​ភ្នំពេញៈ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​បញ្ចប់​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឱ្យ​ភាគី​ជម្លោះ​វិល​ទៅរក​តុ​ចរចា ដោយ​ឈរលើ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិ​សុខ​អាស៊ី​លើក​ទី​២០ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី ​៤ ខែមិថុនា លោក​ថ្លែងថា​៖ «​ក្រៅពី​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ យើង​ក៏​ត្រូវបាន​ញាំញី​ដោយ​បញ្ហា​សន្តិ​សុខ​ក្នុង​តំបន់ និង​ពិភពលោក​យ៉ាងខ្លាំង​ក្លា​។ គោលបំណង​សំខាន់​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​បញ្ចប់សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​»​។​

​លោក ទៀ បាញ់ ថ្លែងថា កម្ពុជា​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង​របស់​ប្រទេសមួយ​ប្រឆាំងនឹង​ប្រទេស​មួយទៀត ការ​បំបែក​រដ្ឋ និង​ការកាន់កាប់​រដ្ឋ​អធិប​​តេ​យ្យ​មួយ​។ កម្ពុជា​ជឿជាក់ថា​ការបញ្ចប់​សង្គ្រាម​ទាមទារ​នូវ​សម្បទាន​ទៅវិញទៅមក ដែល​រួមមាន​ការបញ្ឈប់​ការប្រើប្រាស់​កម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា គោរព​ច្បាប់​អន្តរជាតិ បញ្ឈប់​ការលើកទឹកចិត្ត​ពី​ខាងក្រៅ​ដើម្បី​ពង្រីក​សង្គ្រាម និង​បញ្ឈប់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​។​

​លោក​ថ្លែងថា​៖ «​នេះ​បង្ហាញឱ្យឃើញ​ច្បាស់​ថា យើង​មិនមាន​គំរូ​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​អនុវត្តតាម​ក្នុងស្ថានភាព​នេះ ក្រៅពី​ការ​ទទួលស្គាល់ថា​យើង​មិនអាច​បញ្ចប់សង្គ្រាម​តាមរយៈ​សង្គ្រាម​បានទេ​។ ជម្រើស​ដែល​សមស្រប​បំផុត​គឺ​ត្រូវ​បញ្ចប់​ការ​​បង្ហូរឈាម ហើយ​ត្រឡប់​ទៅ​តុ​​ចរចា​វិញ​ក្នុង​ស្មារតី​នៃ​លទ្ធផល​ឈ្នះ​-​ឈ្នះ ដោយហេតុថា​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​នឹង​បន្ត​រស់នៅ​ជាមួយគ្នា​នៅក្នុង​តំបន់​រាប់រយឆ្នាំ​ទៅមុខទៀត​»​។​

​លោក​បាន​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​ដែល​គួរតែ​ផ្តោតលើ​ការគោរព​គ្នា​ទៅវិញទៅមក​។ កម្ពុជា​គាំទ្រ​រាល់​គំនិត​ផ្តួចផ្តើម​ដែល​ផ្តល់​ដំណោះស្រាយ​ន​យោ​បាយ​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ដូចជា គំនិត​ផ្តួចផ្តើម​ទាំង​ ១២ ​ចំណុច​របស់​ចិន​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​នៅក្នុង​ប្រជុំ​កំពូល​នេះ កម្ពុជា​អំពាវនាវ​ដល់​សហគម​ន៍​អន្តរ​ជាតិ​ឱ្យ​ផ្តល់​គំនិត​ផ្ដួចផ្ដើម​ដែលមាន​គោលបំណង​ស្រដៀង​គ្នា​នេះ​ដើម្បី​ទទួលបាន​ដំណោះ​ស្រាយ​នយោបាយ ដោយ​លោក ​ទៀ បាញ់ លើកឡើងថា ប្រសិន​​បើ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត ភាគី​ទាំង​ ២ ​នឹងរង​នូវ​ការខាតបង់​យ៉ាងខ្លាំង​។ ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​ធំៗ ដែល​បាន​រារាំង​ដល់​សុខដុមរមនា និង​វិបុលភាព​នៃ​ប្រជាជាតិ​ដទៃ ហើយ​ថា ភាគី​ប្រកួតប្រជែង​នឹងមិន​ទទួលបាន​ផលចំណេញ​ធំដុំ​នោះទេ ព្រោះ​វា​ជា​រឿង​ចៀស​មិន​រួច​ដែលថា ពួកគេ​នៅតែ​ពឹងពាក់​គ្នា​ទៅវិញទៅមក​ក្នុង​រយៈពេល​យូរ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ក្នុងនាម​ជា​សមាជិក​អាស៊ាន កម្ពុជា​ចង់ឃើញ​ការផ្លាស់ប្តូរ​ការអនុវត្ត​របស់​ប្រទេស​ជា​គូប្រកួត​ប្រជែង​ដោយ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​ផលប្រយោជន៍​រួម ស្ថិរភាព និង​វិបុលភាព​សម្រាប់​តំបន់ និង​ពិភពលោក​។ យើង​ក៏​ចង់ឃើញ​ការបន្ធូរបន្ថយ​ភាព​តានតឹង និង​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ការស្វែងរក​ដំណោះ​ស្រាយ​ដែល​អាច​ទទួលយកបាន ដើម្បី​បញ្ចប់សង្គ្រាម​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​លោក​បាន​ជំរុញឱ្យមាន​ការ​បង្កើត និង​ដំណើរការ​យន្តការ និង​ភាពជា​ដៃគូ​ដែល​ធ្វើឡើង​ដោយ​ប្រទេស​មហាអំណាច​មួយចំនួន​ក្នុង​តំបន់ ដែល​ត្រូវបាន​វិនិច្ឆ័យ​ពី​ទស្សនៈ​ផ្សេងៗ​គ្នា ហើយ​ថា វា​ជា​សេណារីយោ​ដ៏​ល្អឥតខ្ចោះ ប្រសិនបើ​យន្តការ ឬ​ភាពជា​ដៃគូ​ទាំងនេះ​បម្រើ​គោល​​បំណង​នៃ​ការលើកទឹកចិត្ត​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៃ​តំបន់​នេះ​។​

