​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា តំបន់​អាស៊ី​កំពុង​ជា​គោលដៅ​នៃ​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​ខណៈ​ប្រទេស​មួយចំនួន​បានប្រកាស​បញ្ជូន​នាវា​ចូលមក​កាន់តែ​កៀក​នៅក្នុង​ភូមិសាស្ត្រ​អាស៊ីអាគ្នេយ៍ ហើយ​តម្រង់​ឆ្ពោះទៅរក​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​ថ្លែងថា​៖ «​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ​បាន​ក្លាយទៅជា​ប្រធានបទ​ដ៏​ក្តៅគគុក គឺ​សង្គ្រាម ហើយ​មិនមែនជា​បញ្ហា​គ្រាន់តែ​សង្គ្រាម​រវាង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នោះទេ តែ​ឥឡូវនេះ​តំបន់​អាស៊ី​កំពុង​ជា​គោលដៅ​នៃ​បញ្ហា​ប្រឈម​ដ៏​គ្រោះថ្នាក់​។ ឥឡូវ​ប្រទេស​មួយចំនួន​ប្រកាស​បញ្ជូន​នាវា​ចូលមក​កាន់តែ​កៀក​នៅក្នុង​ភូមិ​សាស្ត្រ​អាស៊ីអាគ្នេយ៍ ហើយ​តម្រង់​ឆ្ពោះទៅរក​សមុទ្រ​ចិន​ខាងត្បូង​»​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋ​កិច្ច (RULE) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ៥ ខែមិថុនា លោក ហ៊ុន សែន ថ្លែងថា បន្ថែម​លើ​នោះ សម្ព័ន្ធភាព​ខ្នាតតូច​ទាក់ទិន​នឹង​ការប្រើប្រាស់​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អ៊ែរ​រវាង​អាមេរិក អង់គ្លេស និង​អូស្ត្រាលី ក៏​កំពុង​ក្លាយទៅជា​កង្វល់​របស់​អា​ស៊ាន និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់ ព្រោះថា អាស៊ាន​មាន​ចំណុច​ពិសេស​របស់ខ្លួន គឺជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​បាន​បន្តថា​៖ «​ហើយ​យើង​ប្រឆាំងនឹង​ការរីក​សាយ​អាវុធ​នុយ​ក្លេ​អ៊ែរ បើសិនជា​វា​មិនមាន​ហានិភ័យ​អ្វី ក៏​វា​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការរត់​​ប្រណាំង​សព្វាវុធ​ដ៏​មាន​គ្រោះថ្នាក់ ដែល​ខ្ញុំ​យល់ថា​បើសិនជា​បន្ត​ស្ថានភាព​នេះ​តទៅទៀត ពិភពលោក​នឹង​ប្រឈម​គ្រោះថ្នាក់​កាន់តែ​ធំ ក៏ប៉ុន្តែ​យើង​នៅតែមាន​សុច្ឆន្ទៈ​ថា ពិភពលោក​នឹង​រក​ការស្រុះស្រួល​គ្នា​មួយ​ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង ជាពិសេស​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ចិន​គឺ​ត្រូវ​រក​វិធី​គ្រប់គ្រង​ទំនាក់ទំនង​នេះ​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្តថា ឥឡូវ​សង្គ្រាមត្រជាក់​បានកើត​រួចទៅហើយ ក៏ប៉ុន្តែ​ត្រូវ​ទប់ស្កាត់​វា​កុំឱ្យ​ក្លាយទៅជា​ហានិភ័យ​គ្រោះថ្នាក់​នៃ​សង្គ្រាម​នេះ ដែល​ចាប់ផ្តើម​ដោយ​ការប៉ះទង្គិច​នៃ​អាវុធ​ណាមួយ​។ ណា​តូ (NATO) ធ្លាប់តែ​នៅ​ទិស​ខាងលិច ឥឡូវ​ណា​តូ​ហាក់ដូចជា​កំពុងតែ​ឆ្ពោះ​មកកាន់​អាស៊ី​ប៉ាស៊ីហ្វិក នៅក្រោម​រូបភាព​នេះ ក្រោមរូបភាព​នោះ ដែលជា​កង្វល់​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែមិថុនា​ថា តំបន់​ភូមិ​​សាស្ត្រ​នយោបាយ​អាស៊ីអាគ្នេយ៍​នេះ​កំពុងតែ​ជា​ចំណុចក្តៅ​គគុក​នៃ​ការ​ប្រជែង​ឥទ្ធិពល​រវាង​មហាអំណាច​ធំៗ​នៅលើ​ពិភពលោក​។ ភាព​ក្តៅគគុក​នេះ​ចាប់​ផ្ដើមឡើង​នៅពេលដែល​ចិន​ចាប់​ផដើម​បង្កើន​ឥទ្ធិពល​ក្លាយជា​មហា​អំណាច​ដែល​អាច​ប្រជែង​នៅក្នុង​ពិភពលោក​បាន ដែល​សហរដ្ឋអាមេរិក​តែងតែ​វាយតម្លៃថា ចិន​ជា​មហាអំណាច​សើរើ​និយម​។​

