ភ្នំពេញៈ មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ជំរុញឱ្យមាន​ការបង្កើន​នូវ​គុណភាព​ផលិត​សៀវភៅ​សម្រាប់​កុមារ​នៅ​កម្ពុជា ខណៈ ​អ្នក​​ជំនាញ​សៀវភៅ​កុមារ អំពាវនាវ​ឱ្យ​អាណាព្យាបាល បណ្តុះ​ការស្រឡាញ់​សៀវភៅ​ដល់​កុមារ​តាមរយៈ​ការចូលរួម​ទិញ​សៀវភៅ​សម្រាប់​កុមារ បន្ទាប់​ពីស​ង្កេ​ត​ឃើញថា ការអាន​មានការ​ធ្លាក់ចុះ។

ការអំពាវនាវ​នេះ បាន​ធ្វើឡើង​នៅក្នុង​ព្រឹ​ត្តិការណ៍​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣ ក្នុង​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​លើក​ទី៨ រៀបចំ​ដោយ​សមាគម​ក្រុមប្រឹក្សា​សៀវភៅ​កុមារ និង​យុវជន​កម្ពុជា (IBBY Cambodia) នៅ​វិទ្យាល័យ​បឹងត្របែក រាជធានី​ភ្នំពេញ។

លោកស្រី ទន់ សា​អុីម អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា បាន​លើកឡើងថា ការបង្កើន​​នូវ​គុណភាព​ផលិត​សៀវភៅ គឺជា​រឿង​មួយដែល​ស្ថាប័ន​បោះ​ពុ​ម្ភ និងអ្នកនិពន្ធ​នានា គួរ​យកចិត្តទុកដាក់ ដើម្បី​ទាក់ទាញការចាប់​អារម្មណ៍​ពី​សាធារណជន។ លោកស្រី បន្តថា សៀវភៅ គួរតែ​ត្រូវបាន​បង្កើតឱ្យមាន​ទាំង​ការកម្សាន្ត និង​ចំណេះដឹង​ទៅ​ដល់​អ្នកអាន ព្រោះ​ទាំងនេះ គឺ​សុទ្ធសឹងតែ​ជា​ប្រយោជន៍​ទាំងអស់។

លោកស្រី បាន​បញ្ជាក់ថា៖«ការបង្កើន​ឡើង​នូវ​គុណភាព​ផលិត​សៀវភៅ គឺ​ដើម្បីឱ្យ​យើងទាំងអស់គ្នា​បាន​សិក្សា បាន​ទទួល​ចំណេះដឹង បាន​អភិវឌ្ឍ​ខ្លួនឱ្យ​កាន់តែ​មានចំណេះដឹង​បន្ថែមទៀត។ ក្មួយៗដែល​ចូលរួម​កម្មវិធី​នៅថ្ងៃនេះ​ នឹង​បាន​ចាប់អារម្មណ៍​អំពី​សៀវភៅ​សិក្សា ដើម្បី​កម្សាន្ត ដើម្បី​ទទួលបាន​ចំណេះដឹង គឺ​សុទ្ធសឹងតែ​ជា​ប្រយោជន៍​ទាំងអស់»។

លោក ទន់ សា​អុីម ថ្លែងថា សៀវភៅ​មាន​តួនាទី​ផ្តល់​ចំណេះដឹង សោភ័ណ និង​ការអប់រំ ដូច្នេះហើយ ទាំង​​ខ្លឹមសារ ទាំង​រូបភាព ត្រូវតែ​បង្ហាញ​ពី​តថភាព​ ចៀសវាង​ការផ្តល់​សារ​ខុស​ដែលនាំឱ្យ​អ្នកអាន​យល់ច្រឡំ ជាពិ​សេ​ស​​​​កុមារ ព្រោះ​កុមារ​ចូលចិត្ត​រូបភាព​ និង​ឆាប់​ផ្តិត​យក​ជាទីបំផុត។

លោកស្រី ហ៊ុយ ឆេង​រតនា តំណាង​សមាគម IBBY នៃ​កម្ពុជា បាន​និយាយថា សមាគម IBBY បាន​បង្កើតឡើង​នៅ​ប្រទេស​ស្វ៊ីស តាំងពី​ឆ្នាំ១៩៥៣ និង​មាន​សមាជិក​ចំនួន៨០ប្រទេស។ លោកស្រី បាន​បន្តថា IBBY គឺជា​សមាគម​អ្នក​ស្រឡាញ់​សៀវភៅ​ដែលមាន​ការប្ដេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​អភិវឌ្ឍ​វិស័យ​អំ​ណាន​សម្រាប់​កម្ពុជា តាមរយៈ​សកម្មភាព​នានា ក្នុងការ​ជំរុញ​ឱកាស​ឱ្យ​កុមារ​ចូលរួម​អាន​សៀវភៅ​ដែល​ខ្លួន​ចូលចិត្ត​អាន​បាន​ដោយ​សេរី។

ទន្ទឹមនឹងនេះ លោកស្រី ក៏បាន​បញ្ជាក់ដែរថា៖«សមាជិក​របស់ IBBY នៃ​កម្ពុជា រួមមាន គ្រឹះស្ថានបោះពុម្ពផ្សាយ បណ្ណា​ធិការ អ្នកនិពន្ធ វិចិត្រករ បណ្ណារក្ស អ្នក​ចែកចាយ​សៀវភៅ អ្នក​អប់រំ។ ទស្សនវិស័យ​ធំ​របស់​យើង គឺ១ ផ្ដល់​ការគាំទ្រ និង​ជំនួយ​ដល់​អង្គការ​ដៃគូ និង​អ្នក​ដែល​ធ្វើការ​នៅក្នុង​សៀវភៅ​កុមារ។ ២ លើកកម្ពស់​ការផ្លាស់ប្ដូ​រ​ជំនាញ និង​ចំណេះ​ដឹង​ដែល​ពាក់ព័ន្ធ​នឹង​សៀវភៅ​កុមារ​ទាំង​ថ្នាក់ជាតិ​និង​អន្តរជាតិ និង៣ លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេសផ្សេងៗទៀត​ដែល​ធ្វើការ​លើ​វិស័យ​សៀវភៅ​កុមារ»។

