
លោកជា វ៉ាត់ដេត(កណ្តាល)ក្នុងកម្មវិធី «បញ្ញវន្ដឌីជីថល» ដែលបើកដំណើរការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីថ្ងៃទី២មិថុនា។ រូបថត សហការី
ភ្នំពេញ: ឱកាសសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យនៅទូទាំងប្រទេសក្លាយជាពលរដ្ឋឌីជីថលបានមកដល់តាមរយៈកម្មវិធី «បញ្ញវន្ដឌីជីថល» ដែលបើកដំណើរការដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការប្រកួតប្រជែងកម្មវិធីអប់រំបែបកម្សាន្ដនេះ មានបំណងជំរុញគំនិតច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហាលើប្រធានបទឌីជីថល សម្រាប់យុវជនកម្ពុជាក្នុងសម័យបដិវត្ដន៍ឌីជីថលនេះ។
លោក ជា វ៉ាត់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងពេលបើកសម្ពោធផ្លូវការថា៖ «បញ្ញវន្ដឌីជីថលជាកម្មវិធីលើកកម្ពស់ និងការកសាងធនធានមនុស្សឆ្នើមរបស់កម្ពុជាជាពិសេស ការជំរុញសិស្សានុសិស្សថ្នាក់វិទ្យាល័យឱ្យស្វែងយល់បច្ចេកវិទ្យាឌីជីថលតាមរយៈការចូលរួមប្រកួតប្រជែង និងទទួលបានការហ្វឹកហាត់ពីអ្នកមានជំនាញ»។
លោករដ្ឋមន្ដ្រីបានចុចប៊ូតុងដំណើរការកម្មវិធី «បញ្ញវន្ដឌីជីថល» រៀបចំនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ ដែលបើកឱកាសឱ្យសិស្សានុសិស្សដាក់ពាក្យប្រកួតប្រជែងនៅទូទាំងប្រទេសជាមួយគោលដៅចាប់ផ្ដើម ៦រាជធានី-ខេត្ដ ដូចជាភ្នំពេញ កំពង់ចាម សៀមរាប បាត់ដំបង កណ្ដាល និងតាកែវ។
ដំណើរការដាក់ពាក្យដែលមិនគិតថ្លៃសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដល់ទី១២ លើរយៈពេល ១៤ សប្ដាហ៍ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី១៩ ខែមិថុនា ដោយមានក្រុង និងខេត្តចំនួន៦ នៅទូទាំងប្រទេសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតចុះឈ្មោះ។
លោកបន្ដថា កម្មវិធីនេះនឹងផ្ដល់ចំណេះដឹងបន្ថែមថ្មីៗដល់សិស្ស-និស្សិតប្រជាពលរដ្ឋស្របតាមគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២ - ២០៣៥។ រាជរដ្ឋាភិបាលឌីជីថល ផ្ដោតលើតួអង្គ ៣សំខាន់ គឺរាជរដ្ឋាភិបាល ធុរកិច្ច និងប្រជាពលរដ្ឋ។
លោកវ៉ាត់ដេត បានបន្ដថា៖ «ក្រសួងអប់រំ យុវជន និងកីឡា ជាតួអង្គសំខាន់តែ ១ គត់ ក្នុងការគ្រប់គ្រងវិស័យអប់រំទាំងមូល ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាក្រសួងជំនាញផ្នែកបច្ចេកវិទ្យា ចូលរួមចំណែកជួយក្នុងវិស័យអប់រំ ផ្នែកបច្ចេកវិទ្យាដែលជាការគិតគូរអេកូស៊ីសស្ទែមក្នុងវិស័យអប់រំនៃផ្នែកបច្ចេកវិទ្យា»។
កម្មវិធីនេះណែនាំសិស្សឱ្យស្គាល់ជំនាញឌីជីថលចម្រុះ ដោយការដោះស្រាយបញ្ហាតាមរយៈដំណេះដឹង និងជំនាញរបស់ពួកគេ រួមទាំងការប្រកួតប្រជែងដើម្បីមើល ថាតើអ្នកណាជាអ្នកចេះច្នៃប្រឌិតបំផុត និងអាចដោះស្រាយបញ្ហាពី ១សប្តាហ៍ទៅ១សប្ដាហ៍ទៀត។
លោក ជិន ថូមីត ផលិតករប្រតិបត្ដិកម្មវិធីបញ្ញវន្ដឌីជីថល បានចាត់ទុកកម្មវិធីនេះជាគំនិតនវានុវត្ដន៍ បំណងផ្ដល់ឱ្យសិស្សានុសិស្សនូវជំនាញ និងដំណេះដឹងផ្នែកឌីជីថល។
