ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​អំពាវនាវ​ដល់​មហាជន ប្រជាពលរដ្ឋ និង​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​បញ្ឈប់​ការចែក​ចាយ​បទ​ចម្រៀង​ ១ ​បទ​ដែល​ច្រៀង​ដោយ អ្នកនាង​មាស សុខ​សោភា​បន្ទាប់ពី​អ្នកចម្រៀង​រូបនេះ​បាន​សូមទោស​ជា​សា​ធា​​រណៈ​ពី​កំហុសឆ្គង​នេះ​។​

​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​​សេដ្ឋកិច្ច​នា​ព្រឹក​ថ្ងៃទី ​៥ ខែមិថុនា លោក​ ហ៊ុន សែន បានលើកឡើង​ដោយ​ថ្លែងអំណរគុណ​ដល់​អ្នក​នាង មាស សុខ​សោភា ផងដែរ ដែល​បាន​លុបចោល​បទ​ចម្រៀង «​មរណភាព​ព្រះ​ស្វាមី​ជ័យ​វរ្ម័នទី​៧» និង​បាន​សុំទោស​សា​ធា​រណ​ជន​ផងដែរ​។

​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ក៏​អំពាវនាវ​សុំឱ្យ​អ្នកលេង​បណ្តាញ​សង្គម បញ្ឈប់​ភ្លាម ដោយ​កុំ​បន្ត​ជជែក​លើ​បទ​ចម្រៀង​នេះ ព្រោះ​បើ​មិន​អ៊ីចឹង វា​នឹង​ធ្វើឱ្យ​ក្លាយជា​រឿង រុញឱ្យ​ខ្លោច រោច​ឱ្យ​ឆៅ ដោយ​សារ​មាន​អ្នកខ្លះ​ថា គួរតែ​ចាត់​​វិធានការ​តាមផ្លូវ​ច្បាប់​»​។

​លោក​បន្តថា​៖ «​ខ្ញុំ​សុំ​អង្វរករ គ្នា​បានជា​ជ្រុលជ្រួស​ទៅហើយ ហើយគ្នា​ក៏បាន​សុំទោស គ្នា​ក៏បាន​ដកចេញ ឥឡូវ​តើ​ត្រូវ​ចាំបាច់​ត្រូវធ្វើ​រឿងនេះ ឱ្យ​បន្ថែម​លើ​រឿង​ទេ​។ កុំ​រុញឱ្យ​ខ្លោច កុំ​រោច​ឱ្យ​ឆៅ ស្ងប់ស្ងៀម​ទៅ​។​ខ្ញុំ​សុំឱ្យ​បញ្ចប់​ត្រឹមនេះ​ទៅ​ចុះ​»​។​

​ទាក់ទង​នឹង​បទ​ចម្រៀង​នេះដែរ បន្ទាប់ពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អ្នកនាង មាស សុខ​សោភា បាន​ចែកចាយ​នូវ​បទ​ចម្រៀង​ «​មរណ​​ភាព​ព្រះ​ស្វាមី ជ័យ​វរ្ម័នទី​៧» កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ត្រូវបាន​មហាជន ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ រួមទាំង​លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន ផងដែរ បានធ្វើការ​ប្រតិកម្ម និង​ស្នើឱ្យ​លុប​​ចេញ​ជាបន្ទាន់​។

​នា​យប់​ថ្ងៃទី ​៤ ខែមិថុនា ដដែល​នោះ អ្នកនាង មាស សុខ​សោភា ក៏បាន​សរសេរ​សារ​សូមទោស​ចំពោះ​លោក​នា​យក​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ប្រជាជន​​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ចំពោះ​កំហុសឆ្គង​លើ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ដែល​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ច និង​ឆា​ណែ​ល​យូ​ធូប​របស់​នាង​។

​អ្នកនាង មាស សុខ​សោភា សរសេរថា​៖ «​នាង​ខ្ញុំ​ពិតជា​មិនមាន​ចេតនា​ណាមួយ​ក្នុងការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ទេ តែ​ដោយសារតែ​ការខ្វះចន្លោះ​ក្នុងការ​សិក្សា​ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​មុននឹង​ផលិត​បទ​នេះ​ឡើង ទើប​ធ្វើឱ្យមាន​កំហុសឆ្គង​កើតមានឡើង​ដោយ​អ​ចេតនា​»​។

