
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ម្សិលមិញ។ រូបថត SPM
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បានលើកឡើងថា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ «រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ» ត្រូវបានប្តូរឈ្មោះមកជា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជា។
លោកថ្លែងដូចនេះ កាលពីថ្ងៃទី ៦ ខែមិថុនា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលស្ថិតនៅសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ដែលអគារនេះមានចំនួន ២ ខ្នងដោយចំណាយថវិកាជាតិសរុបប្រមាណ ៤,៩១ លានដុល្លារអាមេរិក។
លោកមានប្រសាសន៍ថា៖ «អគារថ្មីចំនួន ២ ខ្នង ដ៏ធំស្កឹមស្កៃនេះ គឺជាសមិទ្ធផលថ្មីក្នុងវិស័យយុត្តិធម៌ ដែលលេចឡើងក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។
បើតាមលោក កើត រិទ្ធ នៅមុនឆ្នាំ ២០០២ កម្ពុជាពុំមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ។ ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី «ការគាំទ្រនីតិរដ្ឋ» ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០០២ តាមរយៈការបង្កើតឱ្យមានជា «សាលាភូមិន្ទចៅក្រម»។
បន្ទាប់មកនៅឆ្នាំ ២០០៥ ក្នុងក្របខ័ណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិវឌ្ឍខ្លួនទៅជា «រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ» ហើយចុងក្រោយនេះ តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣ រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការត្រូវបានប្តូរឈ្មោះមកជាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជា។
ការផ្លាស់ប្តូរឈ្មោះនេះ គឺដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ពង្រីកសក្តានុពលភាព ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីកាន់ការងារច្បាប់ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ និងចំណុចចុងក្រោយគឺដើម្បីលើកកម្ពស់សមត្ថភាពផ្នែកសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗដែលជាឧត្តមប្រយោជន៍ដល់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។
លោក កើត រិទ្ធ បញ្ជាក់ថា ៖ «បច្ចុប្បន្ននេះ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ»។
រចនាសម្ព័ន្ធចំណុះ រួមមាន សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងគរុកោសល្យមួយជាសេនាធិការ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងនាពិធីនោះផងដែរដោយលោកបានលើកទឹកចិត្តឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យបានកាន់តែច្រើនទៀតដើម្បីពង្រឹងផ្នែកយុត្តិធម៌នៅកម្ពុជា។ លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះកម្ពុជាត្រូវបន្តធ្វើការកំណែទម្រង់វិស័យតុលាការបន្តទៀត ដើម្បីពន្លឿនការដោះស្រាយសំណុំរឿងនានា កុំឱ្យកកស្ទះ ពិសេសដើម្បីផ្តល់ភាពងាយស្រួលផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ»។
លោក ហ៊ុន សែន បន្តថា៖ «យើងត្រូវការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យតុលាការក្នុងវិស័យយុត្តិធម៌នេះកាន់តែច្រើន ដូច្នេះយើងមានតម្រូវការសាលាបែបនេះដើម្បីបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌នេះ»៕