​ភ្នំពេញៈ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ២​ សប្តាហ៍ បាន​ចាក់​ថ្នាំ​បង្ការ​ដល់​សត្វ​សុនខ​សរុប​ជិត​ ៧៥ ០០០ ​ក្បាល ខណៈ​អង្គការ Mission Rabies អំពាវនាវ​ឱ្យ​សាធារណជន​រាយការណ៍​ បើសិនជា​ឃើញ​សត្វ​សុនខ​ណា​ដែល​បង្ហាញ​សញ្ញា​សង្ស័យថា​កើត​ជំងឺ​ឆ្កែឆ្កួត​។​

​ការប្រកាស​ពី​លទ្ធផល​នៃ​ការផ្តល់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្កួត​ក្នុង​រយៈពេល​ ២ សប្តាហ៍​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយនឹង​អង្គការ Mission Rabies និង​អង្គ​ការ Animal Rescue Cambodia កាលពី​ថ្ងៃទី​ ២០ ខែឧសភា បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​សុនខ​ដោយ​ឥតគិតថ្លៃ​នៅ​រាជធានី​ភ្នំពេញ និង​ផ្នែក​ខ្លះ​នៃ​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​ ២២ ខែឧសភា​ដល់​ថ្ងៃទី ​២ ខែមិថុនា ឆ្នាំ ​២០២៣​។

​អង្គការ Mission Rabies បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ថា ក្រុមការងារ ពិត​ជាមាន​សេចក្តីរំភើប​រីករាយ​ណាស់​ក្នុងការ​ប្រកាស​ពី​ការបញ្ចប់​ដោយ​ជោគជ័យ​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​សត្វ​សុនខ​ដ៏​ធំ​របស់​ពួកយើង​នៅក្នុង​រាជ​ធានី​ភ្នំពេញ​។ អង្គការ​ដដែល​នេះ បាន​បញ្ជាក់ថា ត្រឹមតែ​រយៈពេល ​១០ ថ្ងៃ ឬ​ ២​ សប្តាហ៍​ប៉ុណ្ណោះ ក្រុមការងារ​បាន​ចាក់​ថ្នាំ​បង្ការ​ឱ្យ​សត្វ​សុនខ​សរុប​ចំនួន​ ៧៤ ៨៧២ ក្បាល នៅ​រាជធានី​ភ្នំ​ពេញ និង​ផ្នែក​ខ្លះ​ក្នុង​ទឹកដី​ខេត្តកណ្តាល​។​

​អង្គការ Mission Rabies បាន​បញ្ជាក់ថា​៖ «​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​នឹងមិន​អាចទៅរួច​ឡើយ ប្រសិនបើ​គ្មាន​ការគាំទ្រ និង​ការ​សហការគ្នា​ដោយ​ឥត​ងាករេ​ពី​ដៃគូ​របស់​ពួក​យើង​។ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​របស់​យើង ហើយ​ជាការ​ពិតណាស់​អ្នកស្ម័គ្រចិត្ត​របស់​ពួកយើង​ទាំងអស់គ្នា​មកពី​ក្រៅប្រទេស និង​សាកលវិទ្យាល័យ​ក្នុងស្រុក​សម្រាប់​ការរួមចំណែក​ដ៏​មានតម្លៃ​របស់​ពួកគេ​ពេញ​១​យុទ្ធនាការ​»​។

​អង្គការ Mission Rabies បាន​អះ​​អាង​ថា ក្រុមការងារ​ទាំងអស់ កំពុងតែ​បាន​សម្លឹង​មើលទៅ​អនាគត​រួចទៅហើយ ដោយ​នឹង​យក​មេរៀន​ដែល​បាន​រៀន​ពី​យុទ្ធនាការ​នេះ ដើម្បី​កែលម្អ​យុទ្ធសាស្ត្រ​របស់ខ្លួន​បន្ថែ​ម​ទៀត និង​កែលម្អ​យុទ្ធសាស្ត្រ​ការផ្សព្វផ្សាយ​របស់​ពួកគេ​ដើម្បី​ប្តេជ្ញាចិត្ត​ក្នុងការ​ការ​ពារ​សុខភាព និង​សុខុមាលភាព​ទាំង​មនុស្ស និង​សត្វ​ឱ្យមាន​ស្ថិរភាព​។

