
ពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងអង្គការមនុស្សចាស់កម្ពុជានិងសាកលវិទ្យាល័យជាតិបាត់ដំបងពីថ្ងៃទី៥ មិថុនា ។ រូបថត Help Age Cambodia-FB
ភ្នំពេញៈ អង្គការមនុស្សចាស់កម្ពុជានិងសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី ៥ ខែមិថុនា បានចុះអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីផ្ដល់ឱកាសដល់និស្សិតបញ្ញវន្តបានចូលរួមចំណែកក្នុងកិច្ចការងារសង្គម និងដើម្បីពង្រឹងទំនាក់ទំនងអន្តរជំនាន់ជាមួយមនុស្សវ័យចាស់។
លោក ទុំ វីរា់ នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានឱ្យដឹងថា កន្លងមកអង្គការមនុស្សចាស់ បានធ្វើការមួយចំនួនជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ប៉ុន្តែការងារទាំងនោះមិនទាន់ជាផ្លូវការទេ ដោយមិនបានចុះកិច្ចព្រមព្រៀង ឬចុះអនុស្សរណៈយោគយល់គ្នាណាមួយ។
លោកបានប្រាប់ថា៖«យើងបានចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ ក្នុងគោលបំណងចង់ឱ្យមានកិច្ចសហប្រតិបត្តិការរវាងមនុស្សជំនាន់ក្រោយជាមួយមនុស្សវ័យចាស់ ដើម្បីឱ្យពួកគាត់អាចរៀនសូត្រពីគ្នាទៅវិញទៅមក ហើយមួយវិញទៀត ក៏មានគោលបំណងចង់ឱ្យនិស្សិត-បញ្ញវន្ត បានចូលរួមធ្វើការងារសង្គម ដើម្បីជួយទៅដល់មនុស្សវ័យចាស់ផងដែរ»។
លោក ទុំ វីរ៉ា បានបន្តថា ក្នុងខ្លឹមសារចុះអនុស្សរណៈមិនបានកំណត់ពេលទេ ប៉ុន្តែវាជាឯកសារមួយក្នុងការបើកផ្លូវឱ្យស្ថាប័នទាំង២នេះបានធ្វើការជាមួយគ្នាជាលក្ខណៈផ្លូវការ ហើយក្នុងនាមជាអង្គការមនុស្សចាស់ លោកបានផ្ដល់ឱកាសដល់និស្សិតអាចធ្វើការស្ម័គ្រចិត្ត ស្រាវជ្រាវជាមួយក្រុមការងារអង្គការលោកបាន។
លោកបានបន្តថា៖ «យើងក៏បានគាំទ្រ និងផ្ដល់គ្រូបណ្ដុះបណ្ដាលទៅដល់សាកលវិទ្យាជាតិបាត់ដំបង ទៅលើជំនាញការងារសង្គម។អ៊ីចឹង!ខាងយើងត្រូវផ្ដល់ចំណុចទាំងអស់ទៅដល់សាលានិងចូលរួមក្នុងកិច្ចការងារសំខាន់ក្នុងកម្មវិធីសិក្សារបស់សាលាផងដែរ»។
ទាក់ទងនឹងរឿងនេះ លោក តូច ចាន់នី អ្នកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នារវាងអង្គការមនុស្សចាស់ និងសាកលវិទ្យាជាតិបាត់ដំបង ជារឿងល្អ ព្រោះនេះជាការជំរុញឱ្យយុវជន សិស្ស-និស្សិត ឬមនុស្សជំនាន់ក្រោយបានចូលរួមស្រាវជ្រាវ និងស្វែងយល់អំពីបញ្ហាប្រឈមរបស់មនុស្សវ័យចាស់។
លោកបានបន្តថា លោកក៏ចង់ឱ្យអង្គការមនុស្សចាស់ និងសាកលវិទ្យាល័យផ្សេងទៀត មិនថានៅខេត្តបាត់ដំបង ឬរាជធានីភ្នំពេញទេ ត្រូវសហការគ្នាដើម្បីឱ្យសិស្ស-និស្សិតនិងមនុស្សជំនាន់ក្រោយបានដឹងពីសារៈសំខាន់មនុស្សវ័យចាស់ និងតម្រូវការរបស់មនុស្សវ័យចាស់ផងដែរ។
លោកតូច ចាន់នីបានថ្លែងថា៖ «អនុស្សរណៈយោគយល់គ្នានេះល្អ ដោយសារវាបានជំរុញឱ្យសិស្សនិស្សិត និងយុវជនជំនាន់ក្រោយ បានចូលរួមយល់ដឹងពីតម្រូវការ បញ្ហាប្រឈមរបស់មនុស្សវ័យចាស់ ដែលការចូលរួមទាំងនេះ វានឹងផ្ដល់ប្រយោជន៍ទាំងមនុស្សចាស់ និងសង្គមជាតិទាំងមូល»។
សូមបញ្ជាក់ថា តាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន១,៣៨លាននាក់ ឬប្រហែល៨,៩ភាគរយនៃចំនួនប្រជាជនសរុប។ ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវបានព្យាករថា នឹងអាចកើនឡើងដល់១៣ភាគរយនៅឆ្នាំ២០៣០ដល់១៦ភាគរយនៅឆ្នាំ២០៤០និងរហូតដល់២៣ភាគរយនៅឆ្នាំ២០៥០៕