
មន្ត្រីសុខាភិបាលដែលទទួលបណ្ណសរសើរក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ៤ ខែមិថុនា។ រូបថត MOH
ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រគល់បណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលចំនួន ២០០ នាក់ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលបានរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ ១៩។
ពិធីប្រគល់បណ្ណសរសើរនេះបានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៣។ ពិធីនេះ មានការចូលរួមជាអធិបតីដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីអភិបាលរង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលជាច្រើនរូបផងដែរ។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានថ្លែងដោយសាទរជាខ្លាំងចំពោះការផ្ដល់បណ្ណសរសើររបស់រាជរដ្ឋាភិបាលដល់មន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបង ដែលបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ។
លោកបន្តថា ការចូលរួមនេះ មន្ត្រីសុខាភិបាល បានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ជាមួយនឹងវិធានការរបស់ក្រសុខាភិបាល ដែលរួមមាន ការជំរុញការចាក់វ៉ាក់សាំងកូវីដ ១៩ ការព្យាបាលជំងឺកូវីដ ១៩ និងការបង្ការជាដើម។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងដែរថា ការផ្ដល់ជូននូវបណ្ណសរសើរដល់មន្ត្រីសុខាភិបាលនៅតាមមូលដ្ឋាននេះ វាជាការរៀបចំមួយដែលល្អបំផុត ដោយសារកន្លងមកមន្ទីរសុខាភិបាលនៅតាមខេត្ត បានចូលរួមខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩៕