
លោក សែម សុវណ្ណនី ទេសរដ្ឋមន្ត្រី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចូលរួមដឹកនាំកម្លាំងជំនាញ ដុតកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ រូបថតៈ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព
ភ្នំពេញៈ លោក សែម សុវណ្ណនី ទេសរដ្ឋមន្ត្រី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានចូលរួមដឹកនាំកម្លាំងជំនាញ ដុតកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២០០ គ្រាប់នៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា កងទ័ពមួកខៀវកម្ពុជា បានកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២០០ គ្រាប់ និងអំបែងចំនួន ៥៦ ៩៤៩ ដុំ ដែលនៅសល់ពីសង្គ្រាម។
លោក សែម សុវណ្ណនី ថ្លែងថា កម្ពុជាធ្លាប់ជាប្រទេសមួយដែលរងគ្រោះជោកជាំដោយភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ បន្ទាប់ពីសង្គ្រាមត្រូវបញ្ចប់ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះជាច្រើនបាននៅសេសសល់កប់ក្នុងដីដែលតែងបង្ក ជាហានិភ័យដល់អាយុជីវិតមនុស្សសត្វនិងទ្រព្យសម្បត្តិទូទាំងប្រទេស។
លោក ថ្លែងថា៖«ដោយមានការសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរមីន ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងក្រោមការគាំទ្រពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងការអនុវត្តគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីនក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាពបង្កើតស្នាមញញឹម ជាហេតុនាំឱ្យប្រតិបត្តិការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់»។
ប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរីនេះ ផ្ទៃដីសរុបជាង៩ លានម៉ែត្រក្រឡា ត្រូវបានបោសសម្អាតបានផ្ទៃដីជាង៨លានម៉ែត្រក្រឡា ស្មើនឹងប្រមាណ ៨០% នៃផ្ទៃដីសរុប។ ក្នុងនោះ មន្ត្រីបានរកឃើញមីនប្រឆាំងមនុស្ស និងរថក្រោះចំនួន ៤៤គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទះចំនួន ១៦៩គ្រាប់ ព្រមទាំងអំបែងចំនួន ៥៦ ៩៤៩ដុំ។ ចំពោះផ្ទៃដីដែលបានបោសសម្អាតរួចបានបែងចែកទៅប្រជាពលរដ្ឋចំនួន៦១៤គ្រួសារ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ជុំវិញការដុតកម្ទេចគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២០០គ្រាប់នេះដែរ លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមិនសូវទទួលរងនូវការគំរាមកំហែងពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលកន្លងមក មានការរងផលប៉ះពាល់តិចតួច ពីគ្រាប់បែកចង្កោមតែប៉ុណ្ណោះ ដែលធ្វើឱ្យមានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
លោកថា ៖ «តាមរយៈសកម្មភាពនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបន្ថែមទៀត»។
យោងតាមអាជ្ញាធរមីនកម្ពុជា បានឱ្យដឹងថា មកដល់ពេលនេះ រាជធានី ខេត្តចំនួនទាំង១២ ត្រូវបានប្រកាសថាជា «ខេត្តអស់មីន» ដែលក្នុងមានដូចជា ខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងខេត្តកំពត៕