​លោក ទៀ បាញ់ ក៏បាន​លើក​ឡើង​ពី​បញ្ហា​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម ដែល​កម្ពុជា​បាន​ជួបប្រទះ ដោយ​លោក​បន្ថែមថា​៖ «​ពិតណាស់ យើង​ផ្តល់នូវ​តម្លាភាព​នៃ​សកម្មភាព​របស់​យើង ដើម្បី​ចៀសវាង​ការយល់​ច្រឡំ​ទៅលើ​បញ្ហា​នៃ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម​»​។​

​លោក​ក៏បាន​លើកឡើង​អំពី​បញ្ហា​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បញ្ជាក់ថា ជោគជ័យ​គឺ​មិនអាច​ធានាបាន​នោះទេ ប្រសិនបើ​មិនមាន​ការប្តេជ្ញាចិត្ត​ពិតប្រាកដ​ពី​មី​យ៉ាន់​ម៉ា​ផ្ទាល់​។ ការស្វែងរក​ការជឿទុកចិត្ត​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​គឺជា​គន្លឹះ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​នេះ​។ ខណៈពេលដែល​នៅតែមាន​ជម្លោះផ្ទៃក្នុង និង​សង្គ្រាមស៊ីវិល​កើតឡើង ជា​ពិសេស​នៅ​ទ្វីប​អ្រា​ហ្វិ​ក ដែល​បង្កឱ្យមាន​វិបត្តិ​មនុស្សធម៌​យ៉ាង​ខ្លាំង​នោះ កង​រក្សា​សន្តិភាព​ពិតជា​ត្រូវការ​ជា​ចាំបាច់​ណាស់​។ កម្ពុជា​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹងសមត្ថភាព និង​ការចូល​រួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្រោម​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ជួយ និង​កសាង​សុខដុមរមនា​សម្រាប់​អ្នក​ដែល​កំពុង​រង​ទុក្ខ​។​

​លោក ទៀ បាញ់ គូសបញ្ជាក់ថា​៖ «​កាលពី​ឆ្នាំមុន កម្ពុជា​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ឯកសារ​ទស្សនទាន​មួយ​ដើម្បី​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ប្រតិ​ប​ត្តិ​ការរក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​»​។​

​លោក Li Shangfu រដ្ឋមន្ត្រី​​ការពារ​ប្រទេស​ចិន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ថា ប្រទេស​ចិន​ នឹង​បន្ត​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រួម​បន្តទៀត​ជាមួយ​ប្រទេស​នានា រួមមាន​សមយុទ្ធ​យោធា​នាគ​មាស​ចិន​-​កម្ពុជា​ផងដែរ​។

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា​ថ្លែងថា ទាំង​ប្រមុខ​រដ្ឋាភិបាល ប្រមុខ​ការពារជាតិ ក៏ដូចជា​ប្រមុខ​ការ​ទូត​របស់​កម្ពុជា​តែងតែបាន​បញ្ជាក់​ហើយ​បញ្ជាក់ទៀតថា បញ្ហា​វិបត្តិ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺ​មិនអាច​យក​សង្គ្រាម​បញ្ចប់សង្គ្រាម​ទេ គឺ​មានតែ​តាមរយៈ​ការចរចា​ដោយ​សន្តិវិធី ដោយ​ឈរលើ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​អន្តរជាតិ និង​វិធីសាស្ត្រ​ដោះ​ស្រាយ​បែប​ឈ្នះ​-​ឈ្នះ ទើប​អាច​បញ្ចប់សង្គ្រាម​នេះ​បាន ហើយ​មាន​លក្ខណៈ​យូរអង្វែង​។​

​លោកថ្លែងថា​៖ «​ប្រសិនជា​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​ជម្លោះ និង​ក្រៅ​ជម្លោះ​នៅតែ​បន្ត​លើក​​ទឹកចិត្ត​ឱ្យមាន​ការធ្វើ​សង្គ្រាម​តាមរយៈ​ការផ្ដល់​នូវ​សព្វាវុធ​យុទ្ធភណ្ឌ ឬក៏​ការលើកទឹកចិត្ត​បែប​ណាមួយ​ដែលជា​លក្ខណៈ​បញ្ឆេះ​សង្គ្រាម​នោះ គឺ​សង្គ្រាម​អត់​ចប់​ទេ​។ អ៊ីចឹង​ទេ ទាំង​រុស្ស៊ី​ខ្លួនឯង​ផ្ទាល់ ទាំង​អ៊ុយ​ក្រែ​ន​ក៏ដូចជា​អ្នក​ដែល​នៅ​ខាងក្រៅ​សង្គ្រាម​ហ្នឹង​ក៏​គួរតែ​ចាប់យក​មធ្យោបាយ​ចរចា​ដោយ​សន្តិវិធី ឈរលើ​គោលការណ៍​ច្បាប់ អា​ហ្នឹង​ទើប​អា​ចរក​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​បាន ហើយ​ជា​សន្តិ​ភាពជា​ស្ថិរភាព​មួយ​យូរ​​អង្វែង​»​។ «​ប្រសិនជា​បន្ត​សង្គ្រាម​ទៀត​គឺ​សោកនាដកម្ម​មិន​ត្រឹម​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ខ្លួនឯង​នោះទេ វា​ជះឥទ្ធិពល​ទូទាំង​ពិភពលោក​៕