សៀមរាបៈ​ អាជ្ញាធរ​ជាតិ​អប្សរា ​សហកា​រ​ជា​មួយ​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធ​មិត្ដ​សត្វព្រៃ ​តាម​រយៈ​គម្រោង​ដោះលែង​សត្វ​ព្រៃ​ក្នុង​ឧទ្យាន​អង្គរ​ដែល​ចាប់​ផ្តើម​ពី​ឆ្នាំ២០១៣​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​បាន​ធ្វើ​ការដោះ​លែង​សត្វព្រៃ​ប្រភេទ​កម្រ​ប្រមាណ​ជាង ​១០​ប្រភេទ​ សរុប​ប្រហែល​ជាង​ ៤០ក្បាល​។​

លោក ​ជូ ​រ៉ាឌីណា ​អនុ​ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃឈើ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ឱ្យដឹង​ថា ​តាម​រយៈ​ការ​ដោះលែង​សត្វ​ព្រៃ​រាប់​ចាប់​ពីឆ្នាំ​២០១៣​ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​បាន​ធ្វើ​ឱ្យ​ឧទ្យាន​អង្គរ​មិន​ត្រឹម​តែជា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​មាន​ទេសចរណ៍​បែបធម្ម​ជាតិ​មួយ​ទៀតតា​ម​រយៈ​ការ​ទស្សនា​ព្រៃ និង​សត្វ​ព្រៃ​ដែល​បាន​ដោះលែង​ទាំង​នោះ។​

លោក​ថ្លែង​ថា​៖​«នេះ​ជា​ផ្នែក១ ​ធ្វើ​ឱ្យ​មាន​ការ​ស្រូប​ទាក់​ទាញ​ភ្ញៀវទេសចរ​បាន ១​ផ្នែក​បន្ថែម​ទៀត​ព្រោះភ្ញៀ​វភាគ​ច្រើន​ជិះ​កាត់​ឧទ្យាន​អង្គរ​ប្រទះ​ឃើញ​សត្វ​ព្រៃ​របស់យើង​ គាត់​ស្គាល់​ទីតាំង​ដែល​យើង​ដោះលែង​ហ្នឹង​គាត់​អាច​នាំ​គ្នា​មក​ទស្សនា»។​

លោក​អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រងទឹក​ ព្រៃឈើ ​និង​ហេដ្ឋារចនា​សម្ព័ន្ធ នៃ​អាជ្ញាធរជាតិ​អប្សរា ​បន្ត​ថា ​ក្រុម​ការងារ​គ្រោង​នឹង​រក​ប្រភេទ​សត្វ​ព្រៃ​ផ្សេងៗ​មួយ​ចំនួន​ទៀត​យក​មកដោះ​លែង​ក្នុង​ឧទ្យាន​អង្គរ​ ប៉ុន្តែ​ដោយ​សារ​តំបន់​នេះ​ជា​តំបន់​ទេសចរណ៍​ ការ​ជ្រើស​រើស​ប្រភេទ​សត្វ​មក​ដោះលែង​ ត្រូវ​ការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ច្បាស់លាស់​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មានកា​រប៉ះ​ពាល់​ដល់​សុវត្ថិភាព​ទេសចរ។ ​លោក​បញ្ជាក់​ថា ​សត្វ​ប្រើ​ស​ជា​ប្រភេទ​សត្វ​ដែល​នឹង​ត្រូវ​យក​មក​ធ្វើ​ការដោះ​លែង​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​

លោក​ ​និក​ ​ម៉ាក​ នាយក​សង្រ្គោះ ​និង​ថែរក្សា​សត្វ​ព្រៃ ​នៃអង្គ​ការសម្ព័ន្ធ​មិត្ត​សត្វព្រៃ ​បាន​ឱ្យ​ដឹង​ថា ​សត្វ​ព្រៃ​ដែល​បាន​ដោះលែង​ទាំង​នោះ​រួមមាន​ សត្វ​ទោច​ ស្វា​ព្រាម​ ​ឈ្លូស​ ​សំពោច​ ឆ្មា​ដាវ​ សត្វ​កេងកង​ ​ក្ងោក​ និង​សត្វ​ភេជា​ដើម។​ លោក​ថា​សត្វ​ព្រៃ​រស់​នៅ​ក្នុង​ព្រៃ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បញ្ហា​គឺ​បណ្តាល​មក​ពី​អ្នក​ចាប់​សត្វព្រៃ ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ជិវិត​សត្វ​ព្រៃ ដែល​កំពុង​រស់​នៅ​សុខសាន្ត​ក្នុងព្រៃ។ ​ជាក់​ស្តែងថ្មីៗ​នេះ​ មាន​សត្វភេ១​ក្បាល​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ងាប់​ដោយ​សារ​ជាប់​អន្ទាក់​។ ​

