
រោងបុណ្យសពដែលមានភ្ញៀវកំដរទទួលទានស្រា។ រូបថត FN
ពោធិ៍សាត់ៈ ប្រជាពលរដ្ឋ ២៧ នាក់ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ក្នុងករណីសង្ស័យពុលស្រាស ក្នុងកម្មវិធីកំដរបុណ្យសព មួយកន្លែងក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់បានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញអស់ហើយ។
លោក ភី ភឿន មេឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី ៥ ខែមិថុនាថា អាជ្ញាធរបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី ២ ខែមិថុនាថា មានប្រជាពលរដ្ឋស្លាប់ម្នាក់សង្ស័យពុលស្រា និង ២៧ នាក់ផ្សេងទៀត មានបញ្ហាសុខភាព ក្រោយពីបានទៅចូលរួមកំដរបុណ្យសពនៅយប់ថ្ងៃទី ១ ខែមិថុនា នៅក្នុងផ្ទះរបស់សពឈ្មោះ ស៊ុម ម៉ើយ ភេទប្រុស អាយុ ៨៨ ឆ្នាំ ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកមេឃុំបានថ្លែងបន្តថា ក្រោយទទួលបានព័ត៌មាននេះ លោកបានទំនាក់ទំនងទៅគ្រូពេទ្យនៅមណ្ឌលសុខភាពក្នុងឃុំ ទំនាក់ទំនងទៅការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិក្រគរ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋមានបញ្ហាសុខភាពទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកក្រគរ។
លោក ភឿន ថ្លែងថា ដំបូងឡើងអ្នកជំងឺទាំងអស់បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកក្រគរ ប៉ុន្តែក្រោយមកអ្នកជំងឺ ៦ នាក់មានអាការធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកមេឃុំបញ្ជាក់ទៀតថា មកដល់ថ្ងៃទី ៥ ខែមិថុនានេះ អ្នកជំងឺទាំងអស់មានសភាពធូរស្រាល និងបានត្រឡប់មកផ្ទះវិញអស់ហើយ។
លោកបញ្ជាក់ថា៖ «អ្នកជំងឺ ២១ នាក់ ដែលសម្រាកនៅមន្ទីរពេទ្យស្រុកក្រគរ បានចេញពីមន្ទីរពេទ្យនៅថ្ងៃទី ៤ ខែមិថុនា ចំណែក ៦ នាក់ផ្សេងទៀតដែលសម្រាកនៅពេទ្យបង្អែកខេត្តបានចេញព្រឹក (ថ្ងៃទី ៥ ខែមិថុនា) ទាំងអស់គ្នាបានមកដល់ផ្ទះវិញអស់ហើយ អត់មានបញ្ហាអ្វីទេ»។
លោកមេឃុំកំពង់ពោធិ៍ ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទទួលទានស្រាសសូមបង្កើនការប្រុងប្រយ័ត្នករណីពុល ប្រសិនជាអាចសូមបងប្អូនប្រជាពលរដ្ឋកាត់បន្ថយការទទួលទានស្រាឱ្យបានកាន់តែច្រើន កាន់តែល្អ។
លោកប្រាប់ថា កាលពីឆ្នាំ ២០១១ ធ្លាប់មានករណីពុលស្រាម្តងនៅឃុំកំពង់ពោធិ៍ ក្នុងករណីកំដរសពដូចលើកនេះដែរ តែកាលនោះករណីពុលស្រា បានបណ្តាលឱ្យពុលមនុស្សជាង ៨០ នាក់ និងស្លាប់ ១១ នាក់។
លោក ច័ន្ទ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី ៥ ខែមិថុនាថា ពលរដ្ឋដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់មានសភាពធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញអស់ហើយនៅព្រឹកថ្ងៃទី ៥ ខែមិថុនានេះ។ តាមការពិនិត្យស្ថានភាពអ្នកជំងឺ មានសញ្ញាញៀនស្រាពីមុនមក ប៉ុន្តែមិនអាចសន្និដ្ឋានបានថា ជាករណីពុលស្រាតែម្តងនោះទេ ព្រោះត្រូវរង់ចាំលទ្ធផលធ្វើតេស្តសំណាក យ៉ាងណាដើមហេតុច្បាស់ណាស់ គឺកើតចេញមកពីកន្លែងពិធីបុណ្យ។
លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងនៅថ្ងៃទី ៥ ខែមិថុនានេះថា បញ្ហាសុខភាពដែលកើតឡើងចំពោះប្រជាពលរដ្ឋទាំង ២៨ នាក់នេះសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីប្រាកដនៅឡើយទេ ព្រោះមិនមានឧបករណ៍សម្រាប់ពិនិត្យ។ យ៉ាងណាស្រាដែលប្រជាពលរដ្ឋទទួលទានក្នុងពិធីបុណ្យនោះ សមត្ថកិច្ចបានបញ្ជូនទៅមន្ត្រីជំនាញកាំកុងត្រូលនៅរាជធានីភ្នំពេញដើម្បីធ្វើការពិនិត្យហើយ។
លោកថ្លែងថា៖ «ដោយសារយើងអត់ទាន់មានឯកសារណាមួយដែលបញ្ជាក់មកថា ស្រានោះមាន ឬមិនមានសារធាតុពុល យើងអត់ទាន់អាចសន្និដ្ឋានបានទេ។ រឿងហ្នឹងយើងគ្រាន់តែសង្ស័យថា ពុលស្រា ព្រោះពេលយប់ពួកគាត់បរិភោគស្រាសហ្នឹង ហើយស្អែកឡើងទើបដឹងថា មានម្នាក់ស្លាប់ ហើយអ្នកផ្សេងទៀតមានបញ្ហាសុខភាពបន្តបន្ទាប់»។
លោកថ្លែងថា ពេលនេះសមត្ថកិច្ចមិនទាន់អាចធ្វើការស្រាវជ្រាវអ្វីបន្ថែមបាននៅឡើយទេ ប៉ុន្តែនៅពេលទទួលដំណឹងជាក់ច្បាស់អំពីមូលហេតុ សមត្ថកិច្ចនឹងបន្តកិច្ចការងារស្រាវជ្រាវបន្ថែមទៀតជាក់ស្តែងទៅតាម លទ្ធផលពីការធ្វើពិសោធន៍លើស្រា និងការធ្វើតេស្តសំណាករបស់ប្រជាពលរដ្ឋពីក្រុមគ្រូពេទ្យជំនាញ៕