សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា រដូវវស្សា​ជា​រដូវ​ដែលមាន​ភ្លៀង​ធ្លាក់ ធ្វើឱ្យ​រុក្ខជាតិ​តូចធំ​ដុះ​លូតលាស់​យ៉ាង​ស្រស់បំព្រង ប៉ុន្តែ​រុក្ខជាតិ​ទាំង​នោះ​ក៏បាន​ធ្វើឱ្យមាន​ផល​ប៉ះ​ពាល់​ខ្លះៗ​ដល់​ប្រាសាទ​ដែរ​។​

​ហេតុ​ដូច្នេះហើយ អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ធ្វើការ​សម្អាត​ស្មៅ និង​រុក្ខជាតិ​តូចៗ​ដែល​ដុះ​នៅលើ​ប្រាសាទ​ជាប្រចាំ ដើម្បី​រក្សា​សោភណភាព ការពារ​កុំឱ្យ​ស្មៅ និង​រុក្ខជាតិ​ទាំងនោះ​បំផ្លាញ​ភាពស្រស់ស្អាត​របស់​ប្រាសាទ​។

​អាជ្ញាធរ​អប្សរា​បានឱ្យដឹង​ទៀតថា ឫស​របស់​រុក្ខជាតិ និង​ស្មៅ​ទាំងនោះ ក៏បង្ក​ឱ្យ​ខូចខាត​ដល់​ថ្ម និង​រចនាសម្ព័ន្ធ​ប្រាសាទ​ផ្សេងៗ​ជាច្រើន​ដែរ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក ងិន ធី ប្រធាន​កម្មករ​ផ្នែក​សម្អាត​ប្រាសាទ​។ លោក​ងិន ធី ថ្លែងថា ការសម្អាត​នេះ ធ្វើឡើង​ញឹកញាប់​ជាងគេ គឺ​នៅ​រដូវវស្សា ព្រោះ​មាន​ភ្លៀង​ធ្លាក់​ងាយ​ធ្វើឱ្យ​រុក្ខជាតិ​តូចៗ​និង​ស្មៅ​ដុះ​លឿន​។​

​ជាមួយគ្នានេះ ដើម្បី​សម្រួល​ដល់​ការដើរ​ទស្សនា​របស់​ភ្ញៀវទេសចរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​មាន​សណ្ដាប់ធ្នាប់​នាយក​ដ្ឋា​ន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រៀបចំ​វង់​ទស្សនា​នៅ​ប្រា​សាទ​តាកែវ​។

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​កន្លងមក​ប្រាសាទតាកែវ មិនទាន់មាន​ការរៀប​ចំ​វង់​ទស្សនា​ទេ ហើយ​ការរៀបចំ​នៅពេលនេះ​គឺ​ដើម្បី​ត្រៀម​ដាក់​ឆ្លងទៅ​ក្រុម​អ្នកជំនាញការ​អាដហុក នៃ​គណៈ​​ក​ម្មា​ធិ​ការ​អន្ដរជាតិ​អាយ​ស៊ី​ស៊ី​​អង្គរ ដែល​គ្រោង​នឹង​ចុះមក​ពិនិត្យ និង​ឱ្យយោបល់​នា​សប្ដាហ៍​ក្រោយ​៕