ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​សា​ធា​រណៈ​ដោយ​ស្នើឱ្យ​ភាគី​វៀត​​ណា​ម​ធ្វើការ​ឃាត់ខ្លួន​លោក សម រង្ស៊ី ក្នុងករណី​បើ​ប្រធានស្តីទី​អតីត​គណបក្សប្រឆាំង​រូបនេះ​ចូល​ទឹកដី​នៃ​ប្រទេស​វៀត​ណា​ម​។ ការស្នើ​នេះ​បន្ទាប់ពី​លោក ហ៊ុន សែន ទទួលបាន​ព័ត៌មាន​ជាក់លាក់​មក​ថា លោក សម រង្ស៊ី​ កំពុង​ព្យាយាម​ចូល​ទឹកដី​វៀត​ណា​ម​ដោយ​ប្រើប្រាស់​លិខិត​ឆ្លង​​ដែន​សញ្ជាតិ​បារាំង ក្នុងនាម​ជា​អ្នកទេសចរ​។​

​បើទោះបីជា​លោកនាយក​រដ្ឋ​មន្ត្រី មិន​បញ្ជាក់​ចំឈ្មោះ​ថា ជានរ​ណាក៏ដោយ ក៏ត្រូវ​បាន​គេ​ដឹងថា លោក​សំដៅ​ទៅលើ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស ដែល​លោក​តែងតែ​និយាយ​ជារឿយៗ​។ ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​បើក​ការ​​ដ្ឋា​ន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន នៅ​ថ្ងៃទី​ ៧ ខែមិថុនា លោក ហ៊ុន សែន បាន​លើកឡើងថា លោក​បានទទួល​ដំណឹង​មក​ថា លោក សម រង្ស៊ី​កំពុងតែ​ព្យាយាម​ចូល​ទឹក​ដី​វៀតណាម​។

​ជាមួយនឹង​ដំណឹង​នេះ​លោក​បានស្នើ​ទុកជាមុន​តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ឱ្យ​ចាប់ខ្លួន​បុគ្គល សម រង្ស៊ី និង​ធ្វើ​បត្យាប័ន​ប្រគល់ជូន​កម្ពុ​ជា​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​វៀតណាម​ផង​អា​ ១ ​គ្រឿង​នោះ (​សម រង្ស៊ី​) ប្រើ​ប៉ាស្ព័រ​បារាំង​បន្លំ​ចូល​។​

​ខ្ញុំ​បានទទួល​ព័ត៌មាន​យ៉ាងច្បាស់ មាន​ម្នាក់​ស៊ី​បាយ​ជាមួយ​ម្នាក់​ហ្នឹង ​(​សម រង្ស៊ី​)​ ធ្វើ​ម៉េច​ឱ្យ ហ៊ុន​ សែន ខឹង​គេ​នឹង​រក​វិធី​ចូល​ប្រទេស​វៀត​ណា​ម​អ៊ីចឹង​! សូមឱ្យ​ឯកឧត្តម​អគ្គ​រដ្ឋ​​ទូត ជូនដំណឹង​ទៅជា​ផ្លូវការ ខ្ញុំ​និយាយ​ចំហ​តែម្តង​»​។

​លោក​បញ្ជាក់ទៀតថា៖ «​គេ ​(​សម រង្ស៊ី​)​ មាន​ផែនការ​ចូលមក​ម៉ាឡេស៊ី ហើយ​ម៉ាឡេស៊ី ឱ្យចេញ​គេ​មាន​ផែនការ​ចូលមក​ថៃ គេ​មាន​ផែនការ​ចូលទៅ​វៀតណាម តាមរយៈ​ប្រើ​ប៉ាស្ព័រ​បារាំង​ធ្វើជា​អ្នកទេសចរ​។ បើសិន​ចូល ខ្ញុំ​សូម​ស្នើ​ចាប់​ឱ្យ​ខ្ញុំ​ព្រោះ​មាន​ដីកាចាប់ខ្លួន រឿងនេះ​សូម​ជម្រាបជូន​ឱ្យ​ហើយ​យើង​មាន​ទំនាក់ទំនង​បត្យាប័ន​សហប្រតិបត្តិកា​រ​ខាង​ផ្លូវច្បាប់​»​។