គោលបំណងនៃកម្មវិធី គឺប្រកាសជាផ្លូវការនូវការចាប់ផ្ដើមយុទ្ធនាការបញ្ញវន្ដឌីជីថល ជូនដំណឹងដល់អ្នកពាក់ព័ន្ធ និងដៃគូសក្ដានុពលដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងយុទ្ធនាការ និងលើកទឹកចិត្ដដល់បេក្ខជនមានសមត្ថភាពនៅទូទាំងប្រទេសដាក់ពាក្យចូលរួមកម្មវិធីបញ្ញវន្ដឌីជីថលនេះ។
លោកបានឱ្យដឹងថា បន្ទាប់ពីជាប់វគ្គជម្រុះ Judge Audition នៅដំណាក់កាលទី១ តាមទីតាំងទាំង ៦ រាជធានី-ខេត្ដ បេក្ខជននឹងធ្វើការប្រកួតប្រជែងបន្ដនៅរាជធានីភ្នំពេញដំណាក់កាលទី២ នៃវគ្គ Battle Zone ហើយវគ្គនីមួយៗ នឹងមានការបង្រៀន ការអនុវត្ដ និងការប្រកួតប្រជែង ដើម្បីជម្រុះ។
វគ្គទាំង ៧ នៃ Battle Zone រួមមាន Robotic & Solar Panels, Data Science, Financial Technology, AI, Digital Marketing and 3D Printing ដែលចាប់ផ្ដើមពីសប្ដាហ៍ទី៦ រហូតដល់សប្ដាហ៍ទី១១។
លោក ថូមីត បាននិយាយថា៖ «បេក្ខជន ដែលអាចឆ្លងកាត់វគ្គទាំង៧ នឹងមានឱកាសទៅកាន់វគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រនៃដំណាក់កាលទី៣ ដើម្បីគ្រងតំណែងជយលាភីនៃកម្មវិធី បញ្ញវន្ដឌីជីថល»។
លោកបន្ដថា៖ «តាមរយៈការផលិតកម្មវិធីបញ្ញវន្ដឌីជីថល ជាលក្ខណៈកម្សាន្ដបែបអប់រំមួយនេះ យើងជឿជាក់ថា ប្រជាជនកម្ពុជានឹងងាកមកចាប់អារម្មណ៍ចំណេះដឹងថ្មីៗទាក់ទងនឹងឌីជីថល ហើយវាក៏នឹងក្លាយជាកាតាលីករមួយដើម្បីឱ្យសិស្សានុសិស្ស និងប្រជាជនខ្មែររិះរកវិធីសាស្ដ្រផ្សេងៗទៀតក្នុងការទទួលបានចំណេះដឹងឌីជីថល»។
ការកសាងមាគ៌ាឆ្ពោះទៅកាន់សង្គមសេដ្ឋកិច្ចឌីជីថលដែលដឹកនាំដោយបញ្ញវន្ដឌីជីថល ពុំអាចកើតឡើងតែនៅក្នុងរបងនៃសាលារៀន ឬជញ្ជាំងនៃថ្នាក់រៀនប៉ុណ្ណោះទេ។ ប៉ុន្ដែវាកើតឡើងចេញពីទេពកោសល្យនៃបុគ្គលម្នាក់ៗ ដែលត្រូវការអេកូស៊ីសស្ទែមដ៏សមប្រកបសម្រាប់ការដុះដាល។ នេះបើយោងតាមលោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លោកបានថ្លែងថា៖ «ដើម្បីក្លាយជាបុគ្គលមានទេពកោសល្យ ឬបញ្ញវន្ដ ពួកគេត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ គឺ រក្សាសក្ដានុពលកំណើតពីធម្មជាតិ សមត្ថភាពដែលត្រូវដុសខាត់ក្នុងការអប់រំ និងការសម្រួចសម្បទារបស់ខ្លួនតាមរយៈការធ្វើឱ្យប្រសើរនៃទេពកោសល្យ និងភាពឈានមុខនៃទេពកោសល្យ»។
ភាពជោគជ័យរបស់កម្មវិធី គឺពឹងផ្អែកលើជំនាញ និងការណែនាំរបស់ចៅក្រម រួមមានលោកជិន ថូមីត ជាស្ថាបនិក និងនាយកប្រតិបត្ដិទីភ្នាក់ងារiDEN អ្នកនាង ស៊ូរ៉ូ ហ្សានិច ជា Partner Director ដែលគ្រប់គ្រងលើ TikTok នៅកម្ពុជា អ្នកនាង ឡាយ ស៊ីវហ៊ួង ជានាយិកាគ្រប់គ្រង Dichi Academy និងលោក គក់ ចំរើន ជាប្រតិបត្ដិករធនាគារផ្ដោតលើគំនិតផ្ដួចផ្ដើមយុវជន។
ពួកគេនិយាយថា៖ «ការប្រកួតប្រជែងគ្រាន់តែជាការធ្វើតេស្ដសមត្ថភាពនៃវគ្គជម្រុះនីមួយៗ។ យើងមិនមែនជ្រើសរើសបេក្ខជនទូទៅប្រទេសដែលចេះគ្រប់បច្ចេកវិទ្យាមកប្រកួតប្រជែងគ្នាទេ។ យើងជ្រើសរើសសិស្សានុសិស្សមានសក្ដានុពល និងការប្ដេជ្ញាចិត្ដចំពោះការរៀនសូត្រមកបណ្ដុះបណ្ដាល»។
