
សារ និងរូបភាពដែលជនរងគ្រោះបានបង្ហោះ បន្ទាប់ពីបាត់លុយពីកុងធនាគារ។ រូបថត ហ្វេសប៊ុក Lun Sophanith
ភ្នំពេញៈ ជនរងគ្រោះក្នុងករណីបាត់លុយអស់ ១០ ម៉ឺនដុល្លារពីធានាគារ ABA រង់ចាំដំណោះស្រាយពីសមត្ថកិច្ច ដើម្បីវែកមុខរកជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ខណៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអះអាងថា មន្ត្រីជំនាញកំពុងបន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឃាត់ខ្លួនជនសង្ស័យ។
កាលពីថ្ងៃទី ២ ខែមិថុនា មានគណនីហ្វេសប៊ុកឈ្មោះ Chhuy Bunleng និង Rany Beauty ដែលជាប្តីប្រពន្ធនឹងគ្នា បានបង្ហោះសារជាបន្តបន្ទាប់ពីករណីដែលត្រូវបានជនមិនស្គាល់អត្ថសញ្ញាណដកលុយពីក្នុងធនាគារ ABA ជាបន្តបន្ទាប់ចំនួន ១០ ម៉ឺនដុល្ហារ ត្រឹមរយៈពេល៣ម៉ោង។
លោក ឈុយ ប៊ុនឡេង បានរៀបរាប់ថា៖ «ថ្ងៃទី ២ ជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុត តាំងពីកើតមក ដែលកុងធនាគារ ABA ប្រពន្ធរបស់ខ្ញុំ ត្រូវចោរវេរចេញ ១០ ម៉ឺនដុល្លារ កាលពីថ្ងៃទី ៣១ ខែ ៥ ឆ្នាំ ២០២៣ ហើយបើក Sim Metfone បាន។ ខ្ញុំពិតជាពិបាកចិត្តណាស់ លេខទូរស័ព្ទ Metfone របស់ខ្ញុំនេះ ប្រពន្ធខ្ញុំជាអ្នកប្រើ ហើយក៏ប្រើសម្រាប់កុង ABA គាត់ដែរ» ។
លោកបានបន្តថា៖ «ផ្តើមចេញពី Metfone ហេតុអ្វីបានជាបើកស៊ីម Metfone បាន ដែលមិនមែនជាម្ចាស់ទៅបើក Sim Metfone បាន? ហើយបន្ទាប់មក មិនដឹងហេតុអ្វី បានអ្នកផ្សេងអាច Log in ABA App បាន ហើយបានវេរលុយចេញអស់ចំនួន ១០ ម៉ឺនដុល្លារពី Account ABA។ សូមបញ្ជាក់មិនដល់៣ម៉ោងអស់លុយ ១០ ម៉ឺនដុល្លារ ទឹកភ្នែកប្រពន្ធសម្លាញ់ហូរស្រក់ ពិតជាគួរឱ្យអាណិតណាស់។ ញើសឈាមដែលខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺទាំងជា និងបូកលុយជំពាក់គេ ដើម្បីបង្វិលរកស៊ី»។
ក្រោយផ្ទុះករណីនេះ និងមានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក ធនាគារ ABA ក៏បានចេញមុខបកស្រាយ ភ្លាមៗដោយបានអះអាងថា ករណីនេះ មិនពាក់ព័ន្ធនឹងប្រព័ន្ធធនាគាររបស់ខ្លួននោះទេ ហើយធនាគារ នឹងសហការជាមួយជនរងគ្រោះ និងសមត្ថកិច្ចជំនាញ ដើម្បីចាត់វិធានការស្រាវជ្រាវលើករណីនេះ។
ធនាគា ABA បានប្រកាសយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមជម្រាបអតិថិជនទាំងអស់ឱ្យបានជ្រាបថា ធនាគារយើងតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពគណនីរបស់អតិថិជន។ ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជនរបស់យើង យើងខ្ញុំបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ»។
ធនាគា ABA បានអះអាងបន្តថា៖ «យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។ អតិថិជនមិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។ ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ»។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Metfone ក៏បានបង្ហាញមុខជនសង្ស័យក្នុងអំឡុងពេលចូលមកបន្លំខ្លួន ដើម្បីបើកស៊ីមទូរស័ព្ទរបស់ជនរងគ្រោះ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់មានការបកស្រាយណាមួយជាផ្លូវការពីសំណាក់ក្រុមហ៊ុន Metfone នោះទេ។ ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Metfone បានទេ នៅថ្ងៃទី ៧ ខែមិថុនា។
អ្នកស្រី រ៉ានី ដែលត្រូវជាជនរងគ្រោះ នៃការបាត់ប្រាក់ពីគណនីចំនួន ១០ ម៉ឺនដុល្លារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ មិថុនាថា អ្នកស្រី និងគ្រួសារ ជឿជាក់ និងរង់ចាំដំណោះស្រាយពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធថា នឹងអាចស្វែងរកជនសង្ស័យ និងទឹកប្រាក់ដែលបាត់បង់ត្រឡប់មកវិញ។ ជាមួយនឹងក្តីរំពឹងនេះ អ្នកស្រី ក៏មិនបានបកស្រាយអ្វីបន្ថែមដែរ ដោយឱ្យរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធ។
អ្នកស្រី រ៉ានី បានបញ្ជាក់ថា៖ «ពួកខ្ញុំបានជួបនិយាយជាមួយធនាគារ ABA ហើយខាងធនាគារបានពន្យល់ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅនិងជឿជាក់ថា មិនពាក់ព័ន្ធនឹង ABA ហើយក៏ជឿថា លុយដែលជាញើសឈាមរបស់ខ្ញុំ នឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសម្រាប់ទឹកចិត្ត។ កាន់តែកក់ក្តៅទៀត គឺខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះជាមួយពួកខ្ញុំ និងប៉ូលិសដើម្បីរកជនល្មើសផងដែរ»។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិយាយថា ករណីនេះ ជនរងគ្រោះ មិនបានប្តឹងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។ លោក បានបង្វែរសំណួរ ឱ្យទៅសួរនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃវិញ។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែមិថុនាថា បទល្មើសនេះ នាយកដ្ឋានកំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធ។
លោកបានបញ្ជាក់ថា៖ «ពួកខ្ញុំកំពុងស្រាវជ្រាវ។ មិនទាន់អាចបញ្ចេញព័ត៌មានអ្វីបានទេ។ នៅពេលដល់ដំណាក់កាលមួយដែលអាចផ្សព្វផ្សាយបាន ខ្ញុំនឹងផ្តល់ព័ត៌មានជូន ព្រោះបើផ្សព្វផ្សាយអាចឱ្យជនសង្ស័យដឹងខ្លួន។ សូមរង់ចាំសិន»៕