ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា រដ្ឋាភិបាលនឹងទទួលខុសត្រូវលើការចំណាយទាំងអស់ទាំងថ្លៃសិក្សា និងប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន ១,៥ លាននាក់ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង ជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងការងារ។
ក្នុងឱកាសនោះលោក អ៊ិត សំហេង បានថ្លែងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយទើបជំរុញឱ្យមានការអភិវឌ្ឍឈានឡើង ក្នុងនោះវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងសំខាន់ផងដែរ។
លោកបានបន្ថែមថា ថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នជាសេនាធិការផ្សេងទៀតរួមសហការរៀបចំគោលនយោបាយជាតិបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានសរុបប្រមាណ ១,៥ លាននាក់។
ជាមួយនឹងគោលនយោបាយនេះ លោកអ៊ិត សំហេង បានប្រកាសថា៖ «ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ ប្រសិនបើការងារនេះជោគជ័យទៅបាន នឹងជួយកាត់បន្ថយគម្លាតរវាងកម្លាំងពលកម្មដែលមានជំនាញឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់យុវជនក្រីក្រទាំងនោះឱ្យកាន់តែប្រសើរជាងមុន»។
កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រដែលគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យប្រមាណ ១,៥ លាននាក់ដោយឥតគិតថ្លៃ។
ជាមួយនឹងការប្រកាសនេះលោក ក៏បានណែនាំឱ្យក្រសួងពាក់ព័ន្ធសិក្សាអំពីលទ្ធភាពក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់យុវជនក្រីក្រទាំងនោះជាប្រចាំខែបន្ថែមពីការទទួលបានឱកាសសិក្សា ដើម្បីបង្កលក្ខណៈងាយស្រួលដល់យុវជនក្រីក្រទាំងនោះឱ្យទទួលបានជោគជ័យផងដែរ។
លោក ថង សាម៉ុន អគ្គនាយករងនៃអគ្គនាយដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់បានថ្លែងថា ដោយសារគោលនយោបាយនេះថ្មី ហើយកំពុងរៀបចំផែនការ លោកមិនអាចបកស្រាយអ្វីបានច្រើនទេ ដោយគ្រាន់តែថា ការរៀបចំគោលនយោបាយថ្មីនេះនឹងធ្វើឡើងដោយត្រូវគិតគូរពីតម្រូវការទីផ្សារនិងលទ្ធភាពក្នុងការបណ្តុះបណ្តាលដើម្បីផ្តល់ជូនជំនាញសមស្របនៅពេលដែលនិស្សិតបានបញ្ចប់ការសិក្សាដើម្បីឱ្យពួកគេទទួលបានឱកាសការងារត្រឹមត្រូវ។
លោកបានបញ្ជាក់ថា៖ «យើងកំពុងសិក្សាពីលទ្ធភាពដែលអាចផ្តល់ជូនដល់និស្សិតរបស់យើង។យើងក៏ត្រូវគិតគូរទាំងតម្រូវការទីផ្សារ ប្រភេទការងារអ្វីខ្លះហើយលទ្ធភាពរបស់យើងមានអ្វីខ្លះរាប់តាំងពីសាលា គ្រូ បន្ទាប់មកយើងនឹងបំពេញទៅលើអ្វីដែលនៅខ្វះចន្លោះ។យើងត្រូវគិតគូរឱ្យបានច្បាស់លាស់ដើម្បីដាក់ចេញកម្មវិធីនេះឱ្យបានជោគជ័យនិងមានប្រសិទ្ធភាព»។
ទន្ទឹមនឹងនេះ លោក ថង សាម៉ុន បានអះអាងថា គោលនយោបាយថ្មីនេះ នឹងអាចអនុវត្តបាននៅឆ្នាំ២០២៤ ខាងមុខដោយផ្ដោតលើការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដល់សិស្សនិងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ។
តាមគោលដៅរបស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងឆ្នាំនេះនឹងផ្តល់ការបណ្តុះបណ្តាលជំនាញប្រមាណ ៦ ម៉ឺននាក់ ស្របតាមថវិកាជាតិដែលបានកំណត់ បន្ទាប់ពីកម្មវិធីដែលបានអនុវត្តកាលពីឆ្នាំ ២០២១ និងឆ្នាំ ២០២២ ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈពិសេសទៅដល់កម្មករ កម្មការិនីដែលរងផលប៉ះពាល់នឹងវិបត្តិកូវីដ ១៩ គឺមាន ១៤ ០០០ នាក់សម្រាប់រយៈពេល ៤ ខែ៕