បេក្ខភាពមកពីទូទាំងប្រទេស ត្រូវឆ្លងកាត់វគ្គជម្រុះជាច្រើនចាប់ពីការសម្រាំងក្នុងបញ្ជី (Application),Judge Audition ហើយបេក្ខជននឹងទទួលបានការបណ្ដុះបណ្ដាលធំៗចំនួន ៧ សប្ដាហ៍។
ចំពោះការចូលរួមកម្មវិធីបញ្ញវន្ដឌីជីថលនេះ សិស្សានុសិស្សត្រូវបានបែងចែកពេលវេលាច្បាស់លាស់រវាងការសិក្សានៅចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលផ្នែកឌីជីថល ដោយមិនឱ្យជាន់ម៉ោងសិក្សារបស់ពួកគេឡើយ។
គណៈកម្មការទាំង ៤ នាក់បានឱ្យដឹងថា៖ «ច្បាស់ណាស់ អ្នកដែលទទួលជយលាភី ក្រៅពីការទទួលបានប្រាក់រង្វាន់ និងអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្រិតអន្ដរជាតិ ពួកគេនឹងក្លាយជាបញ្ញវន្ដឌីជីថលរបស់កម្ពុជា»។
លោករដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា ក្រសួងគ្រោងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលនៅគ្រប់វិទ្យាល័យទាំង ៥៨៨ នៅទូទាំងប្រទេស។
លោក វ៉ាន់ដេត បានបន្ដថា៖ «លើកនេះយើងធ្វើការប្រកួតប្រជែងកម្រិតវិទ្យាល័យ ហើយអនាគត យើងនឹងធ្វើការប្រកួតចាប់ពីកម្រិតបឋមសិក្សាឡើងទៅ។ បើយើងសម្រេចការងារនេះ អនាគតគោលនយោបាយរបស់យើង នឹងបានជោគជ័យដោយសារអ្នកចេញពីសាលាក្លាយទៅជា Digital Citizen ជាផ្នែកមួយនៃក្របខ័ណ្ឌសេដ្ឋកិច្ចសង្គមឌីជីថល»។
យ៉ាងណាមិញ លោកទទួលស្គាល់ថា បច្ចុប្បន្នកម្ពុជានៅមានការខ្វះខាតច្រើនចំពោះអ្នកមានជំនាញផ្នែកបច្ចេកវិទ្យានៅពេលដែលនិន្នាការពិភពលោកកំពុងតែរំកិលទៅរកបដិវត្ដកម្មឌីជីថល ដោយសារជំនាញឌីជីថលនេះនៅមិនទាន់មានប្រជាប្រិយភាពក្នុងចំណោមសិស្ស-និស្សិតកម្ពុជា។
លោកបានឱ្យដឹងថា «យើងផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដើម្បីឱ្យបញ្ញវន្ដខ្មែរមានទាំងសញ្ញាបត្រ និងសមត្ថភាព គឺការផ្ដល់អាហារូបករណ៍ដល់សិស្សរៀនចប់បាក់ឌុប និងកម្មវិធីបណ្ដុះបណ្ដាលអ្នកជំនាញបច្ចេកវិទ្យាតាមរយៈអាហារូបករណ៍ទៅតាមទិន្ទេស និងការស្នាក់នៅក្រោមថវិការបស់ក្រសួងប្រៃសណីយ ក៏ដូចជាផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកជំនាញនៅតាមស្ថាប័នរដ្ឋ និងឯកជន»។
លោក វ៉ាន់ដេត រំពឹងថា នៅរយៈពេលពី ៥ ទៅ ១០ ឆ្នាំទៀត កម្ពុជានឹងមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេសលើផ្នែកបច្ចេកវិទ្យាឌីជីថលនេះ។
ម្ចាស់ជយលាភីពីលេខ ១ ទទួលបានថវិកា ១៥ លានរៀល អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីសាលាអន្ដរជាតិ AUPP រយៈពេល ៤ ឆ្នាំ, ជយលាភីទី២ ទទួលបានប្រាក់ ១០ លានរៀល អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្រិតអន្ដរជាតិរយៈពេល ៤ ឆ្នាំ និងចំណាត់ថ្នាក់ទី៣ ទទួលបានប្រាក់ ៥ លានរៀល អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្រិតអន្ដរជាតិរយៈពេល ៤ ឆ្នាំ។
ក្រៅពីចំណាត់ថ្នាក់ទី៣ ខាងលើ លោកវ៉ាត់ដេត បានផ្ដល់រង្វាន់ចាប់ពីលេខ ៤ ដល់លេខ ២០ ជាមួយឧបករណ៍កុំព្យូទ័រ ១ គ្រឿង និងប្រាក់ ៥០០ ដុល្លារ។
សម្រាប់សិស្សានុសិស្សចាប់អារម្មណ៍កម្មវិធីបញ្ញវន្ដឌីជីថលសូមចុះឈ្មោះក្នុងតំណភ្ជាប់ https://forms.gle/37Hd5nrSAQU4bFCp6នេះ៕