​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជាថ្មី​ជូន​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ប្រមាណ ៩ ​ពាន់​នាក់ នៃ​រោងចក្រ​ដែល​ត្រូវបាន​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុងនោះ​ម្នាក់ៗ​នឹង​ទទួលបាន​ថវិកា​ពី ២០ ​ទៅ​ ៤០​ ដុល្លារ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការងារ បានឱ្យដឹងថា នេះ​ជាការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​១​ជូន​កម្មករនិយោជិត​ចំនួន ៨ ៨៣១​នាក់ នៃ​រោងចក្រ​ទាំង​១៩ នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ស្របតាម​ស្មារតី ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៣ ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​សូម​រំឭកថា រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត នៃ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ច្រើនដង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ផ្អាក​វិញ បន្ទាប់ពី​វិស័យនេះ​មាន​ស្ថានភាព​ល្អប្រសើរ​។

​ក្រសួង​បន្តថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ ដែល​បងប្អូន​បានផ្តល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ នាពេល​កន្លងមក​។​

​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​ប្រាក់ឧបត្ថម្ភ ៨១ ០០០​រៀល (២០​ដុល្លារ​អាម​រិ​ក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១៤​ថ្ងៃ និង ១៦២ ០០០​រៀល (៤០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១៥​ថ្ងៃ ដល់ ១​ខែ​។​

​ក្រសួង​សូម​រំឭកថា ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់​ឧបត្ថម្ភ​នេះ​។​

​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ទាំង​១៩ នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ​ពី​ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន​ទៅ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន​។​

​ក្រសួង​ការងារ នឹង​បន្ត​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​រោងចក្រ​ដទៃ​ផ្សេងទៀត ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​អំពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​នេះ​៕