
កិច្ចប្រជុំគោលនយោបាយរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ក្នុងខែកក្កដា។ រូបថត គ.ជ.ប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់ចេញនូវគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីការផ្សព្វផ្សាយឬធ្វើជាកម្មវិធីសំណួរ-ចម្លើយ អំពីគោលនយោបាយរបស់ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។
ការដាក់ចេញនូវគោលការណ៍របស់ គ.ជ.ប ធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលដឹកនាំលោកម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា «គណៈកម្មការសម្របសម្រួល»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានបញ្ជាក់ថា គោលការណ៍ទាំងនោះរួមមានគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន,ការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតនិងគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។
លោកម៉ុក ដារ៉ា បានឱ្យដឹងថា ការលក់ ឬជួលម៉ោងឱ្យគណបក្សនយោបាយធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព មានតម្លាភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ ហើយមិនត្រូវលក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។
លោកបន្ថែមថា ចំពោះការលក់ ឬជួលម៉ោងផ្សាយនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចជួល ឬលក់តែចំណែកម៉ោងដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបានទៅឱ្យគណបក្សនយោបាយនីមួយៗនោះប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ៖ «ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែ១ទិញ ឬជួលម៉ោងផ្សាយ ស្ថានីយវិទ្យុ ឬទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពទិញ ឬជួលនោះនូវរយៈពេលយ៉ាងច្រើន ៣ ដងនៃរយៈពេលដែលគណបក្សនយោបាយនោះត្រូវទទួលបាន»។
ដោយឡែកចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សាយផ្សាយព័ត៌មាន ដែលមានបំណងរៀបចំកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ អាចពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួល មុនចាប់ផ្ដើមធ្វើកម្មវិធីនេះពាក់ព័ន្ធ និងការងារបច្ចេកទេសមួយចំនួន ប្រធានបទ ឬសំណួរដែលត្រូវដាក់ជូនគណបក្សនយោបាយ និងការសម្របសម្រួលទីតាំងប្រជុំ វិធានការសន្តិសុខ សុវត្ថិភាព និងការការពារជំងឺឆ្លងរាលកូវីដ១៩។
លោក ម៉ុក ដារ៉ា បានថ្លែងថា៖ «ការផ្សព្វផ្សាយកម្មវិធីសំណួរចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្ស ពុំតម្រូវឱ្យមានលិខិតយល់ព្រមពី គ.ជ.ប ឡើយ ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធីនេះត្រូវតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះការផ្សព្វផ្សាយកម្មវិធីរបស់ខ្លួន។ អ្នកគ្រប់គ្រងកម្មវិធី និងអ្នកសម្របសម្រួលកម្មវិធីសំណួរចម្លើយ ឬពិភាក្សា ត្រូវប្រកាន់ជំហរអព្យាក្រឹត»។
ជាមួយគ្នានេះមន្ត្រី គ.ជ.ប ក៏បានស្នើឱ្យប្រព័ន្ធផ្សាយផ្សាយព័ត៌មានរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចូលរួមធ្វើឱ្យការប្រព្រឹត្តទៅនៃការផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយ មានភាពត្រឹមត្រូវ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ក្រមសីលធម៌ ស្របតាមគោលការណ៍នៃលទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអ្គការខុមហ្វ្រែល ថ្លែងនៅថ្ងៃទី៥ ខែមិថុនា ថា លោកមិនទាន់បានទទួលរបាយការណ៍ពីការក្រុមការងាររបស់លោកនៅឡើយទេពាក់ព័ន្ធគោលនយោបាយការដាក់ចេញនូវគោលការណ៍សម្រាប់ឱ្យប្រព័ន្ធផ្សព្វផ្សាយនិងអង្គការសង្គមស៊ីវិលនេះ។
ទោះជាយ៉ាងណាលោកថា ជាគោលការណ៍ គឺអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយត្រូវតែមានការផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឱ្យមានភាពស្មើភាពគ្នាបើមានគណបក្សនយោបាយ ១៨ ត្រូវតែផ្សព្វផ្សាយឱ្យគ្រប់ ១៨ គណបក្សនយោបាយទើបជាការល្អ។
លោក កន សាវាង្ស បានថ្លែងថា កន្លងមកអង្គការរបស់លោកនៅពេលដែលមានកម្មវិធីវេទិកាសាធាណៈឬកម្មវិធីសមធម៌នៅក្នុងរាជធានីខេត្តណាមួយតែងតែអញ្ជើញគ្រប់គណបក្សនយោបាយឱ្យចូលរួមផ្តល់មតិយោបល់ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន និងស្តាប់នូវការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។
លោកកន សាវាង្ស ថ្លែងថា ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយឯកជនគឺមានការលំបាកបន្តិចក្នុងការកំណត់ ជាគោលនយោបាយ ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត ព្រោះប្រព័ន្ធផ្សព្វផ្សាយឯកជនមានតម្លៃថ្លៃ ចំណែកប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋគឺគេធ្វើបានហើយដោយបានចូលរួមផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយមានភាពស្មើគ្នា៕