​លោក​ថ្លែងថា​៖ «​ការ​ប្រជែង​អំណាច​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​យើង​នេះ ពិតណាស់​ធ្វើឱ្យមាន​ការឡើង​កម្ដៅរ​វាង​តំបន់​យើង ដោយ​សារ​តែ​មហាអំណាច​ប្រកួតប្រជែង​គ្នា​នេះ​ហ្នឹងឯង​។ អ៊ីចឹង ក្នុងឋានៈ​ជា​ប្រ​​ទេស​នៅក្នុង​តំបន់​យើង​ត្រូវតែ​យល់​កិច្ចការ​នេះ​ឱ្យបាន ហើយ​ទប់​លំនឹង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់​នេះ​យើង​ត្រូវតែ​ទប់​លំនឹង​នៃ​នយោបាយ​ការបរទេស​យើង​ឱ្យបាន​។ យើង​មិនអាច​ធ្វើឱ្យ​យើង​ទោរទន់​ទៅ​ម្ខាង​ណាមួយ​ដូច​សម័យ​សង្គ្រាមត្រជាក់​ដែល​នាំ​កម្ពុជា​រងគ្រោះ​ធំ​នោះទេ​។ ដូច្នេះ​នយោបាយ​អន្តរជាតិ​រប​ស់​យើង​នាពេលនេះ​ត្រូវតែ​រឹងមាំ​បត់បែន​តាម​តថភាព​ជាក់ស្ដែង​នៃ​ការ​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ហ្នឹង​»​។​

​លោក​ យង់ ពៅ បាន​បន្ថែមថា ការ​តានតឹង​នេះ​កើតមាន​កាន់តែខ្លាំង និង​ប្រឈម​ខ្លាំង​នៅពេលដែល​សម្ព័ន្ធ​នៃ​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី (QUAD)​ ដែលមាន​សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន កាន់តែ​បង្ហាញ​ពី​ឥទ្ធិ​ពល​ខ្លាំង​របស់ខ្លួន​នៅ​តំបន់​នេះ ជាពិសេស​នៅពេលដែល​អូស្ត្រាលី​លុប​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ពី​បារាំង មក​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ពី​សហរដ្ឋអាមេរិក​វិញ ដែល​បានបញ្ជាក់​អំពី​សម្ព័ន្ធ QUAD នេះ​នូវ​ឥទ្ធិពល​កាន់តែខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ក្នុង​តំបន់ ហើយ​វា​អាច​នាំទៅដល់​ការ​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​តំបន់​ផងដែរ​។ ការណ៍​នេះ នាំឱ្យមាន​កង្វល់​ជា​អន្តរជាតិ ចំពោះ​ការផ្ទេរ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​នេះ​វា​ជា​សញ្ញាណ​នៃ​ការប្រើប្រាស់​នុយ​ក្លេ​អ៊ែរ​នៅក្នុង​តំបន់​។ អ៊ីចឹង​នេះហើយ​ជាការ​ប្រឈម​គ្រោះថ្នាក់​កាន់តែខ្លាំង​សម្រាប់​តំបន់​របស់​យើង​ក៏ដូចជា​ពិភពលោក​ដែរ​»​។​

​ក្រៅពីនេះ លោក ហ៊ុន សែន ក៏បាន​លើកឡើង​ពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បញ្ជាក់ថា ឥឡូវ​សភាព​​ការណ៍​នៅ​មី​យ៉ាន់​ម៉ា ខុសពី​ពេលមុន​ហើយ ដោយ​ពី​ពេលមុន​គឺ​នៅក្នុង​កុង​សង់​ស៊ី​ស​ ៥ ​ចំណុច​របស់​អាស៊ាន​គ្រាន់​​តែ​និយាយ​អំពី​បញ្ហា​ទប់ស្កាត់​ហិង្សា​បង្កើត​នូវ​ការសន្ទនា ផ្តល់ជំនួយ​មនុស្ស​ធម៌ និង​រក​ដំណោះស្រាយ​តាមរយៈ​ការចរចា​។ ប៉ុន្តែ​ឥឡូវ​មី​យ៉ាន់​ម៉ា​បាន​រអិល​បន្តិច​ម្ដងៗ ឆ្ពោះទៅរក​សង្គ្រាម​ស៊ីវិល​កាន់តែ​ធំ​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​អ៊ីចឹងបានជា​នៅក្នុងពេល​ប្រជុំ​អាស៊ាន​កន្លង​​ទៅ ខ្ញុំ​ក៏បាន​លើកឡើងថា យើង​គួរ​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ហា​នេះ ដែល​មុននេះ​យើង​គ្រាន់តែ​និយាយ​អំពី​បញ្ហា​ទាក់ទិន​ជាមួយនឹង​រឿង​ទប់ស្កាត់​ហិង្សា បង្កើត​ការសន្ទនា ផ្តល់ជំនួយ​មនុស្សធម៌ និង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ឥឡូវនេះ គឺ​ទីកន្លែង​មួយចំនួន​វាយប្រហារ​គ្នា​កាន់​​តែ​ច្រើន​ក្នុងពេលដែល​រដ្ឋបាលកណ្ដាល​កំពុងតែ​ជាប់ដៃ​ប្រយុទ្ធ​ឈ្លោះ​គ្នាឯង​។ រដ្ឋ​តូច​កំពុងតែ​ពង្រឹង​ខ្លួន​អាចឈាន​ទៅដល់​ការប្រកាស​ឯករាជ្យ​។ នេះ​ជា​ចំណុច​ដែល​ខ្ញុំ​កំពុងតែ​សង្កេតមើល​ពី​ចម្ងាយ​ទៅលើ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ហើយ​សង្គ្រាម​នោះ​វា​នឹង​អូសបន្លាយ​ក្នុង​រយៈពេល​វែង​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា រឿង​មី​យ៉ាន់​ម៉ា​គឺជា​រឿង​ស្មុគស្មាញ​ដូច​កម្ពុជា​កាលពីមុន​ដែរ ប៉ុន្តែ​ភ័ព្វសំណាង​របស់​កម្ពុជា​គឺ​បាន​ដកខ្លួន​ចេញពី​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ប៉ុន្តែ​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ​នៅ​កម្ពុជា​មិន​ប្រាកដថា អាចអនុវត្ត​បាន​នៅ​មី​យ៉ាន់​ម៉ា​ទេ​៕​