
រូបគំនូរម៉ូដជាស្នាដៃបេក្ខជនប្រកួតដែលបានដាក់តម្រៀបនៅថ្ងៃទី ៥ មិថុនា ។ រូបថត សហការី
ភ្នំពេញៈ គម្រោង Dream Girls អំពាវនាវដល់ក្មេងស្រី និងស្ត្រីដែលមានអាយុចាប់ពី ១០ ឆ្នាំឡើងទៅចូលរួមដាក់ពាក្យក្នុងការប្រកួតរចនាម៉ូដ «សុបិនស្ត្រី» ដើម្បីមានឱកាសបង្ហាញស្នាដៃ និងក្លាយទៅជាអ្នករចនាម៉ូដតាមក្តីស្រមៃ រីឯការទទួលពាក្យនឹងធ្វើឡើងរហូតដល់ថ្ងៃទី ៣០ ខែកក្កដា។
សេចក្តីប្រកាសព័ត៌មានដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៥ មិថុនា បានឱ្យដឹងថា ការប្រកួតរចនាម៉ូដ ដែលមានឈ្មោះថា សុបិនស្ត្រី ២០២៣ នឹងទទួលពាក្យចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០ ខែកក្កដា រីឯការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅអំឡុងខែតុលា ឆ្នាំ២០២៣ ខាងមុខ។
សេចក្តីប្រកាស បានឱ្យដឹងទៀតថា កម្មវិធីប្រកួតនេះនឹងផ្តល់ឱកាសទៅដល់ក្មេងស្រី និងស្ត្រី ដែលមានអាយុចាប់ពី១០ឆ្នាំ ដល់២៥ឆ្នាំ ដើម្បីបង្ហាញសមត្ថភាព និងបំពេញក្តីស្រមែរបស់ខ្លួន ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖«សូមរចនា (រូប) លើប្រដាស A4 ការរចនាពណ៌ខ្មៅលើក្រដាសស។ សូមគូរគំនូររបស់អ្នក «អច្ឆរិយនៃប្រទេសកម្ពុជា» អ្វីដែលចង់បង្ហាញ ឬមោទនភាពនៃប្រទេសរបស់អ្នកទៅកាន់ប្រជាជននៃពិភពលោក។យើងនឹងជ្រើសរើសគំនូរមួយចំនួនដើម្បីបោះពុម្ពសៀវភៅពណ៌សម្រាប់មនុស្សពេញវ័យ»។
តាមការប្រកាស អ្នកឈ្នះជយលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន១ ០០០ដុល្លារ ចំណែកអ្នកឈ្នះជយលាភីលេខ២ នឹងទទួលបានទឹកប្រាក់ចំនួន៣០០ដុល្លារ និងជយលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ចំនួន១០០ ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
កញ្ញា ហ៊ាង វត្ថី ប្រធានគម្រោង Dream Girls បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥ មិថុនាថា គោលបំណង និងបេសកកម្មរបស់Dream Girls គឺចង់ឃើញស្ត្រីខ្មែរមានឯករាជ្យលើខ្លួនឯងតាមរយៈការរចនានិងជំនួញ។
កញ្ញា បានបន្តថា ការរៀបចំការប្រកួតប្រជែងការរចនា ឬគំនូសនៃក្បាច់លំនាំ(Patten) ដែលធ្វើឡើងជារៀងរាល់ឆ្នាំនេះ គឺដើម្បីស្វែងរកអ្នកដែលមានទេពកោសល្យល្អឥតខ្ចោះប្រចាំប្រទេស បន្ទាប់ពីកម្មវិធីប្រកួតនេះ បានចាប់ផ្តើមជាលើកដំបូងតាំងពីឆ្នាំ២០១០ មកម៉្លេះ។
កញ្ញាបានអះអាងថា កម្មវិធីនេះ នឹងផ្តល់ឱកាសទៅដល់ស្ត្រីខ្មែរ និងជួយពួកគាត់ ដើម្បីសិក្សាទៅលើជំនាញសិល្បៈផ្សេងៗដូចជា រចនាក្រាហ្វិក និងការបង្កើតមុខរបរដោយខ្លួនឯងតាមរយៈកម្មវិធីរបស់យើង ហើយកម្មវិធីនេះ ក៏រួមបញ្ចូលការរចនារបស់ស្ត្រីជាមួយនឹងក្រុមហ៊ុនផ្សេងៗមកបូកផ្សំ និងយកការរចនាទៅប្រើប្រាស់នៅលើផលិតផលដែលអាចជួយគាំទ្រដល់ស្នាដៃរចនារបស់ស្ត្រីខ្មែរផងដែរ។
ជាមួយគ្នានេះ កញ្ញា ហ៊ាង វត្ថី រំពឹងថា ក្នុងឆ្នាំនេះ នឹងមានអ្នកចូលរួមជាទូទៅច្រើនកុះករ ព្រោះរៀងរាល់ឆ្នាំ ក្រុមការងារ បានទទួលអ្នកដាក់ពាក្យចន្លោះពី៣០០ ដល់៣៥០ បេក្ខនារីដែលមកពីបណ្តាខេត្ត និងនៅតាមសាលានៃរាជធានីភ្នំពេញ ហើយចំនួននេះក៏មិនសូវមានការប្រែប្រួលឡើយចាប់តាំងពីឆ្នាំ២០១០មក។
កញ្ញាបានបញ្ជាក់ថា៖«យើងចង់បង្កើតឱកាសដ៏ត្រចះត្រចង់មួយទៅដល់ស្ត្រីខ្មែរ ដើម្បីក្លាយជាអ្នករចនា តាមរយៈការប្រកួតរចនានេះ អ្វីដែលពិសេស គាត់ក៏អាចរកចំណូលបន្តិចបន្តួចតាមរយៈការរចនារបស់គាត់។ ក្នុងឆ្នាំ២០២៣នេះ យើងសង្ឃឹមថា នឹងមានអ្នកចួលរួមច្រើនកុះករជាងរៀងរាល់ឆ្នាំ ដោយគិតចាប់ពីការផ្សព្វផ្សាយនាខែមេសាមកយើងទទួលបានអ្នកដាក់ពាក្យ៣៧០នាក់ហើយ នេះមិនទាន់រាប់ដល់ថ្ងៃបិទឈប់ទទួលពាក្យនៅឡើយទេ»។
កម្មវិធីប្រកួតរចនាម៉ូដដែលមានឈ្មោះថា សុបិនស្ត្រីគឺត្រូវបានបង្កើតឡើងដោយលោកស្រី Wakana Nukui បន្ទាប់ពីលោកស្រីបានមកដល់កម្ពុជាកាលពីឆ្នាំ២០០៩។លោកស្រី Wakana Nukui ធ្លាប់និយាយថា គោលបំណងដំបូងដែលបង្កើតកម្មវិធី ព្រោះតែលោកស្រីចង់លើកកម្ពស់គំនិតច្នៃប្រឌិតរបស់នារីកម្ពុជាចំពោះគំនូរពិពណ៌នាតថភាពនៅក្នុងប្រទេស។ នេះបើតាមការអះអាងរបស់កញ្ញា ហ៊ាង វត្ថី៕