​អង្គការ Mission Rabies បាន​បញ្ជាក់ថា​៖ «​ពួកយើង​ក៏​សូម​រំឭក​អ្នក​ទាំងអស់គ្នា​ថា ការងារ​តាមដាន​ជំងឺ​ឆ្កែឆ្កួត​របស់​ពួកយើង​នៅតែ​បន្ត​។ ក្នុងអំឡុង​យុទ្ធនាការ​នេះ ពួកយើង​ក៏បាន​ចាប់យក​សត្វ​ដែល​សង្ស័យថា មាន​ជំងឺ​ឆ្កែឆ្កួត ដើម្បី​ធ្វើតេស្ត​បញ្ជាក់​ពី​វត្ត​មាននៃ​វីរុស​ឆ្កែឆ្កួត​ផងដែរ​។ ប្រសិនបើ​លោកអ្នក​ឃើញ​សត្វ​សុនខ​ណា​ដែល​បង្ហាញ​សញ្ញា​សង្ស័យថា កើត​ជំងឺ​ឆ្កែឆ្កួត សូម​ទាក់ទង​មកកាន់​ពួកយើង​។ ការចូលរួម និង​ការជឿទុកចិត្ត​របស់លោក​អ្នក មាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្រេចបាន​នូវ​ព្រឹ​ត្ដិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​»​។​

​ប្រទេស​កម្ពុជា គឺជា​ប្រទេស ​១​ ដែល​គេ​ប៉ាន់​ស្មានថា មាន​អ្នកស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​ខាំ​ខ្ពស់ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅលើ​ពិភពលោក ហើយ​ការស្លាប់​របស់​មនុ​ស្សមា​ន​រហូតដល់ ​៩៩​ ភាគរយ​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ដែល​បង្កឡើង​ពីស​ត្វ​សុនខ​ដែលមាន​ជំងឺ​ឆ្កែឆ្កួត​ខាំ​។ ជា​រៀងរាល់ឆ្នាំ កម្ពុជា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មាន​មនុស្ស​ប្រមាណ​ ៦០ ​ម៉ឺន​នាក់​ ត្រូវបាន​សត្វ​សុនខ​ខាំ ប៉ុន្តែ​ពួកគេ​ពុំបាន​ទៅ​ទទួល​ការព្យាបាល​ឬ​វ៉ាក់សាំង​ក្រោយ​សត្វ​ខាំ​គ្រប់ៗ​គ្នា​នោះទេ​។ យោងតាម​អង្គ​ការ Mission Rabies​។​

​លោក នុត សម្បត្តិ ប្រធាន​វិទ្យា​​ស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់​ថ្លែងថា ជំងឺ​ឆ្កែឆ្កួត​ជា​ជំងឺឆ្លង ហើយ​អាចធ្វើឱ្យ​មនុស្ស​ឈឺ និង​ស្លាប់​បាន ដោយ​សារ​វា​ជា​ជំងឺ​ប្រភេទ​វីរុស ដែល​រស់ក្នុង​ទឹកមាត់​សត្វ​សុនខ ក៏ដូចជា ប្រភេទ​សត្វ​ចិញ្ចឹម​ដទៃទៀត​ដូចជា សត្វ​ឆ្មា និង​កណ្ដុរ​ជាដើម​។​

​លោកបញ្ជាក់ថា​៖ «​កាលដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​សម្រាប់​សត្វ​ឆ្កែ ជាការ​ល្អ​បំផុត ព្រោះ​សម្រាប់​ការពារ​សត្វ​ចិញ្ចឹម​របស់​យើង​កុំឱ្យ​មាន​ជំងឺ​ឆ្កែឆ្កួត ហើយក៏​ការពារ​មនុស្ស​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​ផងដែរ​»​។

​អង្គការ Mission Rabies ថ្លែងថា បច្ចុប្បន្ននេះ​អង្គការ​កំពុងធ្វើការ​ជា​មួយ​អ្នកពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ជាច្រើន​បន្ថែមទៀត ដើម្បី​ធ្វើការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​ដល់​សត្វ​សុនខ​លើសពី ៧០ ​ភាគរយ នៃ​ចំនួន​សត្វ​សុនខ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រេចបាន​នូវ​ភាពស៊ាំ​៕