លោក​ថ្លែងថា៖​«ខ្ញុំ​សុំអ្នក​ទាំង​អស់​កុំ​ដាក់​អន្ទាក់​នៅ​ក្នុង​ព្រៃ សុំឱ្យ​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដាក់​ទោស​ឱ្យ​ខ្លាំង​ដល់​អ្នក​ចាប់​សត្វ​ព្រៃ ​ដើម្បី​ការពារ​សត្វ​ពី​ការ​ដាក់​អន្ទាក់​ ព្រោះ​បើយើង​មិន​ធ្វើ​ទេ​នោះ ​សត្វ​ព្រៃ​នឹង​ត្រូវ​អស់​រលីង»​។​

លោក​ និក​ ម៉ាក ​បន្ត​ថា ​នៅ​ក្នុង​ឧទ្យាន​អង្គរ​ និង​នៅតាម​ព្រៃ​ដែល​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បាន​ការពារ​មាន​ក្រុមល្បាត​គ្រប់​កន្លែង​ ប៉ុន្តែ​អ្នកដាក់​អន្ទាក់​មាន​វិធីសាស្ត្រ​ដាក់​លាក់​ពិបាក​រកឃើញ ​ហើយ​មួយ​វិញ​ទៀត​ ការ​ដាក់អន្ទាក់​នេះ​ទៀត​សោត​គេ​មិន​មែន​ដាក់ ​១​កន្លែង​ទេ​ គឺ​គេ​ដាក់​រាយរាប់​រយ​កន្លែង​។​

លោក ​នេត្រ​ ភក្ត្រា ​រដ្ឋ​លេខាធិការ ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ឱ្យដឹង​ថា​ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​បរិស្ថាន​គឺ​មាន​ច្បាប់​ស្តី​ពីតំបន់​ការពារ​ធម្មជាតិ។​ យ៉ាង​ណា​បច្ចុប្បន្ន ​រដ្ឋ​សភា​បាន​ពិនិត្យ និង​បាន​អនុម័ត​រួច​ហើយ​នូវ​ក្រម​ស្តី​ពីបរិស្ថាន ​និង​ធនធាន​ធម្មជាតិ​ ដែល​ជា​ផ្នែក១​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ពង្រឹង​ទៅ​លើវិធាន​ការ​ក្នុង​ការ​គ្រប់​គ្រង និង​អភិរក្ស​សត្វ​ព្រៃ។​ ​

លោក​ថ្លែងថា​៖​«​កាល​ពី​១០​ទៅ២០​ឆ្នាំ​មុន​ការ​រៀប​ចំច្បាប់​របស់​យើង​អាស្រ័យ​លើ​សង្គម​យើង​កាល​នោះ​សេដ្ឋកិច្ច​របស់​យើង​អត់ទាន់​មាន​ការរីកច​ម្រើន​ទេ ពល​រដ្ឋ​យើង​ពឹង​ច្រើន​លើធនធាន​ធម្មជាតិ​ ប៉ុន្តែ​បច្ចុប្បន្ន​ជា​មួយ​កំណើន​សេដ្ឋកិច្ច​ការងារ​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ច្រើន​ ដល់​ពេល​ដែល​យើ​ង​ត្រូវផ្លាស់​ប្តូរ​ទម្លាប់​និង​ការ​ពឹ​ង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ​របស់​ប្រជា​ពលរដ្ឋ»​។​ ​

លោក​បញ្ជាក់​ថា ​នៅ​ក្នុង​ច្បាប់​ស្តី​ពីតំបន់​ការពារ​ធម្មជាតិ​ ​ក៏​ដូច​ជា ច្បាប់​ព្រៃឈើ ​គឺ​បាន​កំណត់​រួច​ស្រេច​ហើយ​ពីការ​ផាក​ពិន័យ ​ក៏​ដូច​ជា ​ការ​ដាក់​ពន្ធ​នា​គារ​ទៅ​លើជន​ប្រព្រឹត្ត​បទល្មើស​នៃ​ការ​បរបាញ់ ​ដាក់​អន្ទាក់​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​សត្វ​ព្រៃ​ប្រភេទ​កម្រ៕​