​បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង​បាន​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ដល់​ប្រជាពលរដ្ឋ​ក្រៅ​ប្រព័ន្ធតុលាការ​បាន​ចំនួន​ ១៤០​ ករណី ក្នុង​រយៈពេល​ប្រមាណ​ ៧ ខែ​ចុង​ក្រោយនេះ ហើយ​បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​បន្ត​ដោះស្រាយ​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​យុត្តិធម៌​។​

​រដ្ឋបាលខេត្ត​បាត់ដំបង​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី ​២ ខែមិថុនាថា​៖ «​គិត​ចាប់ពី​ខែតុលា ឆ្នាំ​ ២០២២ មកដល់​ខែឧសភា ឆ្នាំ​ ២០២៣ ​នេះ រដ្ឋបាលខេត្ត​បាន​សម្រុះសម្រួល​ដោះស្រាយ​វិវាទ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ១៤០​ ករណី​រួចមកហើយ ដោយ​នៅតែមាន​ផែន​ការបន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​យុត្តិធម៌​»​។

​ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា រដ្ឋបាលខេត្ត​បាត់ដំបង​បាន​បន្ត​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ​ក្នុង​ទូទាំង​ខេត្ត​សរុប​ជា​លទ្ធផល​ក្នុង​ខែឧសភា ឆ្នាំ​ ២០២៣ នេះ​បាន​ចំនួន​ ២០ ​ករណី​។ ក្នុង​នោះបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ​ចំនួន ​១៦ ​ករណី បន្ត​ដោះស្រាយ​ចំនួន​៣​ករណី និង​បាន​បញ្ជូនទៅ​តុលាការ​ចំនួន ​១ ​ករណី ដែល​ភាគច្រើន​ជា​ករណី​សម្រុះសម្រួល​ទំនាស់​ដីធ្លី និង​ទំនាស់​រំលោភ​លើ​សេចក្តីទុកចិត្ត​»៕​