
កុមារី ក្រោយពេលគ្រូពេទ្យសង្គ្រោះពីជំងឺគ្រុនឈាមកន្លងមក ។ រូបថត សហការី
សៀមរាបៈ មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបបានជួយសង្គ្រោះ និងព្យាបាលកុមារីអាយុ ៥ ឆ្នាំម្នាក់ ពីជំងឺគ្រុនឈាមដែលមានអាការធ្ងន់ធ្ងររហូតបត់ជើងធំមានចេញឈាមបាត់ជីពចររហូតដល់ ៧ ដង គ្រុនក្តៅ ក្អួតចង្អោរ និងឈឺពោះផងដែរ រហូតបានជាសះស្បើយឡើងវិញ។
តាមការប្រកាសឱ្យដឹងពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា បានឱ្យដឹងថា កាលពីពេលថ្មីៗនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្គ្រោះជីវិតកុមារីម្នាក់អាយុ៥ឆ្នាំ មកពីស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់៥ប្លោក។
មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា៖«ដោយឃើញកូនកាន់តែសន្លឹម[ធ្មេចភែ្នកមិនបើក]ម្តាយក៏សម្រេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាសៀមរាប)នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣»។
ប្រភពដដែលបានបន្តថា ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប កុមារីមានសភាពធ្ងន់ធ្ងរ បត់ជើងធំមានឈាម បាត់ជីពចររហូតដល់៧ដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីហ៊្សែន បញ្ចូលឈាម២ប្លោកនិងប្លាស្មា១០ប្លោកផងដែរ។
បន្ទាប់ពីធ្វើការពិនិត្យតាមដានដោយយកចិត្តទុកដាក់រយៈពេល១០ថ្ងៃ កុមារីរូបនេះបានធូរសះស្បើយនិងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យកាលថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ នេះបើតាមការបញ្ជាក់បន្ថែមពីមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
យោងតាមរបាយការណ៍ពីមន្ទីរពេទ្យកុមារគន្ធបុប្ផា បានឱ្យដឹងដែរថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ មានកុមារចំនួន ៣២០ ៩២១នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ពោលចំនួននេះគឺមានការកើន៥២ភាគរយច្រើនជាងឆ្នាំ២០២២។ ជាមួយគ្នានេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន៧៤ ៩៧៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពោលគឺចំនួននេះកើន១០៨ភាគរយ ច្រើនជាងឆ្នាំ២០២២។
លើសពីនេះ មានកុមារចំនួន ៣៧៥នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ,កុមារចំនួន ១០ ៣៩១នាក់ បានទទួលការវះកាត់ ខណៈការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យកុមារគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន៣៦៧នាក់។
របាយការណ៍ដដែលបានបន្តថា ស្ត្រីមានផ្ទៃពោះចំនួន ៤២ ០៩៥ករណី បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣ ខេត្តសៀមរាប)បានចំនួន៨ ៣១៩នាក់ មានការកើន ៣៥ភាគរយ។
នៅក្នុងពិធីប្រគល់និងទទួលថវិកាពីកាកបាទក្រហមកម្ពុជាចំនួន១លានដុល្លារអាមេរិកកាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ លោក រស់ សីលវ៉ា នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា រាល់ការបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា គឺពិតជាបានបង្ហាញពីការគិតគូរក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា និងជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
លើសពីនេះ លោកបានថ្លែងបន្តថា៖«វិភាគទានដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ក៏ដូចជា សប្បុរសជននានា នឹងចូលរួមចំណែកធានានូវចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផា ព្រមទាំងធានាថា កុមារកម្ពុជា នឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព»។
ប្រធានកម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលលោក លាង ឫទ្ធា បានប្រាប់កាលពីថ្ងៃទី១ ខែមិថុនាថា ក្នុងរយៈពេល២០សប្ដាហ៍នៃឆ្នាំ២០២៣នេះ ករណីជំងឺគ្រុនឈាមមានចំនួន ២ ៦៦៦ករណី ដោយក្នុងនោះមានករណីស្លាប់៥ករណី ដែលមានការកើនឡើងជាង១០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានតែចំនួន ១ ១៤០ករណី និងស្លាប់តែ១ករណី។
លោកបានឱ្យដឹងដែរថា កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមបានអនុវត្តវិធានការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺគ្រុនឈាមដោយបានរៀបចំថ្នាំអាបែត(Abate) សម្លាប់មូសខ្លាចំនួន ២៣០ តោន និងថ្នាំគីមីសម្រាប់បាញ់ចំនួន ៦ ០០០លីត្រ។
ខេត្តដែលមានករណីជំងឺគ្រុនឈាមខ្ពស់មានដូចជា ខេត្តកំពង់ចាម កណ្ដាល តាកែវ ត្បូងឃ្មុំ ព្រះវិហារ សៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញ៕