សៀមរាបៈ ចាប់ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បានបង្កាត់ ពូជសត្វ ព្រៃកម្រជិតផុតពូជបានចំនួន ១២ ប្រភេទ ក្នុងនោះមានអណ្តើកចំនួន ៦ ប្រភេទ និងបក្សីចំនួន ៦ ប្រភេទ ខណៈមជ្ឈមណ្ឌលនេះ កំពុងអភិរក្សសត្វព្រៃ ៣០ ប្រភេទ ស្មើនឹងចំនួន ៩០០ ក្បាល។ នេះបើតាមកញ្ញា Christel Griffioen នាយិការ ACCB។
កញ្ញា Christel Griffioen បញ្ជាក់ថា៖ «សត្វដែលយើងបានបង្កាត់ពូជមានច្រើន ប៉ុន្តែខ្ញុំសុំលើកពីប្រភេទសំខាន់ៗមានដូចជា ការបង្កាត់ពូជត្រយងចង្កំកស ដែលយើងទើបធ្វើបានជោគជ័យឆ្នាំនេះ យើងក៏មានការបង្កាត់ពូជសត្វខ្សឹប ក្រៅពីហ្នឹងក៏មានអណ្តើកហ្លួងដែលជាល្មូនតំណាងជាតិ មានអណ្តើកព្រិច អណ្តើកបិទមុខ អណ្តើកតោង និងអណ្តើកផ្សេងៗទៀត»។
កញ្ញាបានឱ្យដឹងថា ប្រភេទសត្វកម្រដែលជិតផុតពូជទាំងនោះត្រូវបានក្រុមការងារប្រមូលពង ក៏ដូចជាសត្វដែលមានបញ្ហាមកពីតំបន់ធម្មជាតិធ្វើការព្យាបាល បង្កាត់ពូជ និងលែងចូលក្នុងល្បាយប្រជាសាស្ត្រប្រភេទកម្រដែលការពារមិនឱ្យផុតពូជ។ កញ្ញាបន្តថា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះសត្វកម្រដែលបង្កាត់ពូជបាននៅមិនទាន់អាចលែងចូលក្នុងព្រៃធម្មជាតិវិញបានទេ។
កញ្ញាបញ្ជាក់ថា៖«គម្រោងលែងកូនសត្វកម្រទាំងនេះជាគម្រោងរយៈពេលវែងអាចដល់២០ឆ្នាំ ទម្រាំយើងបានចំនួនច្រើនដែលយើងអាចធានាថា សត្វទាំងនោះនឹងមិនអាចផុតពូជបានទៅថ្ងៃមុខ ទើបយើងអាចលែងទៅក្នុងជម្រកធម្មជាតិវិញបាន»។
កញ្ញា Christel Griffioen បានឱ្យដឹងទៀតថា ទោះបីជាការបង្កាត់ពូជសត្វបានជោគជ័យ ហើយបានដោះលែងទៅក្នុងជម្រកធម្មជាតិវិញក៏ដោយ ក៏សត្វព្រៃនៅតែមានបញ្ហា និងប្រឈមការបាត់បង់ប្រសិនបើវិបត្តិអន្ទាក់នៅតែកើតមាន។ កញ្ញាលើកឡើងថា ក្រុមការងារ ACCB បានឃើញផ្ទាល់នឹងភ្នែកថា អន្ទាក់បានបំផ្លាញសត្វព្រៃនៅប្រទេសកម្ពុជាដោយមិនរើសមុខ។ អន្ទាក់នេះហើយជាដើមហេតុនៃការសម្លាប់ និងការបង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងរ ដល់ពពួកថនិកសត្វ បក្សី និងសត្វល្មូនជាច្រើនប្រភេទនៅក្នុងព្រៃធម្មជាតិ។
តំបន់អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូរជីវចម្រុះច្រើនជាងគេបំផុតនៅលើផែនដី ហើយក្រុមអ្នកវិទ្យាសាស្ត្របន្តរកឃើញប្រភេទសត្វថ្មីក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ ជាក់ស្តែងសត្វលូនប្រភេទថ្មីចំនួន២ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្ដម-ភ្នំគូលែនក្នុងពេលថ្មីៗនេះ ដែលនេះជាការគូសបញ្ជាក់យ៉ាងច្បាស់ថា ខេត្តសៀមរាបមិនត្រឹមតែជាកន្លែងដ៏សំខាន់បំផុតនៃផ្នែកបុរាណវិទ្យានៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ខ្លាំងសម្រាប់ជីវចម្រុះផងដែរ។ នេះបើតាមការបន្ថែមរបស់ កញ្ញា Christel Griffioen។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការចូលរួមការពារ និងអភិរក្សសត្វព្រៃ ជាពិសេសគឺសត្វព្រៃប្រភេទកម្រៗ។ ទន្ទឹមនឹងការថែរក្សា ព្យាបាលទៅដល់សត្វដែលរងរបួសដោយសារការដាក់អន្ទាក់ ឬកត្តាផ្សេងៗ ឃើញថា នៅក្នុងមជ្ឈមណ្ឌលនេះ ក៏ជាមជ្ឈមណ្ឌល១ដែលបង្កាត់ពូជសត្វក្រៅជម្រកធម្មជាតិផងដែរ។
លោកថ្លែងថា៖«យើងជឿជាក់ថា ជាមួយនឹងកិច្ចការងាររបស់មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះនេះ នឹងចូលរួមបន្ថែមទៀតនៅក្នុងការបង្កាត់ពូជប្រភេទសត្វកម្រៗ ដើម្បីបង្កើនចំនួនសត្វនៅក្នុងធម្មជាតិ មានន័យថា បង្កាត់នៅក្នុងជម្រកក្រៅធម្មជាតិ ហើយបន្សាំវា បន្ទាប់មកយកទៅលែងក្នុងជម្រកធម្មជាតិវិញ»។
លោកបញ្ជាក់ថា ប្រភេទសត្វកម្រមួយចំនួននៅកម្ពុជា ដែលបានធ្វើការបង្កាត់ពូជ និងលែងទៅវិញនៅក្នុងជម្រកធម្មជាតិដើម្បីឱ្យសត្វមានចំនួនកើនមានដូចជា ប្រភេទសត្វខ្សឹប អណ្តើកហ្លួង ក្រពើភ្នំ និងកន្ធាយក្បាលកង្កែប។ ក្រសួងបរិស្ថានចង់ឱ្យមានការសិក្សាបន្ថែមទៀត ទៅលើការបង្កាត់ប្រភេទពូជសត្វកម្រៗ ផ្សេងៗទៀតដើម្បីបង្កើនចំនួនប្រជាសាស្ត្រនៃប្រភេទសត្វកម្រទាំងនោះនៅក្នុងជម្រកធម្មជាតិនៅកម្ពុជា៕