ភ្នំពេញៈ​ លោក ទេព នីថា អគ្គ​លេខាធិ​ការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឱ្យដឹង​ថា ​គណៈ​កម្ម​កា​រ​រាជ​ធានី​ខេត្ត​រៀបចំ​ការបោះ​ឆ្នោត​នឹងត្រូវ​រៀបចំ​បិទ​ផ្សាយ​ជា​សាធា​រណៈ​នូវ​បញ្ជី​គណ​បក្ស​នយោ​បាយ​ឈរឈ្មោះ​បោះ​ឆ្នោត​តាម​លំដាប់​លេខ​រៀង និង​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តាម​មណ្ឌល​បោះ​ឆ្នោត​ទាំង​២៥​ រាជធានី​ ខេត្ត​ នៅ​ថ្ងៃទី​ ១៣ ខែ​មិថុនា ​ឆ្នាំ ​២០២៣​។​

​លោក​បាន​បញ្ជាក់​បែប​នេះ នៅ​ក្នុង​ពិធី​បើក​វគ្គប​ណ្តុះ​បណ្ត​លម​ន្ត្រី គ​.​ជ​.​ប និង​ភាគី​ពាក់​ព័ន្ធស្ដីពី​«​ការ​បោះ​ឆ្នោត​ កា​ររាប់​សន្លឹក​ឆ្នោត និង​ការ​ប្រកាស​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​» សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ​កាល​ថ្ងៃទី​៧ ខែ​មិថុនា​ ឆ្នាំ​២០២៣​។​

​លោកទេព នីថា បាន​បញ្ជាក់​ថា៖ «​គណៈ​កម្មការ​ឃុំ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោ​ត​នឹង​ចាប់​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ ​សង្កេត​ការណ៍​តាម​ការិ​យា​ល័យ​បោះ​ឆ្នោត និង​ការិយា​ល័យ​រាប់​សន្លឹក​ឆ្នោត ​ក្នុង​រយៈពេល​យ៉ាង​យូរ​៧ថ្ងៃ​ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ ​ពោល​គឺ​ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៤​ ខែ​មិថុនា ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ថ្ងៃទី​២០​ ខែមិថុនា ឆ្នាំ​២០២៣ »​។

​លោក​ក៏​បាន​ជំ​រុញ​ឱ្យ​គណៈ​កម្មការ​រាជធានី ​ខេត្ត​រៀបចំ​កា​របោះ​ឆ្នោត​ទាំង​អស់​ត្រៀម​អនុវត្ត និង​ផ្សព្វ​ផ្សាយ​​ពី​ការងារ​នេះ​ឱ្យបាន​ទូលំ​ទូលាយ​ ព្រម​ទាំង​ត្រូវ​ស្នើសុំ​កិច្ច​សហ​ការ​ពី​អាជ្ញា​ធរ​ដែន​ដី ពិសេស​អាជ្ញាធរ​ឃុំ ​សង្កាត់​ ដើម្បី​សម្រប​សម្រួល និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​គណ​បក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ផង​ដែរ​។​

​ជា​មួយ​គ្នានេះ​ដែរ​ ចំពោះ​វគ្គប​ណ្តុះ​បណ្ត​លម​ន្ត្រី គ​.​ជ​.​ប និង​ភាគី​ពាក់ព័​ន្ធ ​ស្ដីពី​«​កា​របោះ​ឆ្នោត ការរាប់​សន្លឹ​កឆ្នោត និង​ការប្រ​កាស​លទ្ធ​ផល​នៃ​កា​របោះ​ឆ្នោត​»​លោក ​ទេព នីថា បាន​ថ្លែង​ថា ​វគ្គ​បណ្តុះ​បណ្តាល​នាពេលនេះ​ត្រូវ​បាន​រៀបចំ​ជាពិសេស​​ដល់​មន្ត្រី គ​.​ជ​.​ប គ្រូប​ង្ហាត់ គ​.​ជ​.​ប និង​មន្ត្រី​គណៈ​កម្មការ​រាជ​ធានី ​ខេត្ត​រៀបចំ​ការបោះ​ឆ្នោត ​ដែលមាន​ភារកិច្ច​ត្រូវ​អនុវត្ត​ការងារ​ និង​ផ្តល់​ការ​បណ្ដុះប​ណ្តាល​បន្ត​នៅ​តាម​រាជ​ធានី ​ខេត្ត​នា​ពេល​ខាង​មុខ​។​

