
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅបោះឆ្នោតឃុំ-សង្កាត់នៅសាលាគរុកោសល្យ និងវិក្រឹត្យការក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ រូបថត SPM
ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកពីការងារចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៣ ខែមិថុនា ដែលចុះហត្ថលេខាដោយលោក ឈួន ឆាម រដ្ឋលេខាធិការជួសរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ឈួន ឆាម បានលើកឡើងតាមរយៈលិខិតនេះថា ការអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ-និយោជិតឈប់សម្រាកពីការងារនេះគឺដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ដោយកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលដដែល។
ជាមួយគ្នានេះដែរលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចេញសេចក្តីណែនាំដល់រោងចក្រ សហគ្រាសគ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ អនុវត្តឱ្យបានល្អ បន្ទាប់ពីទទួលបានលិខិតពីទីស្តីការគណៈរដ្ឋមន្ត្រី។ លោកសំហេង បានលើកឡើងថា៖ «រាល់ការឈប់សម្រាករបស់បងប្អូនកម្មករ-និយោជិតដែលរាជរដ្ឋាភិបាលបានកំណត់ គឺពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយហើយម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវខិតខំបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២៣»។
លោកបន្តថា៖ «បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេសូមអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិតខ្ចីប្រាក់ឈ្នួល ១ ភាគ (បុរេប្រទាន) ជាមុនសិន។ ក្រសួងការងារ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមសេចក្ដីណែនាំនេះប្រកបដោយប្រសិទ្ធភាព»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករនិយោជិតប្រមាណជាង ២៧ ០០០ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន ២៤ នៅខេត្តកំពង់ស្ពឺនៅថ្ងៃទី ៤ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យកម្មករ កម្មការិនីធ្វើដំណើរទៅបោះឆ្នោតទាំងអស់គ្នាដោយរាជរដ្ឋាភិបាល បានសម្រេចឱ្យឈប់សម្រាកចំនួន ៣ ថ្ងៃ ដោយមានប្រាក់ឈ្នួលដដែល។
លោកហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ឱ្យហើយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នៅខាងមុខនេះ ក្មួយៗ ត្រូវទៅបោះឆ្នោតដែលវាជាកាតព្វកិច្ចរបស់ពលរដ្ឋ បើទោះបីវាជាសេរីភាពរបស់ពលរដ្ឋថា ចង់បោះឬមិនបោះ ឬចង់បោះឱ្យគណបក្សណាក៏ដោយ»។
លោក ម៉ាន់ សេងហាក់ ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារ បានថ្លែងនៅថ្ងៃទី ៤ ខែមិថុនា ថា ចំពោះការអនុញ្ញាតឱ្យមានការឈប់សម្រាកក្នុងពេលបោះឆ្នោតនេះពិតជាល្អ ធ្វើឱ្យកម្មករនិយោជិតមានការសប្បាយចិត្តព្រោះពួកគាត់មានពេលវេលាគ្រប់គ្រាន់ទាំងការធ្វើដំណើរទៅមក និងការបោះឆ្នោត ជាពិសេសការរក្សាប្រាក់ឈ្នួលរបស់ពួកគាត់ក៏នៅដដែលថែមទៀត។ លោកបន្តថា មួយវិញទៀត រដ្ឋាភិបាលចង់ឱ្យកម្មករកម្មការិនីទាំងអស់នោះ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីគាំទ្រដល់គណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្ត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងនៅថ្ងៃទី ៤ ខែមិថុនា ថា ការបោះឆ្នោតសកលនាពេលខាងមុខ គឺទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងការពង្រីកវិស័យបោះឆ្នោតនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។
លោក ពុទ្ធា បានថ្លែងថា៖ «ដូច្នេះការដែលរាជរដ្ឋាភិបាលប្រកាសឱ្យកម្មករនិយោជិតឈប់សម្រាកដើម្បីមានឱកាស និងពេលវេលាគ្រប់គ្រាន់ទៅបោះឆ្នោត គឺជាការលើកស្ទួយ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យទស្សនៈរបស់ប្រជាពលរដ្ឋមកពីគ្រប់និន្នាការត្រូវបានបញ្ចេញតាមរយៈការបោះឆ្នោតនេះ»។
លោកបានបន្ថែមទៀតថា៖ «រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការជំរុញឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសការចូលរួមរបស់កម្មករ កម្មការិនី»៕