
ការចុះផ្សព្វផ្សាយពីបរិស្ថាននៅកំពង់ធំនៅថ្ងៃទី ៥ មិថុនា។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួង និងមន្ទីរបរិស្ថានខេត្តមួយចំនួនបានផ្សព្វផ្សាយចំណេះដឹងបរិស្ថាននិងជីវចម្រុះជាវីដេអូខ្លីៗក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោកដើម្បីបណ្តុះស្មារតីមន្ត្រីរាជការ ប្រជាសហគមន៍ និងកុមារតូចៗឱ្យមានឆន្ទៈស្រឡាញ់បរិស្ថាន និងការពារធនធានធម្មជាតិ។
នៅថ្ងៃទី ៥ ខែមិថុនា ក្រសួងបរិស្ថានបានរៀបចំទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនា រួមជាមួយខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា, ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៣ ផងដែរ ដោយបានបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយចំណេះដឹងពីបរិស្ថានដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស នៅសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក ខេត្តកំពង់ធំ។
បើតាមក្រសួងបរិស្ថាន ពិធីនេះមានការចូលរួមពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ និងកុមារតូច វិស័យបរិស្ថាន ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តកំពង់ធំ អង្គការរីខូហ្វ និងមូលនិធិហេនរេចបូល។
ក្រសួងបរិស្ថានបានឱ្យដឹងដែរថា៖ «គោលបំណងសំខាន់ៗនៃការរៀបចំកម្មវិធីនេះគឺដើម្បីបណ្តុះស្មារតីនិងឆន្ទៈស្រឡាញ់បរិស្ថានដល់កុមារតូចៗដែលជាអ្នកបន្តវេនដឹកនាំវ័យក្មេងក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិនិងបំផុសភាពក្លាហានរបស់កុមារក្នុងការបង្ហាញពីគុណតម្លៃ សារៈសំខាន់ និងគុណប្រយោជន៍របស់បរិស្ថាន» ចំណែកមន្ទីរបរិស្ថានខេត្តកំពតក៏បានប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥ មិថុនាផងដែរ ក្រោមប្រធានបទ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» ដែលមានការចូលរួមពីមន្ត្រីខេត្តកងកម្លាំងប្រដាប់អាវុធ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាគមអ្នកនេសាទ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល ជាង ៤០០ នាក់។
លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានលើកឡើងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីបំផុសចលនាអប់រំដល់ប្រជាពលរដ្ឋ សិស្ស កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ឱ្យរួមគ្នាសម្អាតអនាម័យ ថែរក្សាសោភណភាពទីក្រុង ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ ជាដើម សំដៅរួមចំណែកកសាងសង្គមកម្ពុជាមានបរិស្ថានល្អស្រស់បំព្រង និងធានាសុខុមាលភាពដល់សាធារណជន។
លោកបានបញ្ជាក់ថា៖ «ធនធានធម្មជាតិពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវខ្យល់បរិសុទ្ធ លំនឹងនៃការប្រែប្រួលអាកាសធាតុដែលមនុស្សត្រូវការជាចាំបាច់ ដូចនេះត្រូវចូលរួមទាំងអស់គ្នាដោយផ្ទាល់និងប្រយោល»។
ចំណែកលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ក៏បានឱ្យដឹងដែរថា ប្រធានបទឆ្នាំនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ និងការក្រើនរំឭកសារទៅកាន់ពិភពលោកពីការស្តារប្រព័ន្ធអេកូឡូស៊ី និងដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក និងជីវចម្រុះជាដើម។
លោកលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្ន ប្រឈមនឹងភាពរេចរឹល ដោយសារតែតម្រូវការ ការដកហូត និងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។
លោក គន់ សុភា ថ្លែងថា៖ «យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារ ព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹកនិងកុំខ្ជះខ្ជាយម្ហូបអាហារដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រាន់ដើម្បីប្រើប្រាស់និងមានខ្យល់បរិសុទ្ធ»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែមិថុនា ក្នុងគោលបំណងបង្កើនការយល់ដឹងដល់សាធារណជនពីបញ្ហាបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឱ្យក្លាយទៅជាភ្នាក់ងារសកម្មប្រកបដោយចីរភាព និងរួមគ្នារក្សា ការពារនិងអភិវឌ្ឍមេត្រីបរិស្ថាន៕