​អ្នកនាង​បន្តថា​៖ «​នាង​ខ្ញុំ និង​ក្រុមការងារ​សង្ឃឹមថា សម្តេច​ពុក ក្រសួង​ពាក់ព័ន្ធ​នានា ព្រមទាំង​បងប្អូន​ជនរួមជាតិ មេត្តា​យោគ​​យល់ និង​អធ្យាស្រ័យ​ដល់​នាង​ខ្ញុំ​។ មកដល់ពេលនេះ​នាង​ខ្ញុំ​បាន​លុប​ទាំងស្រុង នូវ​វីដេអូ​ចម្រៀង​១​បទ​នេះ​ចេញពី ហ្វេ​ស​ប៊ុ​ក​ផេ​ច និង​ឆា​ណែ​ល​យូ​ធូប​របស់​នាង​ខ្ញុំ​ជា​ស្ថាពរ​ហើយ​»​។​

​អ្នកចម្រៀង​រូបនេះ​ក៏បាន​សន្យា​ផងដែរ​ថា នឹង​ព្យាយាម​សិក្សា​ស្វែងយល់​បន្ថែមទៀត​ពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ ព្រមទាំង​ផលិត​បទ​​ចម្រៀង​ដែល​លើកស្ទួយ​វប្បធម៌ អរិយធម៌​ខ្មែរ ជា​បន្តទៀត​។

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ក៏បាន​លើកឡើង​ដែរ​ថា បទ​ចម្រៀង «​មរណភាព​ព្រះ​ស្វាមី ជ័យ​វរ្ម័នទី​៧»​ បាន​បរិយាយ​ដោយ​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ដែលជា​ព្រះ​មហាវីរក្សត្រ​ដ៏​មហិមា​នៅ​សម័យអង្គរ និង​បាន​បង្កឱ្យមាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សាធារណមតិ​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ពុំទាន់​មាន​ឯកសារ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ណាមួយ​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​គ្រប់គ្រាន់ បញ្ជាក់​ច្បាស់​ពី​ការ​​សោយ​ទិវង្គត​របស់​ព្រះបាទ​ជ័យ​​វរ្ម័នទី​៧​ នៅឡើយ​ទេ​។ ការផលិត​បទ​ចម្រៀង​ខាងលើ គឺ​ពុំមាន​ភ័ស្តុតាង​ពិតប្រាកដ ដែលជា​ហេតុ​បង្កឱ្យមាន​ការភាន់ច្រឡំ​ចំពោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​។​

​ជុំវិញ​បញ្ហា​នេះដែរ លោក សំបូរ មា​ណ្ណា​រ៉ា សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ​បាន​ប្រាប់​ឱ្យដឹងថា ការ​ដកចេញ​បទ​ចម្រៀង​នេះ គឺជា​ការត្រឹមត្រូវ​បំផុត ដោយសារតែ​ខ្វះ​ឯកសារយោង និង​ភាព​ជាក់​​ស្តែង​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។

​លោក​បន្តថា បញ្ហា​នេះ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល គួរតែ​ធ្វើការ​ទទួលខុសត្រូវ ព្រោះ​នៅពេលដែល​ផ្សាយ​ចេញទៅ​ហើយ ប្រាកដជា​ប៉ះពាល់​ដល់​សច្ចធម៌​ប្រវត្តិសាស្ត្រ​ជាពិសេស​ការប្រើប្រាស់​ពាក្យពេចន៍​ខុស ថា ព្រះ​ស្វាមី ឬ​មរណភាព​ចំពោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ដែល​គេ​មិនដែល​ប្រើ​បែបនេះ​ឡើយ​។​

​លោក មា​ណ្ណា​រ៉ា មានប្រសាសន៍ថា​៖ «​ទាំងអស់នេះ ខ្ញុំ​ដឹងថា មកពី​ការសិក្សា​រៀនសូត្រ របស់​អ្នក​​និពន្ធ ឬក៏​អ្នកចម្រៀង​ទាំងអស់​នៅមានកម្រិត​។ មួយទៀត គឺ​ពួកគាត់​រើសអើង​ដោយ​មិន​ខ្វល់​ពី​អ្នកដទៃ ដោយ​គិត​ខ្លួនឯង​ថា ជា​អ្នកល្បី គាត់​ធ្វើ​អី​បាន​តាមចិត្ត ដែល​អា​ហ្នឹងហើយ​ធ្វើឱ្យ មានការ​កើនឡើង​នូវ​វិបត្តិ​ក្នុង​វប្បធម៌ ប្រវត្តិសាស្ត្រ​ជាតិ និង​ធ្វើឱ្យ​សាបរលាប​នូវ​តម្លៃ​មហា​បុរស​ខ្មែរ​តាមរយៈ​បទ​ចម្រៀង​ទាំងអស់​ហ្នឹង​»៕