គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានជួបប្រជុំ​ជាមួយ​តំណាង​គណបក្ស​នយោបាយ ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធនឹង​ការរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ សម្រាប់​ធ្វើ​ការផ្សព្វផ្សាយ​ក្នុងអំឡុង​ពេលយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅនៅ​ទីស្ដីការ គ.ជ.ប នៅរសៀល​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​លោក ម៉ុក ដារ៉ា អគ្គ​លេខាធិការរង គ.ជ.ប និងជាប្រធាន​គណៈ​កម្មការ​សម្របសម្រួល​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​អ្នកបោះឆ្នោត និងកម្មវិធី​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់គណបក្ស​នយោបាយ ហៅកាត់​ថា “គណៈ​កម្មការ​សម្របសម្រួល” និងមាន​ការអញ្ជើញ​ចូលរួម​ពីតំណាង​គណបក្ស​នយោបាយ​ដែលចូលរួម​ក្នុងការ​បោះឆ្នោត និងសមាជិក​គណៈកម្មការ​សម្របសម្រួល។

ក្នុងកិច្ចប្រជុំ​នេះ លោក ម៉ុក ដារ៉ា បានថ្លែង​ថា គណៈ​កម្មការ​សម្របសម្រួល រៀបចំ​កិច្ចប្រជុំ​នេះ ដើម្បី​ជម្រាប​ជូន​គណបក្ស​នយោបាយ​អំពី​គោលការណ៍ ប្រធាន​បទ និង​កិច្ចការ​បច្ចេកទេស​មួយចំនួន ដើម្បី​ត្រៀម​រៀបចំ​ការផលិត​កម្មវិធី​ផ្សព្វផ្សាយ​គោល​នយោបាយរបស់​គណបក្ស​នយោបាយ (កម្មវិធី​តុ​មូល) និងស្ប៉ត​ឃោសនា​របស់​គណបក្ស​នយោបាយ ដែល​ត្រូវ​ចាក់ផ្សាយ​នៅ​វិទ្យុជាតិ និងទូរទស្សន៍​ជាតិ​កម្ពុជា។ រួមនឹង​ការរៀបចំ​អត្ថបទឃោសនា​របស់​គណបក្ស​នយោបាយ​នៅលើ​ព្រឹត្តិបត្រ​គោល​នយោបាយ ដែល​ចេញ​ផ្សាយដោយ គ.ជ.ប ក្នុងអំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត នីតិកាល​ទី៧ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

លោកបញ្ជាក់​ថា សម្រាប់​ការផ្សព្វផ្សាយ​ខាងលើ​នេះ គណបក្ស​នយោបាយ​ទាំងអស់​ទទួលបាន​ឱកាស​ដោយ​ស្មើ​ភាព តម្លាភាព និងឥតគិត​ថ្លៃ។ ក្នុងកិច្ចប្រជុំ​នេះ ប្រធាន​ដឹកនាំ​កិច្ចប្រជុំ និងមន្រ្តី​ជំនាញ គ.ជ.ប បានធ្វើ​ការបកស្រាយ ពន្យល់ និងឆ្លើយតបនឹង​សំណួរ​របស់តំណាង​គណបក្ស​នយោបាយ និងបានឱ្យ​តំណាង​គណបក្ស​នយោបាយ​ធ្វើការ​ចាប់​ឆ្នោត ដើម្បី​ឱ្យ​ការផលិត ការថត និងការផ្សព្វផ្សាយ​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ ស្ប៉ត​គណបក្ស​នយោបាយ និងព្រឹត្តិបត្រ​គោល​នយោបាយ ប្រព្រឹត្ត​ទៅដោយ​រលូន ស្រប​តាមនីតិ​វិធី និងមាន​តម្លាភាព។

ពាក់ព័ន្ធនឹង​បញ្ហា​នេះដែរ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃទី ៣ ខែមិថុនា​ថា កិច្ចប្រជុំ​នេះ តំណាង​គណបក្ស​ក៏បាន​ចូលរួម​ស្តាប់​តាមការណែនាំ​របស់ គ.ជ.ប. ដែរ ដែល​ផ្តោត​ទៅលើ​ចំណុច ៣ សំខាន់ៗ ពាក់ព័ន្ធនឹង​ការផ្សព្វផ្សាយ​គោលនយោបាយ របស់​គណបក្ស​នៅលើ​ប្រតិបត្តិ​របស់ គ.ជ.ប. កិច្ចពិភាក្សា​តុមូល ដែល គ.ជ.ប. បានរៀបចំ​លេខរៀង​នៃការ​អង្គុយ និងចុះ​នៅលើ​ប្រតិបត្តិ​នេះ។

លោក ញឿន រ៉ាដែន បន្ថែម​ថា​ក្នុងនាម​គណបក្ស​ដែល​ទទួល​ស្គាល់ និងចុះ​បញ្ជី​ជាផ្លូវការ​ដោយ គ.ជ.ប. គណបក្ស​នឹងអនុវត្ត​តាម​ការណែនាំ​និងគោរព​តាម​នីតិវិធី និងបទ​បញ្ជា​របស់ គ.ជ.ប. ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាទី​បំផុត៕