​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តាំ​ទៅដល់​អភិ​បាល​ខេត្ត​ទាំងអស់​ត្រូវការពារ​សិទ្ធិ​កម្មករ និង​ត្រូវខិតខំ​ដោះ​ស្រាយ​បញ្ហា ឬ​វិវាទ​កម្មករ​ឱ្យបាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដើម្បី​ផ្សះផ្សា​បញ្ចប់​វិវាទ​នៅ​មូលដ្ឋាន​ដោយ​កុំ​រង់ចាំតែ​ក្រសួង​ការងារ​ចុះទៅ​ដោះស្រាយ​។​

​ក្នុង​ពិធី​សួរសុខទុក្ខ និង​សំណេះ​សំ​ណា​ល​ជាមួយ​កម្មករ​និ​យោ​ជិត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់​​ស្ពឺ កាលពី​ថ្ងៃទី ​៤ ខែមិថុនា លោក ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាធរ​នៅ​ថ្នាក់​ខេត្ត ជាពិសេស​ចៅហ្វាយខេត្ត គឺជា​អ្នក​ដែលមាន​សិទ្ធិ​មុនគេ​ក្នុងការ​សម្របសម្រួល​ផ្សះផ្សា​វិវាទ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ ​​«​ពេល​រោងចក្រ​មាន​បញ្ហា​ គឺ​យើង​ខិតខំ​ដោះស្រាយ​ឱ្យ​លឿន​បំផុត ហើយ​យក​ការទទួលខុសត្រូវ​ដើម្បី​ការពារ​សិទ្ធិ​កម្មករ​។ គ្មាន​អ្នក​ណា​មានលទ្ធភាព​អាច​ការពារ​សិទ្ធិ​កម្មករ​ជាង​អាជ្ញាធរ​របស់​រដ្ឋ​ទេ ត្រូវ​ចាំ​អស់លោក​ចៅហ្វាយ​ខេត្ត សហជីព​បាន​ត្រឹម​ដឹកនាំ​បាតុកម្ម​ប៉ុន្តែ​អ្នកដោះស្រាយ​បញ្ហា​ពិតប្រាកដ​គឺ​អាជ្ញាធរ មាន​មន្ទីរ​ការងារ​ភ្លាមៗ​ចុះ​ដោះស្រាយ​»​។​

​ជាមួយគ្នានេះ​លោក ហ៊ុន សែន បាន​រំឭក​ដល់​កម្មករនិយោជិត​ត្រូវ​ចាត់ទុក​រោងចក្រ​គឺជា​ឆ្នាំង​បាយ​របស់ខ្លួន ខណៈ​លោក​ក៏​ជំរុញ​ទៅកាន់​ថៅកែ​រោងចក្រ​ត្រូវគោរព​សិទ្ធិ​កម្មករ និង​ច្បាប់​ក្នុងស្រុក ដើម្បី​បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​។

លោក​មាន​ប្រសា​សន៍​ថា​៖ «​ក្មួយៗ​ចាំ​ឱ្យ​ច្បាស់ រោងចក្រ​គឺជា​ឆ្នាំងបាយ​របស់​យើង បើ​យើង​ធ្វើ​អ្វី​ហើយ ដែល​វា​មាន​ចរិត​បំផ្លាញ​ទៅដល់​ឆ្នាំង​បាយ​សូមកុំ​ធ្វើ​។ ប៉ុន្តែ​មិនមែន​ព្រលែង​ឱ្យ​ថៅកែ ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ដែល​មិន​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​កម្មករ​នោះទេ អ៊ីចឹង​ត្រូវបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​»​។​

​លោក​ក៏​ផ្តាំ​ទៅកាន់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ឈរ​ពីមុខ ការពារ​សិទ្ធិ​កម្មករ ហើយ​ត្រូវ​រួម​គ្នា​ដោះស្រាយ​ការមិនចុះសម្រុង ឬ​វិវាទ​ណាក៏ដោយ ឱ្យបាន​ឆាប់​បំផុត​តាមតែ​អាចធ្វើ​ទៅបាន នៅតាម​រោងចក្រ​កុំ​រង់ចាំតែ​សហ​ជីព និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះទៅ​ដោះស្រាយ​។​