​លោកនាយក​រដ្ឋ​​មន្ត្រី​បាន​គូសបញ្ជាក់​ពី​មូលហេតុ​ជាថ្មី​ដែល​ស្នើឱ្យ​ភាគី​វៀតណាម ចាប់ខ្លួន​លោក សម រង្ស៊ី នេះ គឺ​បន្ទាប់ពី​លោក​សម រង្ស៊ី កាលពី​ឆ្នាំ ២០១៩ បានប្រកាស​ញុះញង់​ឱ្យកម្លាំង​ប្រដាប់អាវុធ​ប្រឆាំងនឹង​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ស្របច្បាប់​។

​លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នកឯង​ប្រកាស​កាលពី​ឆ្នាំ ​២០១៩ ចូលមក​ចាប់​នាយករដ្ឋមន្ត្រី ហើយ​ឱ្យ​កងទ័ព​បង្វែរ​កាណុង​បាញ់​រដ្ឋាភិបាល អ៊ីចឹង​!​មិនឱ្យ​ខ្ញុំ​បាញ់ BM21 ម៉េច​កើត នេះ​ជា​ជម្រើស​ចុងក្រោយ​របស់ខ្ញុំ ព្រោះ​អ្នកឯង​ចូល​មក​គឺ​មក​ធ្វើសង្គ្រាម​»​។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏​ស្នើ​ដល់​ក្រុម​អ្នក​អត្ថាធិប្បាយ ក៏ដូចជា​អ្នកវិភាគ​មួយចំនួន​ចូរ​ស្តាប់​ឡើងវិញ​នូវ​ការ​ថ្លែង​របស់លោក សម រង្ស៊ី ដែល​តែងតែ​អំពាវនាវ​ឱ្យកម្លាំង​ប្រដាប់អាវុធ​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​លោក​ថា​៖ «​ហេតុ​អី​បានជា​ ហ៊ុន សែន និយាយ​ពី​ការបាញ់​ BM21 មូលហេតុ​អ្នក​​ឯង​ធ្វើ​រដ្ឋប្រហារ អ្នកឯង​មក​ធ្វើសង្គ្រាម អ្នកឯង​មក​ចាប់​ ហ៊ុន សែន​ អ្នកឯង​អំពាវនាវ​ឱ្យកម្លាំង​ប្រដាប់អាវុធ​បាញ់ ហ៊ុន សែន អ៊ីចឹង​! បើ​មក​ធ្វើសង្គ្រាម​ត្រូវកម្ទេច​។ អ៊ីចឹង​ទេ​! អ្នកវិភាគ​ទាំងឡាយ​ត្រូវ​មើល​ឱ្យ​ច្បាស់ ហើយ​ស្តាប់​ឡើងវិញ នូវ​សម្តី​របស់​( សម រង្ស៊ី )​ មើល។ បន្ថែម​លើ​ការស្នើ​សុំឱ្យ​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​លោក សម រង្ស៊ី​ ហើយ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ព្រលយ​ពី​បញ្ហា​ល្អក់កករ​នៃ​ទំនាក់ទំនង​ទ្វេភាគី​ផងដែរ​ក្នុងករណី​វៀតណាម មិន​អនុវត្ត​នូវ​អ្វីដែល​ជាការ​ស្នើសុំ​របស់​កម្ពុជា​។

​លោក​សង្កត់ធ្ងន់ថា​៖« ​បើ ​(​សម រង្ស៊ី​) ចូលទៅ​វៀតណាម វៀតណាម​មិន​ចាប់​ឱ្យ យើង​នឹងមាន​បញ្ហា​ជាមួយគ្នា​ហើយ និយាយ​ឱ្យ​ត្រង់​។ ក្នុងឋានៈ​ជា​ទណ្ឌិត​ដែល​ដីកា​តុលាការ​កំពុង​ស្វែងរក​ចាប់ខ្លួន ពេល​ចូល​មកដល់ ​(​វៀតណាម​) សូម​ចាប់​ឱ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បានទទួល​ដំណឹង​ជាក់លាក់​»​។​

