សៀមរាបៈ ​ក្រុម​សប្បុរស​ជន​មក​ពី​ប្រទេស​កូរ៉េខាង​ត្បូង​តាម​រយៈ​អង្គការ​មិ​ត្ដ​កម្ពុជា​បាន​​ជួយ​សាង​សង់ផ្ទះ​ជាង​ ២៦០ ​ខ្នង​ ដើម្បី​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​ ខេត្ដ​សៀម​រាប ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ពួក​គាត់​ ជា​ពិសេស ​នឹង​ធ្វើ​ឱ្យចំណ​ង​មិ​ត្ដ​ភាព​ប្រទេស​ទាំង​២​កាន់​តែ​រឹងមាំ​ថែម​ទៀត​។​

លោក ​សាត​មាស​ តំណាង​ឱ្យ​អង្គការ​មិ​ត្ដ​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២ ខែ​មិថុនាថា ​ក្រុម​សប្បុ​រស​ជន​មកពី​ប្រទេស​កូរ៉េ​ទាំង​នេះ ជា​អ្នក​ស្ម័គ្រ​ចិត្ដ​ជួយ​រក​មូល​និធិ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គាត់​យក​ទៅ​ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ​ខាត​ដោយ​ផ្ទាល់ និង​ចំពោះ​គ្រួសារ​ដែល​ទើប​តែ​រៀបការ​បែក​ចេញ​ពី​ឪពុក​ម្ដាយ​របស់​ពួក​គេ​ផង​ដែរ​។​នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌​មាន​ខេត្ត​សៀម​រាប។

​ប្រភព​ដដែលបា​នឱ្យដឹង​ថា ​ផ្ទះ​ដែល​ក្រុម​ការងារ​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ជួយ​សាង​សង់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​បន្ទាយ​ស្រី​ គឺធ្វើ​អំពី​ឈើ​ប្រក់​ស័ង្ក​សី​ដែល​មាន​ទំហំ​ ៥​ ម៉ែត្រ គុណ​នឹង ៤​ម៉ែត្រ​។​

លោក​ សាត​ មាស​ បាន​បញ្ជាក់​​ថា​៖ «​ផ្ទះ​ទាំង​នោះ​ បើ​ទោះ​មាន​ទំហំ​តូចក្ដី ​ប៉ុន្ដែ​ជា​ទឹក​ចិ​ត្ដ​អាណិត​ស្រឡាញ់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​សម្រាប់​ឱ្យ​ពួក​គាត់​មាន​ទី​ជម្រក ​១ ​សមរ​ម្យ​»​។​

លោក​បន្ថែម​ថា ក្រុម​សប្បុរស​ជន​មកពី​ប្រទេស​កូរ៉េ មិន​ត្រឹម​បាន​ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ជួយ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ​ផង​ដែរ​ដូចជា​ជួយ​កសាង​អគារ​សិក្សា ​ធ្វើ​អណ្ដូង​ទឹក​ ខ្លោង​ទា្វរ ​របង​សាលានិង​រោង​បាយ​សម្រាប់​សា​លា​រៀន និង​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​ជា​ច្រើន​ផង​ដែរ​។​

ជា​មួយ​គ្នា​នេះ ​លោក​ វូ តែ​ហាន ( Woo Taehan)​ តំណាង​ឱ្យ​ក្រុម​សប្បុរស​ជន​ស្ម័គ្រ​ចិត្ដ​ប្រទេស​កូរ៉េ ​ក៏បាន​លើក​ឡើង​ដែរ​ថា ក្រុម​សប្បុ​រស​ជន​របស់​លោក ​មាន​ការ​សប្បាយ​រីក​រាយ​នៅ​ពេល​បាន​ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​លោក​នឹង​បន្ដ​រក​មូល​និធិ​ពី​កូរ៉េ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត ​ព្រម​ទាំង​សន្យា​ថា​យក​វប្ប​ធម៌​ខ្មែរ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រ​ទេស​របស់​ពួក​គាត់​ផង​ដែរ​។​

