ស្របគ្នា​ជាមួយនឹង​យុទ្ធនាការ​នៅក្នុង​ខណ្ឌ​មួយ​​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ កំពុង​បន្ត​ដំណើរការ​។

​លោក​បាន​បញ្ជាក់ថា​៖ ​​«​យើង​មិនទាន់មាន​របាយការណ៍​នៃ​ការផ្តល់​វ៉ាក់សាំង​ដោយ​ឥត​គិត​ថ្លៃ​សរុប​នៅឡើយ​ទេ​។ ប៉ុន្តែ​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​ចំនួន​សរុប​ចុង​ក្រោយ​នៅពេល​យុទ្ធនាការ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល បានបញ្ចប់​ជា​ស្ថាពរ​នៅ​សប្តាហ៍​បន្ទាប់​»​។​

​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ២០២៣ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយនឹង​អង្គការ Mission Rabies និង​អង្គការ Animal Rescue Cambodia ក៏ដូចជា​ដៃគូ​ក្នុងស្រុក​ផ្សេងទៀត បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥតគិតថ្លៃ​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ២២ ខែឧសភា ដល់​ថ្ងៃទី​ ២ ខែមិថុនា​។​

​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា បានឱ្យដឹងថា វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​ចំនួន ​៣៦ ៧១៩ ដូ​ស ត្រូវបាន​ផ្តល់ឱ្យ​សត្វ​សុនខ​ក្នុង​រយៈពេល​ត្រឹមតែ ៥​ ថ្ងៃ​ដំបូង​តែប៉ុណ្ណោះ ខណៈ​អង្គការ​នេះ ឱ្យដឹងថា ចំនួន​នេះ នឹង​បន្ត​បង្កើន​ឡើង​បន្ទាប់ពី​យុទ្ធនាការ​ជាង​ ១០ ថ្ងៃ ត្រូវបាន​បញ្ចប់​ក្នុងពេល​ខាងមុខ​។

​ទន្ទឹមនឹង​យុទ្ធនាការ​នេះ អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា បានឱ្យដឹង​ទៀតថា ការស៊ើបអង្កេត​ផ្ទាល់​លើ​ករណី​សង្ស័យ ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​សប្តាហ៍​ដំបូង​នៃ​យុទ្ធនាការ បាន​រកឃើញ​សត្វ​សុនខ​មាន​ជំងឺ​ឆ្កែឆ្កួត​ចំនួន ៧ ​ករណី​ផងដែរ​។

​អង្គការ​សង្គ្រោះ​សត្វ​កម្ពុជា បាន​បញ្ជាក់ថា​៖​​ «​ការចាក់​វ៉ាក់សាំង​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​កំពុងតែ​ដំណើរការ​។ តួលេខ​ដែល​ទទួល​បាន បាន​សបញ្ជាក់​ពី​ឥទ្ធិពល​នៃ​យុទ្ធនាការ​នេះ ដោយ​នៅក្នុង​សប្តាហ៍​ដំបូង​សត្វ​សុនខ​ចំនួន ​៣៦ ៧១៩​ ក្បាល បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​​ឆ្កួត​។ ពួកយើង គឺជា​ជំហាន​ដ៏​ធំ ​១ ​ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព​សាធារណៈ​ដែល​ទាក់ទង​នឹង​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​ទាំង​មនុស្ស និង​សត្វ​ដូចគ្នា​»៕​