​ជុំវិញ​បញ្ហា​នេះ សាស្ត្រាចារ្យ​ទំនាក់​ទំនង​អន្តរជាតិ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់​លោក សេង វណ្ណ​លី ​ថ្លែងថា លោក សម រង្ស៊ី និង​សមាជិក​ក្រុមការងារ​របស់គាត់ ទោះបីជា​ប្រើ​លិខិតឆ្លងដែន​បរទេស​ក៏ដោយ ក៏​ភាគី​វៀតណាម​នឹងមិន​អនុញ្ញាត​ឱ្យចូល​ប្រទេស​នោះទេ ដោយសារតែ​វៀតណាម ដឹង​ពី​គោលបំណង​របស់​ក្រុម​នេះ​។

​លោក​បាន​ប្រាប់ថា​៖ «​គួបផ្សំ​ការប្រកាស​របស់​សម្តេច ខ្ញុំ​គិតថា វៀតណាមនឹងមាន​ភាព​ប្រុងប្រយ័ត្ន ហើយ​ព្យាយាម​ការពារ​កុំឱ្យ​ភាគី​លោក សម រង្ស៊ី រក​ឱកាស​ចូល​ទឹកដី វៀតណាម​បាន​។ ទោះបីជា​លោក សម រង្ស៊ី មិនអាច​ចូល ហើយ​សុំ​ការបកស្រាយ​ដោយសារ​លោក​ប្រើ​សញ្ជាតិ​បារាំង​ក្តី ក៏ប៉ុន្តែ​ដោយសារ​នេះ​ជា​បញ្ហានយោបាយ​ដូច្នេះ​ភាគី​បា​​រាំង​នឹង​យល់​ពី​បញ្ហា​នេះ​»​។

លោក សេង វណ្ណ​លី បន្ថែមថា ក្នុងករណី​លោក​ សម​ រង្ស៊ី អាច​ចូល​ប្រទេស​វៀតណាមបាន លោក​គិតថា លោក សម រង្ស៊ី សម្រេចបាន​ជោគជ័យ​នៃ​គោលដៅ​នៃ​ការចូល​របស់គាត់ បើសិនជា​មានការ​ចាប់​ខ្លួន​ពិតប្រាកដ​នោះ ហើយ​បញ្ជូនមក​កម្ពុជា​គឺ​ប្រហែលជា​ចូលក្នុង​សេណារីយោ​ដែលជា​ការចង់បាន​រប​ស់លោក សម រង្ស៊ី​។​

​លោក​បន្តថា​៖ «​ដោយសារតែ​ជម្រើស​នយោបាយ​ចុងក្រោយ​របស់លោក សម រង្ស៊ី គឺ​ត្រូវមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ទោះជា​ត្រូវ​ចាប់ខ្លួន ក៏​ខ្ញុំ​គិតថា លោក​ សម រង្ស៊ី នឹង​ជោគជ័យ តែ​ចំពោះ​ខ្ញុំ​មើលរូប​ភាព​ថា លោក សម រង្ស៊ី មិនអាច​ចូល​វៀតណាម​បានទេ ដោយសារតែ​ការចូល​នេះ​ទោះ​ប្រើ​សញ្ជាតិ​បរទេស​ក៏ដោយ​ក៏មាន​ចរិត​នយោបាយ​»​។​

​ចំណែក អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បាន​ថ្លែងថា ការស្នើ​របស់លោក​ ហ៊ុន សែន គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​វា​ជា​កិច្ចសហប្រតិបត្តិការ​ផ្នែក​ច្បាប់​របស់​បណ្តា​ប្រទេស​ជា​មិត្ត និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។

លោក​ថា​៖ «​ជាមួយ​វៀតណាម យើង​មាន​កិច្ចព្រមព្រៀង​បត្យាប័ន និង​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ហើយ​ទោះបីជា​មិនមាន​កិច្ច​​ព្រមព្រៀង​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ និង​យន្តការ​របស់​អាស៊ាន យើង​អាចធ្វើ​ការសហការ​និង​ស្នើសុំ​ទណ្ឌិត​គ្នា​ទៅវិញ​មក​បានដែរ​»​។​

​សូមជម្រាបថា កាលពី​ចុងខែ​ឧសភា ឆ្នាំ​ ២០២៣ លោក សម រង្ស៊ី បាន​ចូល​ប្រទេស​ម៉ាឡេស៊ី ដោយ​ប្រើប្រាស់​លិខិតឆ្លងដែន​សញ្ជាតិ​បារាំង​៕