លោក​ វូ តែ​ហាន​ បាន​ថ្លែង​ថា​៖ «​ការជួយ​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះ ​ដោយ​មើល​ឃើញ​ប្រជា​ពលរដ្ឋ​កម្ពុជា​ធ្លាប់​បាន​ជួយ​ប្រទេស​កូរ៉េ​នាពេល​កន្លង​មក ជា​ពិសេស​ក្រុម​ការងារ​ស្ម័គ្រចិ​ត្ដ​ប្រជា​ជន​កូរ៉េ​ ស្រឡាញ់​ប្រជាជន​ខ្មែរ​ ស្រឡាញ់​វប្បធម៌​អរិយ​ធម៌​របស់​ខ្មែរ​ និង​ដើម្បីឱ្យ​ប្រទេស​ទាំង​២​មាន​មិ​ត្ដ​ភាព​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​យូរ​អង្វែង​»​។

​លោក​បន្ដ​ទៀត​ថា ក្រុម​របស់​លោក​សប្បាយ​រីករាយ​នៅ​ពេល​បាន​ជួយ​កសាង​ផ្ទះ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ​ហើយ​បន្ដ​រក​មូល​និធិ​ពី​កូរ៉េ​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​ព្រម​ទាំង​សន្យា​ថា​យក​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​របស់​ពួក​គាត់​។​

អភិ​បាល​រង​ស្រុក​បន្ទាយ​ស្រី លោក ​ហ៊ុន សម្បត្តិ បដិសេធ​បញ្ជាក់​ពីព័ត៌​មាន​នេះ​ ដោយ​សារ​ជាប់​រវល់​ ចំណែក​អភិ​បាល​រង​ខេត្ត​សៀម​រាប លោក ​លី សំ​រឹត បាន​ប្រាប់​ថា​លោក​មិន​ទាន់​ដឹង​ពី​ព័ត៌​មាន​នៃ​ការសាង​សង់​ផ្ទះ​នេះ​ឡើយ​។​

​សូម​បញ្ជាក់​ថា យោង​តាម​របាយ​ការណ៍​អង្គ​ការ​មិត្ត​កម្ពុជា បាន​បង្ហាញ​ថា ​ចាប់​តាំង​ពី​បង្កើត​អង្គការ​រហូត​មក​ទល់​​បច្ចុប្បន្ន​អង្គ​ការ​នេះរួម​ទាំង​ម្ចាស់​ជំនួយ​មកពី​សា​ធារណ​រដ្ឋ​កូរ៉េ បាន​ចុះ​មក​ជួយ​សាង​សង់​បាន​សមិទ្ធ​ផល​ជា​ច្រើន​ដូច​ជា​ ​អគារ​សិក្សា​ចំនួន ៥​ខ្នង ទីចាត់​ការ​ បណ្ណា​ល័យ ​បន្ទប់​ទឹក​ ខ្លោង​ទា្វរ ​របង​សា​លា ​រោង​បាយ​សម្រាប់​សាលា​រៀន កន្លែង​កម្រាន្ត​សម្រាប់​កុមារ ​អណ្តូង​ទឹក​ស្អាត​ចំនួន​ ៧២៤ ​អណ្តូង ​សាង​សង់​ផ្ទះ​ចំនួន​ ២៦៤​ខ្នង​ផ្ទះ និង​សមិទ្ធ​ផល​ជា​ច្រើន​ទៀត ​ដែលគិត​ជា​ថវិកា​អស់​ប្រហែល​១​លាន​៥​សែន​ដុល្លារ​។​

​សូម​រំឭក​ផង​ដែរ​ថា ទាក់​ទង​នឹង​ការ​ជួយ​នេះ​ដល់​ប្រជា​ពលរដ្ឋ​នេះ​ដែរ​ លោក​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​ប្រកាស​កាល​ពី​ចុង​ខែ​ឧសភា​ថា ​កាក​បាទ​​ក្រហម​កម្ពុ​ជា​នឹង​ចា​ត់ចែង​ប្រើ​ប្រាស់​មូល​និធិ និង​សម្ភារ​ដែល​ទទួល​បាន​ពី​សប្បុ​រស​ជន​សរុប​ជាង​ ១៣ ​លាន​ដុល្លារក្នុង​ឱកាស​ខួប​លើក​ទី​ ១៦០​ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ដើម្បី​ជួយ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​បំផុត​ប្រកប​ដោយ​តម្លា​ភាព​៕