ភ្នំពេញៈ អ្នក​នាំពា​ក្យ​ក្រសួងយុ​ត្តិ​ធម៌​ លោក ​ជិន ម៉ា​លីន បាន​លើក​ឡើង​​ថា បើ​សិន​​គណ​ប​ក្ស​ន​យោបា​យ​ណា​ធ្វើ​សកម្ម​ភាព​ក្នុងន័​យ​រារាំង​ប្រជា​ព​លរដ្ឋ​ចូលរួម​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ខែកក្កដា​ខាងមុ​ខ នឹ​ង​អាច​ប្រឈម​ការហាម​សិទ្ធិ​ធ្វើ​នយោ​បាយ ​រហូត​ជិត ៥ ​ឆ្នាំ ឬ​អាច​ឈាន​ដល់​ការរំ​លាយ​គណប​ក្ស​ដោយ​តុលាការ​កំពូល​។​

​លោក ​ជិន ម៉ា​លីន បាន​បញ្ជាក់​នៅ​ថ្ងៃទី​ ៦ ខែ​មិថុនា ឆ្នាំ​ ២០២៣ ​ថា ក្នុង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ប្រជា​ព​លរដ្ឋ​មាន​សិទ្ធិ​ផ្នែក​នយោ​បាយ​ក្នុងកា​រ​ឈរឈ្មោះ​​បោះឆ្នោត ​និង​ចូលរួម​បោះឆ្នោត​ ដែល​ច្បាប់​ស្តីពី​ការជ្រើ​សតាំង​តំណាង​រាស្ត្រ​បាន​បញ្ញត្តិ​ថា រាល់​សកម្ម​ភាព​ទាំង​ឡាយ​ណា​ដែល​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ទៅ​បោះឆ្នោ​ត ​នឹងត្រូវ​ប្រឈម​នឹង​នីតិ​វិធី​ផ្លូវ​ច្បាប់​ជា​ធរមា​ន ​ព្រោះ​សកម្ម​ភាព​នោះ​ជា​បទ​ល្មើស ​និង​ជា​ការ​បំពាន​សិទ្ធិ​នយោ​បាយ​ពាក់​ព័ន្ធ​ការបោះ​ឆ្នោត​។​

​លោក​សង្កត់​ធ្ងន់ថា​៖ «​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​​តាម​គ្រប់​រូបភាព មា​ន​ទាំង​សំឡេង ​សារ​ រូបភាព ជា​ដើម​ ដែល​មាន​ចេតនា​រារាំង​ពល​រដ្ឋ​មិនឱ្យ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ រារាំង​មិនឱ្យ​ទៅ​បោះ​ឆ្នោត​ បុគ្គល​នោះ​នឹងត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ធរ​មាន​»​។

​លោក​ ជិន ម៉ា​លីន បាន​បន្ត​ថា​៖ «​ប៉ុន្តែ​បើ​អ្នក​ប្រព្រឹត្ត​ជា​នីតិបុ​គ្គល ជា​គណ​បក្ស​នយោបា​យ​វិញ ​គណ​បក្ស​នោះ​នឹងត្រូវ​ទ​ទួល​ខុស​ត្រូវ ពិសេស​ច្បាប់​ស្តីអំពី​គណ​បក្ស​នយោ​បាយ ​ដែល​អាច​ទទួល​ទោស​ព្រហ្ម​ទណ្ឌ​តាម​កម្រិត ក្នុង​នោះ​អាច​មាន​ការ​ហាម​ប្រាម​ធ្វើ​សកម្ម​ភាព​នយោ​បាយ​ក្នុង​រយៈ​ពេល​ណា​មួយ​កំណត់​មិន​លើសពី​​៥​ឆ្នាំ ឬ​បើ​ធ្ងន់ធ្ងរ​អាច​ឈាន​​ដល់​ការ​រំលាយ​គណ​បក្ស​នយោ​បាយ​ដោយ​តុលាកា​រ​កំពូល​ដូច​ធ្លាប់​មាន​នា​ពេល​កន្ល​ងមក​»​។​

​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​យុត្តិ​ធម៌​ដូ​ច្នេះ ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​អ្នក​គាំទ្រ​របស់​គណប​ក្ស​ភ្លើង​ទៀន​មួយ​ចំនួន បាន​បំផុស​ចលនា​មិន​ចូលរួម​​ការបោះ​ឆ្នោត​ជ្រើសតាំ​ង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៧ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា ឆ្នាំ​២០២៣​ ជា​ពិសេស​នៅ​តាម​បណ្តាញ​សង្គម ​ព្រោះ​អវត្ត​មាន​របស់​គណ​បក្ស​ដែល​ខ្លួន​គាំទ្រ​។​

​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃទី​៦ ​ខែមិថុនា ​ក៏បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្ម​ភាព​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់កំ​ពុងដំ​ណើរការ​យ៉ាង​រលូន​ពី​ការ​រៀប​ចំកា​របោះឆ្នោ​ត​ជ្រើសតាំ​ង​តំណាងរា​ស្ត្រនី​តិកា​ល​ទី​៧ ឆ្នាំ​២០២៣ ​ស្រប​តាម​ច្បាប់​បោះឆ្នោ​ត និង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រ​​ក​ម្ពុជា​។​

