
ប្រភេទសត្វព្រៃមានដោយកម្រដែលកំពុងមានការធ្លាក់ចុះ។ រូបថត MCF
ឧត្តរមានជ័យៈ ព្រះសង្ឃ និងប្រជាសហគមន៍បានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះវត្តមានសត្វព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន កំពុងមានការថយចុះគួរឱ្យកត់សម្គាល់ ជាពិសេស ប្រភេទសត្វព្រៃមានដោយកម្រ ដូចជាសត្វទន្សោង ឈ្លូស ក្ដាន់ ប្រើស និងប្រភេទសត្វស្លាបព្រៃមួយចំនួនទៀត។
ប្រធានគណៈកម្មការសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន ព្រះតេជគុណថូ ធុរស់ មានព្រះថេរដីកាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ ថា កាលពីមុននៅពេលរដូវវស្សាមកដល់ ក្រោយពីមានភ្លៀងធ្លាក់ ២-៣ មេរួចមកព្រៃល្បាស់ចាប់ផ្ដើមលាស់ស្លឹកខៀវខ្ចី តាមថ្លុកត្រពាំងមួយចំនួនមានទឹកដក់ សម្រាប់ជាឱកាសដ៏ប្រសើរនៃពពួកសត្វព្រៃគ្រប់ប្រភេទ ដែលរស់នៅក្នុងតំបន់ព្រៃសង្ឃរុក្ខវ័ន។
ព្រះអង្គបន្តថា៖ «កាលពីមុនអាត្មា និងក្រុមការងារបានប្រទះឃើញដានជើងហ្វូងសត្វរាប់រយក្បាលជាពិសេសដានជើងហ្វូងសត្វទន្សោង ឈ្លូស ក្ដាន់ និងប្រើសដែលជាប្រភេទសត្វមានដោយកម្រ បានចេញមករកចំណីទាំងហ្វូងៗ។ ប៉ុន្តែបច្ចុប្បន្នអាត្មាមានការភ្ញាក់ផ្អើលពីព្រោះដានជើងនៃហ្វូងសត្វទាំងនេះត្រូវបានប្រទះឃើញមានមិនច្រើនដូចមុនទេ»។
បើតាមព្រះតេជគុណ ថូ ធុរស់ កាលពីថ្ងៃទី ១ មិថុនា កន្លងទៅនេះព្រះអង្គបានដឹកនាំក្រុមការងារចុះល្បាតព្រៃ និងបំពាក់កាមេរ៉ាតាមដានពីសកម្មភាពនៃការបំផ្លាស់ទីរបស់សត្វព្រៃ នៅក្នុងតំបន់ព្រៃការពារសង្ឃរុក្ខវ័នសាជាថ្មីឡើងវិញបន្ទាប់ពីមានករណីភ្លើងឆេះព្រៃ កាលពី ២-៣ ខែកន្លងមកនេះ ធ្វើឱ្យខូចខាតម៉ាស៊ីនកាមេរ៉ាអស់ចំនួន ២ គ្រឿងរួចមក ។
ព្រះអង្គបន្តថា យោងតាមការចុះល្បាតស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងតាមរយៈទិន្នន័យ ដែលប្រមូលបានពីកាមេរ៉ាដែលក្រុមការងារបានដាក់បង្កប់នៅក្នុងព្រៃសង្ឃរុក្ខវ័ន ការបាត់បង់ស្នាមដានជើងនៃហ្វូងសត្វមានដោយកម្រទាំងនេះជាបន្តបន្ទាប់នាប៉ុន្មានឆ្នាំមកនេះ គឺបណ្ដាលមកពីមានក្រុមជនប្រព្រឹត្តបទល្មើសលួចឆ្មក់ចូលធ្វើសកម្មភាព បរបាញ់ និងដាក់អន្ទាក់សត្វព្រៃ ហើយមានពលរដ្ឋជាម្ចាស់ចម្ការខ្លះបានលួចរាយអគ្គិសនី ជាប់នឹងរបងលួសនៅតាមព្រំចម្ការរបស់ខ្លួន ដែលស្ថិតនៅជាប់នឹងព្រៃការពារសង្ឃរុក្ខវ័នធ្វើឱ្យសត្វព្រៃខ្លះត្រូវឆក់ស្លាប់ខ្លះទៀតត្រូវរបួស។
ព្រះអង្គបានបញ្ជាក់បន្ថែមថា៖ «ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកដល់ដើមឆ្នាំ ២០២៣ មានសត្វទន្សោង និងសត្វប្រើស យ៉ាងតិចពី ៣-៦ ក្បាល ត្រូវបានប្រទះឃើញស្លាប់ដោយសារអន្ទាក់ក្នុង ១ ឆ្នាំៗខណៈសត្វដែលរងរបួសដាច់ជើង ដោយសារអន្ទាក់ត្រូវបានប្រទះឃើញមានជាច្រើនក្បាលទៀត»។
