
លោក ហេង សំរិន ប្រធានរដ្ឋសភា ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជយលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែមិថុនា។ រូបថត NA
ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភាបានថ្លែងថា យុវជនសម័យសន្តិភាព គឺពិតជាទទួលបានពីសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការអប់រំរៀនសូត្រ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជយលាភីនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំចំនួន ១ ២៤៩ នាក់ នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់លោក ហេង សំរិន បានឱ្យដឹងថា ធនធានមនុស្សជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីនជឿនលឿនទៅបាន អាស្រ័យដោយមានធនធានមនុស្សប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។
លោក ថ្លែងថា៖ «កម្ពុជាពេលនេះកំពុងមានសុខសន្តិភាព ភាពសុខដុមរមនា គ្មានជម្លោះជាអំពើហិង្សា និងសង្គ្រាម។ ក្រោមម្លប់សន្តិភាព ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ យុវជន យើងពិតជាមានឱកាសច្រើនណាស់បើប្រៀបធៀបរវាងយុវជនសម័យសង្គ្រាម និងយុវជនសម័យសន្តិភាព គឺខុសគ្នាស្រឡះ សឹងតែមិនអាចប្រៀបធៀបបានឡើយ»។
លោក ថ្លែងថា កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក អ៊ុ រ័ត្នមុនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានដកស្រង់សម្ដីនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាថា វិស័យអប់រំ ជាវិស័យអាទិភាព១នៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយរាជរដ្ឋាភិបាលបានកំណត់នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀនឱ្យជិតនឹងប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«ហេតុនេះហើយទើបគ្រប់ឃុំសង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទ តែងតែមានសាលារៀនរហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្តមានរហូតដល់កម្រិតសាកលវិទ្យាល័យ។ ជាក់ស្តែងនៅខេត្តត្បូងឃ្មុំនេះពីអតីតកាលមកមិនដែលមានសាកលវិទ្យាល័យឡើយ ទើបតែ សម័យនេះទេ ទើបយើងមានសាកលវិទ្យាល័យដ៏ធំស្កឹមស្កៃ»។
លោកបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការចម្បងរបស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សា និងកំណែទម្រង់សំខាន់នានា សំដៅធ្វើយ៉ាងណាកសាងធនធានមនុស្សឱ្យប្រកបដោយសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងនៅគ្រប់កាលៈទេសៈ ទាំងកម្រិតជាតិ និងតំបន់ ជាពិសេសអាចប្រកួតប្រជែងដណ្តើមទីផ្សារការងារក្នុងបរិបទដែលប្រទេសកម្ពុជាបាន និងកំពុងចូលរួមក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