លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាសាធារណៈ​ថា​លោក និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានពិភាក្សាគ្នា​រួចហើយ គឺមិនដក​ថយ​ឡើយ ដោយតម្រូវ​ឱ្យ​អង្គការ​សមាគម ក្រៅរដ្ឋាភិបាល​ស៊ីវិល ត្រូវតែ​ធ្វើ​របាយការណ៍​ប្រភព​ហិរញ្ញវត្ថុ​ ជាចាំបាច់ ​និងមិនត្រូវដកចេញ​ពីសេចក្តី​ព្រាង​វិសោធ​ន​កម្ម​ច្បាប់​ស្តីពី​អង្គការ​សង្គមស៊ីវិល​នោះទេ។

ក្នុងពិធី​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅស្រុក​ពញាឮ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី៣ ខែមិថុនា​នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់​ថា ការធ្វើ​ដូចនេះ ដើម្បី​ឱ្យដឹង​ថា អង្គការ​ក្រៅរដ្ឋាភិបាល​ណាខ្លះ​ដែលទទួល​ថវិកា​ពី​ប្រភព​ណាខ្លះ ហើយបើ​ក្នុងករណី អង្គការ​ក្រៅរដ្ឋាភិបាល​ទាំងនោះ មិនធ្វើ​របាយការណ៍​ប្រភព​ហិរញ្ញ​វត្ថុរបស់​ខ្លួន​ទេ នឹងត្រូវ​រំលាយចោល​ក្នុងរយៈពេល​កំណត់​ណាមួយ។

លោកថ្លែង​ថា៖«ខ្ញុំ​សុំ​ផ្ញើ​សារ​ជូន​ទៅ​មិត្តភ័ក្តិ​ទាំងឡាយ និងអង្គការ​ក្រៅរដ្ឋាភិបាល ឱ្យ​បានដឹង​ជំហរ​របស់​រាជរដ្ឋាភិបាល​មិនដក​ថយទេ លើ​របាយការណ៍​ហិរញ្ញវត្ថុ ហើយ​បើអ្នក​ឯង​មិន​រាយការណ៍​ទេ ថ្ងៃក្រោយ​រដ្ឋាភិបាល​នឹងយក​វិធានការ​រំលាយចោល​នៅ​អង្គការ​នោះ ខ្ញុំបាន​ពិភាក្សា​ជាមួយ​សម្តេច​ក្រឡាហោម​ហើយ។ ច្បាប់​រាយការណ៍​ហិរញ្ញវត្ថុ​នេះ​ប្រទេសដទៃទេ​ដែលជាអ្នកនាំ​ឱ្យ​មាន​ធ្វើ​ ប្រទេសគេ​ធ្វើ​បាន ដល់​កម្ពុជា​ធ្វើ គេ​ថា​ធ្វើ​អត់បាន»។

ជាមួយគ្នា​នេះ លោក ហ៊ុន សែន ក៏ផ្តាំ​ទៅថ្នាក់​ដឹកនាំ​អង្គការក្រៅ​រដ្ឋាភិបាល​ដែល​ជាជនជាតិ​ខ្មែរ​ទាំងអស់ សូម​កុំ​ស៊ី​លុយ​បរទេស ហើយ​មក​វាយក្បាល​ខ្មែរ សូម​ភ្ញាក់​រឭក «កុំ​ឱន​ក្បាល​ស៊ីលុយ​បរទេស​ហើយ​សម្លាប់​ខ្មែរ»។

បើតាមលោក​នាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាល នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ប្រភព​ថវិកា​របស់​អង្គការសង្គម​ស៊ីវិលទាំងអស់ ថា​បានមក​ពី​ប្រភព​ណាខ្លះ បើមិន​ដូច្នោះទេ លោក​នាយក​រដ្ឋមន្ត្រី នឹង​ចាត់ទុក​ថា ថវិកា​ទាំងនោះ ត្រូវបាន​បញ្ជូន​មក​ធ្វើ​ភេវរកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

លោកថ្លែង​ថា ៖«អ្នកឯង​បញ្ជូន​លុយ​មក ក្រោម​ហេតុផល​ណាមួយ អ្នកឯង​អាច​ជាបណ្តាញ​ភេវរកម្ម ក៏អាច​ថា​បាន ដើម្បី​បំផ្លាញ​ប្រទេស​របស់​ខ្ញុំ ព្រោះ​ឥឡូវ​ហ្នឹង ស្ថានភាព​ភូមិសាស្រ្តនយោបាយ​កាន់តែ​តម្រូវ​ឱ្យ​យើង​ត្រូវតែ​ប្រយ័ត្ន»។

បើតាមលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ៖«ប្រទេស​គេ​ដទៃ​កាត់បន្ថយ​បុគ្គលិក​រាប់ពាន់​នាក់បាន ម៉េចក៏​គេ​ធ្វើ​បាន រីឯប្រទេស​ខ្មែរ​កាត់​ត្រឹមតែ​ជាង ៣០០ នាក់ ម៉េច​ធ្វើ​មិនបាន ដោយមានអ្នក​នៅពីក្រោយ​ឱ្យ​ធ្វើ។ គ្រាន់តែ​កន្លងទៅ​ខ្ញុំ​មិន​បញ្ជា​ឱ្យ​ចាប់​ទេ រឿង​កន្លែង​បើក​លុយធ្វើ​បាតុកម្ម ហើយ​ខ្ញុំ​អាច​រំលាយ​អង្គការ​របស់​អ្នកឯង​ចោលទៀត សូម​ព្រមាន​អ្នកឯងឱ្យ​យល់ ហើយ​កុំ​ថា​ហ៊ុន សែន មុន​បោះឆ្នោត ធ្វើការ​គាប​សង្កត់ អត់​សង្កត់​ទេ ប៉ុន្តែ​អ្នកឯងលេង​នយោបាយ​ទុច្ចរិត។ បើធ្វើការ​អង្គការ​ក្រៅរដ្ឋាភិបាល បំផ្លាញ​រដ្ឋាភិបាល អត់​ទេ ថ្ងៃក្រោយ​នឹងពិនិត្យ​ឡើង​វិញ»។

បើតាម ក្រសួង​មហាផ្ទៃ ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន ៩ ជំពូក និង ៣៩ មាត្រា ត្រូវបាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិសេរីភាព​ក្នុង​ការបង្កើត​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន និងការពារ​ផល​ប្រយោជន៍​សាធារណៈ​ព្រមទាំងលើក​កម្ពស់​កិច្ចសហ​ប្រតិបត្តិការ​ក្នុងភាព​ជាដៃគូ​រវាង​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ។

ជាងនេះ​ទៅទៀត ច្បាប់​នេះ​មានគោលដៅ​កំណត់​បែប​ទទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ដល់សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​កំណត់​ទំនាក់ទំនង​រវាង​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា។ ច្បាប់​នេះមាន​វិសាលភាព​អនុវត្ត​ចំពោះ​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល​ដែលធ្វើ​សកម្មភាព​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា លើកលែងតែ​មាន​បទ​ប្បញ្ញត្តិ​ច្បាប់​ដោយឡែក​ដែល​ចែងផ្សេង​ពីនេះ៕