​បន្ថែម​ពីនេះ​លោកនាយក​រដ្ឋ​មន្ត្រី បាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចុះ​ពិនិត្យ​តាមដាន កន្លែង​ទទួលទាន​អាហារ កន្លែង​បំបៅកូន និង​មណ្ឌល​សុខភាព​របស់​កម្មករ​និយោជិត​នៅតាម​រោងចក្រ​ឱ្យបាន​ហ្មត់ចត់​ដើម្បីឱ្យ​ម្ចាស់​រោងចក្រ​កែសម្រួល​នៅពេល​មាន​ចំណុច​ខ្វះខាត​ណាមួយ​។

​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (CCAWDU)​ លោក​ គង់ អា​ទិ​ត្យ យល់ថា ការ​ថ្លែង​សារ​របស់​នាយករដ្ឋមន្ត្រី គឺជា​ចំណុច​ល្អ ដែលជា​សារ​លើកទឹកចិត្ត និង​ពញ្ញាក់​ស្មារតី ដល់​អាជ្ញាធរ​គ្រប់​បណ្តា​ខេត្ត ក្នុងការ​ចូលរួម​ដោះ​​ស្រាយ​បញ្ហា និង​វិវាទ​កម្មករនិយោជិត​នៅ​មូលដ្ឋាន​។ ជាមួយគ្នានេះ​លោក​ស្នើ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​វិវាទ​របស់​កម្មករ​ប្រកបដោយ​ប្រសិទ្ធ​ភាព សន្តិវិធី ចៀសវាង​ប្រើ​អំពើហិង្សា​។

​លោក​ថ្លែង​នៅ​ថ្ងៃទី​ ៤ ខែមិថុនា ថា​៖ «​វិវាទ​ការងារ​លុះ​ត្រា​តែមាន​បាតុកម្ម​តវ៉ា​ទើប​មាន​អាជ្ញាធរខេត្ត​ចូលរួម បើ​ថា​វិវាទ​ការងារ​ទូទៅ ​គឺ​គេ​មាន​មន្ត្រី​មន្ទីរ​ការងារ​ដោះស្រាយ​តាម​ជំនាញ ហើយ​នៅពេល​មានការ​តវ៉ា ផ្ទុះ​បាតុកម្ម គឺ​មន្ត្រីខេត្ត​គេ​ចុះ​ដោះ​​ស្រាយ​តាម​មុខងារ​។ ប៉ុន្តែ​ពេលខ្លះ​ក៏មាន​ការតឹងតែង ប្រឈមមុខ​ដាក់គ្នា​រវាង​កម្មករ និង​អាជ្ញាធរ អ៊ីចឹង​! អ្វី​ដែលជា​សំណូមពរ គឺ​យើង​ចង់ឱ្យ​ការចុះទៅ​ដោះស្រាយ​ធ្វើឡើង​ប្រកបដោយ​សន្តិវិធី ជា​ជាង​ទៅ​បង្ក្រាប​ដែល​ធ្វើឱ្យ​ខាត​បង់​ទាំងសងខាង​»​។​

​បើតាម​របាយការណ៍ ក្រសួង​ការងារ នៅ​ឆ្នាំ​ ២០២៣ ​នេះ រោង​ចក្រ​វិស័យ​កាត់ដេរ​បាន​កើន​ដល់​ចំនួន ១ ៣២៦ ដែលមាន​កម្មករនិយោជិត ប្រមាណ ៨៤​ ម៉ឺន​នាក់​ (​ស្រី ៦៦ ​ម៉ឺន​នាក់​) ការ​នាំចេញ​មាន​រហូតដល់​ប្រមាណ ១៣​ ពាន់​លាន​ដុល្លារ អាមេរិក (​ឆ្នាំ​២០២២)​ ដែល​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៧២៧​ រោងចក្រ មាន​កម្មករ​-​និយោជិត ប្រមាណ ៣៤ ​ម៉ឺន​នាក់ (​ស្រី ២៦​ម៉ឺន​នាក់​)​។ បើ​សរុប​ទាំងអស់ រោងចក្រ សហគ្រាស នៅត្រឹម​ឆ្នាំ ២០២៣ នេះ​មាន​សរុប​ជាង ១៧ ០០០ ដែល​ប្រើ​​ប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន​ប្រមាណ ១,៥​ លាន​នាក់​៕