​គ​.​ជ​.​ប បាន​លើក​ឡើងថា​ ប៉ុន្មាន​ថ្ងៃ​ចុងក្រោ​យ​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មា​ន គ​.​ជ​.​ប បាន​កត់​សម្គាល់​ឃើញថា ​មាន​បុគ្គល​មួយ​ចំនួន​បានធ្វើ​​យុទ្ធនាកា​រ​តាមរ​យៈ​ខិ​ត្ដ​ប័ណ្ណ ​រូប​ភាព ឬ​ស្ប៉ត​ឃោស​នា​នានា ​តាម​បណ្ដាញព័​ត៌មាន​សង្គម​ដោយ​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរ​ដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល​មិន​ឱ្យទៅ​បោះ​ឆ្នោត​...ព្រោះគ្មា​ន​គ​ណប​ក្សភ្លើង​ទៀន​​។

​គ​​.​ជ​.​បបាន​បញ្ជាក់​ថា៖«​យុទ្ធ​នាការ​ខា​ងលើនេះ​គឺជា​ការរំលោភបំ​ពាន​លើ​មាត្រា១​៤២នៃ​ច្បាប់​ស្តីពី​ការបោះ​ឆ្នោត​ជ្រើសតាំ​ង​តំណាង​រាស្ត្រ​ ដែល​ចែង​ថា ត្រូវ​ផា​កពិ​ន័យ​ជា​ប្រាក់​ពី៥​លាន រៀ​ល ទៅ២០​លាន​ រៀល ដោយ គ​.​ជ​.​ប ដោយ​ពុំទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ឡើយ​»​។​

​ទន្ទឹ​មនឹង​នេះគ​.​ជ​.​ប ​ក៏បាន​អំពាវ​នាវ​ដល់​បុគ្គល​ទាំង​ឡាយ​ដែល​មាន​ចេតនា​ទុច្ចរិត​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភា​ព​ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​នៃ​ច្បាប់​។​

​ជុំវិញ​បញ្ហា​នេះ លោក ​គីម​សួរ ភី​រិ​ទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើងទៀ​នបា​ន​ប្រាប់ថា គណប​ក្ស​រ​បស់លោក​មិន​មាន​គោល​ការណ៍​ហាម​ប្រា​ម​សមាជិ​កឬ​បំផុស​ចលនា​រារាំង​ប្រជា​ជន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោ​ត​ជាតិ​ខាង​មុខនេះ​ទេ​។ ​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​លោក ​យង់ ពៅ អគ្គ​លេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លើក​ឡើងថា​ ការ​បំផុស​ចលនា​រារាំង ​ឬ​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជា​រឿង​ខុសឆ្គ​ង ដែល​អាច​បង្ក​ឱ្យមា​ន​ចលា​ចល​ក្នុង​សង្គម ហើយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ផង​។​

​លោក​ថា​៖ «​ខ្ញុំ​វាយ​តម្លៃ​ថា មិន​មាន​​អ្វី​ខុស​ពី​ប្រក្រតីភា​ព​ទេ ព្រោះ​មុន​ការបោះ​ឆ្នោត​ មុន​ការប្រ​កួត​គ្នា វា​តែងតែមា​ន​សភាព​ការណ៍​​នយោបា​យ​​ប្លែកៗ​ជា​ប្រចាំ ​សំខាន់​គណ​បក្ស​កាន់អំ​ណាច​ ឬ​រដ្ឋា​ភិ​បាល​អាច​ធន់​នឹង​សភា​ព​ការណ៍​ទាំង​អស់​ហ្នឹង ហើយ​អាច​ដោះស្រាយ ​​និង​ឆ្ពោះ​ទៅរ​ក​ដំណើរ​ការ​បោះឆ្នោ​ត​តាម​ធម្មតា​»​។​

​លោ​ក​ថា តាម​ការ​កត់ស​ម្គាល់ ទោះ​បី​មាន​ព្រឹត្តិការ​ណ៍​ក្តៅគគុ​ក​នៅមុន​ការបោះឆ្នោ​ត​​នានា​កន្លង​ទៅក្តី ក៏​រដ្ឋា​ភិបាល​អាច​គ្រប់​គ្រង​សភាព​ការ​ណ៍​បាន ​ហើយ​ឈាន​ទៅរក​ការ​បោះឆ្នោ​ត​តាម​ប្រតិទិន​ជាធម្មតា​ ដែល​បង្ហាញ​ពី​សមត្ថភា​ព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។​ លោក​ស្នើឱ្យ​អ្នក​នយោ​បាយ ​និង​គណប​ក្សន​យោបាយ​ ​ចួ​ល​រួម​ថែរក្សា​ស្ថិរភា​ព និង​សន្តិភា​ព ដើម្បី​បើក​ផ្លូវ​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ខាង​មុខ​ប្រព្រឹត្ត​ទៅដោ​យ​រលូន​​៕