​នាឱ​កាស​នោះដែ​រ លោក ​ទេព នីថា ក៏បាន​អំពាវ​នាវ​ឱ្យមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​ បំប្លែង​ថ្មី ដោយ​ហេតុ​ថា នៅ​តាម​បណ្តា​ប្រទេស​ជិតខា​ង​របស់​កម្ពុជា ​មាន​ករណី​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ ​បំប្លែង​ថ្មី​ បើទោះ​ជា​អង្គកា​រ​សុខ​ភាព​ពិភព​លោក​ (WHO) បាន​ប្រកាស​ថា ជំងឺ​កូ​វីដ​១៩ មិន​មែន​ជា​កង្វល់​អន្ត​រ​ជាតិ​ទៀត​ក៏​ដោយ​។​

«​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​មន្ត្រី​បោះ​ឆ្នោត​គ្រប់​រូប ភាគី​ពាក់ព័​ន្ធ និងបង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​សូម​បន្ត​រួមគ្នា​បង្ការ និង​ទប់​ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩​ដើម្បី​ធានា​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិ​កាល​ទី​៧ ឆ្នាំ​២០២៣ ​នាពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ ​មាន​សុវត្ថិ​ភាព​ខ្ពស់ និង​ធានា​បាន​នូវ​សុខភា​ព សា​ធារ​ណៈ​ល្អប្រ​សើរ​» ។ លោក​បាន​បញ្ជាក់​បន្ថែម​។​

​លោក ​សំ គន្ធា​មី​ នាយក​ប្រតិ​បត្តិ​គណៈ​កម្មាធិ​ការ​អព្យា​ក្រឹត និង​យុត្តិធម៌​​ដើម្បី​ការបោះឆ្នោ​ត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា​និក​ហ្វិ​ក ​បាន​ឱ្យ​ដឹង​ថ្ងៃទី​៧ ​ខែមិថុនា ថា អង្គការ​ឃ្លាំមើ​ល​ការបោះឆ្នោ​ត​មួយ​នេះ នឹងចូ​លរួម​សង្កេត​ការណ៍​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣​ខាង​មុខ​។

​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​លោក​បាន​បន្ថែម​ថា អ្នក​សង្កេត​ការណ៍​ពី​ខាង​និក​ហ្វិ​ក ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​ជា​៤០​នាក់​នឹង​ធ្វើ​ការ​សង្កេត​ការណ៍​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​តាម​លទ្ធ​ភាព​ និង​ដោយ​ឯករាជ្យ​ តែ​មិន​ធ្វើការ​វាយ​តម្លៃ​លទ្ធផល​ឆ្នោត​នោះ​ទេ​ដោយ​សារតែ​មិន​វាយ​តម្លៃ​លទ្ធ​ផល​ឆ្នោត ក៏​ព្រោះតែ​និក​ហ្វិកមាន​អ្នក​សង្កេ​តកា​រណ៍​មិន​គ្រប់​គ្រាន់​។​

​លោក​បាន​ថ្លែង​ថា៖ «​យើង​សង្កេតឃើ​ញថា​ ចំនួន​អ្នក​អង្កេត​ការណ៍​អន្ត​រជាតិ សម្រាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិ​កាល​ទី​៧ ឆ្នាំ​២០២៣​នេះ ​មាន​តិច​ជាង​អាណត្តិ​មុន​។ បែប​នេះ​ក្តី ខ្ញុំ​នៅតែ​លើក​ទឹក​ចិត្ត​ដល់​បងប្អូន​ពលរដ្ឋ​ ដែល​មាន​សិទ្ធិ​បោះឆ្នោ​ត ឱ្យ​ចូល​រួម​បោះ​ឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​មិន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​ក្រៅ​ផ្លូវ​ការ ដែល​មិនឱ្យ​ពលរដ្ឋ​ទៅ​បោះ​នោះ​ដែរ​»៕