លោកស្រី គឹម​ស៊ុន សុធា​រី ប្រធាន Reading Book ដែលជា​ស្ថាប័ន​បោះ​ពុ​ម្ព និង​ចែកចាយ​សៀវភៅ​សម្រាប់​កុមារ បាន​​​​​និយាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា សៀវភៅ​ដែ​ល​ត្រូវបាន​បោះ​ពុ​ម្ព និង​ចែកចាយ​ដោយ Reading Book គឺ​សុទ្ធតែ​ត្រូវ​បាន​ឆ្លងកាត់​ការពិនិត្យ និង​បង្កើន​ការច្នៃប្រឌិត ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សាធារណជន ​ជាពិសេស​កុមារ។

​ លោកស្រី ថ្លែងថា ការអានមួយរយៈចុងក្រោយនេះ ​ហាក់​មានការ​ធ្លាក់ចុះ និង​មិនសូវមាន​ការចូលរួម​ច្រើន​ផុសផុល​នោះទេ បើទោះជា​សៀរ​ភៅ​ដែល​បានដាក់​តាំង​បង្ហាញ​បាន​បង្កើន​គុណភាព​យ៉ាងណាក៏ដោយ។ លោកស្រី ថ្លែងដោយរំពឹងថា សាធារណជន នឹងនៅតែបន្តចូលរួម និងគាំទ្រដល់ការអាន តាមរយៈការទិញសៀវភៅ និងនាំក្មេងៗ ឱ្យចូលរួមសៀវភៅ។

លោកស្រី បាន​បញ្ជាក់ថា៖«១រយៈ​នេះ ដូចជា​ការអាន​ធ្លាក់ចុះ ព្រោះ(ខ្ញុំ) ទៅ​កម្មវិធី​នៅតាម​ខេត្ត​មួយចំនួន ដូចជា​កំពង់​សោម សៀមរាប ខេត្ត​ត្បួ​ង​ឃ្មុំ គេ​ដូច​មិនសូវ​ចាប់អារម្មណ៍​នឹង​ការអានសោះ។ វា​មិនសូវ​ដូច​ពីមុន​ទេ ក្មេងៗឡូ​វ គាត់​យក​ភ្នែក​មើល​តែ​ទូរស័ព្ទ​ច្រើនពេក គាត់​មិនសូវ​យក​ភ្នែក​មើលសៀវភៅ​ទេ»។

IBBY Cambodia គឺជា​សមាគម​មួយ​ដែល​បានរៀបចំ​ប្រារព្ធ​​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជាជាលើក​ដំ​បូង​កាលពី​ឆ្នាំ២០១៣ ដើម្បី​ផ្តោត​សំខាន់​លើ​សៀវភៅ​សម្រាប់​កុមារតូចៗ ហើយ​ក្នុងនោះ អង្គការ​ដៃគូ​ជា​សមាជិក ក៏​បាន​ចូលរួម​ផ្តល់​ការកម្សាន្ត និង​សកម្មភាព​មួយចំនួន។

សម្រាប់​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​លើក​ទី៨ ដែល​ប្រារព្វ​ឡើង​ក្នុងឆ្នាំនេះ គឺមាន​សកម្មភាព​ជាច្រើន ដូចជា ការសម្ដែង​រឿង​ខ្លី​សម្រាប់​កុមារ ការបង្ហាញ​សមត្ថភាព​របស់​កុមារ ពិភព​និម្មិត សកម្មភាព​បណ្ណាល័យ​ចល័ត សំណួរ​ល្បងប្រាជ្ញា ការសរសេរ​តាម​អាន ការប្រឡង​ប្រកប​អក្សរ ការនិទាន​រឿង​ដោយ​ប្រើកា​មី​ស៊ី​បៃ ការបត់​រូបភាព​សត្វ​អូ​រី​កា​មី អំ​ណាន​សេរី ផាត់​ពណ៌ និង​គូររូប​ជាដើម។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាននិយាយថា ដៃគូរ​អភិវឌ្ឍន៍ បាន​និងកំពុង​ដើរតួនាទី​សំខាន់១ ក្នុងការ​ចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​កម្ពុជា តាមរយ:គ្រប់​រូបភាព ដូចជា​ការលើកកម្ពស់​អំ​ណាន​ តាមរយ:ការរៀបចំ​ទិវា​សៀវភៅ​កុមារ​អន្តរជាតិ​ដែលជា​មូលដ្ឋានគ្រឹះ​មួយ​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំនៅកម្ពុជា។

លោក បញ្ជាក់ថា៖«ក្រសួង​អប់រំ យុវជន និង កីឡា​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ណ៍​វិជ្ជមាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងការ​លើកកម្ពស់​អំ​ណាន​ដើម្បី​ចូលរួមចំណែក​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា។ សៀវភៅ​ជា​បង្អួច​ឱ្យ​អ្នកអាន​មើលឃើញ​ពិភពលោក​រឹតតែ​ច្បាស់»៕