ទន្ទឹមនឹងនេះព្រះអង្គបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនកិច្ចសហការក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបង្កើនការអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងបន្ថែមទៀតពីអត្ថប្រយោជន៍នៃទំនាក់ទំនងរវាងព្រៃឈើ សត្វព្រៃ និងមនុស្ស។ ជាពិសេស ត្រូវបញ្ឈប់ជាបន្ទាន់នូវការបរបាញ់ ដាក់អន្ទាក់ចាប់សត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ។
ចំណែក លោក អឿន សាលឿន ប្រជាពលរដ្ឋនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីប៉ុន្មានឆ្នាំមុន នៅពេលមានភ្លៀងធ្លាក់ ២-៣ មេ ដូចនេះនៅក្នុងចម្ការកៅស៊ូរបស់លោក ឃើញមានវត្តមាននៃហ្វូងសត្វទន្សោង និងប្រើសចំនួនពី ១០-១៥ ក្បាល បានដើរឆ្លងកាត់ ដើម្បីរកស៊ីស្មៅ និងស្លឹករុក្ខជាតិ។ ប៉ុន្តែ ២ ឆ្នាំចុងក្រោយនេះ ពួកវាលែងបានបង្ហាញខ្លួនហើយ។
លោកនិយាយថា៖ «កន្លងមកពួកវាបានបង្ហាញខ្លួននៅក្នុងចម្ការកៅស៊ូរបស់ខ្ញុំហើយពេលខ្លះពួកវាបានជល់គ្នាលេងនៅតាមវាលស្មៅនៃព្រៃរបោះជាប់ចម្ការរបស់ខ្ញុំ។ ប៉ុន្តែ ២ ឆ្នាំមកនេះខ្ញុំមិនបានឃើញវត្តមានហ្វូងរបស់ពួកវាទេ»។
ជុំវិញករណីនេះ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានទទួលស្គាល់ថា បទល្មើសព្រៃឈើ និងសត្វព្រៃ នៅតែបន្តកើតមាន តាមរូបភាពផ្សេងៗ បើទោះជាក្រុមមន្ត្រីឧទ្យានុរក្ស ក៏ដូចជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធបានរួមសហការគ្នា ចុះល្បាត ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាប្រចាំយ៉ាងណាក៏ដោយ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាលពីថ្មីៗនេះ កម្លាំងរបស់លោក រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលលំទង ចុះល្បាតព្រៃហើយបានប្រទះឃើញសត្វទន្សោង ១ ក្បាលដួលដោយជើងរបស់វាបានរុំទាក់នឹងវល្លិ ទំនងជារត់គេចពីការតាមប្រមាញ់ពីជនប្រព្រឹត្តបទល្មើសពីកន្លែងណាមួយ។
លោកថា៖ «នៅកន្លែងដែលសត្វទន្សោងនោះដួល [ចំណុចភ្នំអណ្ដូង ភូមិសាស្ត្រឃុំលំទង] ក្រុមសមត្ថកិច្ចយើង មិនឃើញវត្តមាននៃក្រុមជនប្រព្រឹត្តបទល្មើសសត្វព្រៃនោះទេ ប៉ុន្តែបានប្រទះឃើញសត្វឆ្កែប្រមាញ់ ១ ក្បាលកំពុងព្រុសកោះហៅម្ចាស់របស់វា»។
បើតាមលោកលីណា ឆ្កែប្រមាញ់នោះទំនងជាឆ្កែរបស់អ្នកភូមិណាម្នាក់ ដែលរស់នៅជាប់ព្រំប្រទល់នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននេះ។ ប៉ុន្តែនៅពេលនោះ សមត្ថកិច្ចមិនបានតាមស្វែងរកម្ចាស់របស់វាទេ គឺនាំគ្នាជួយសង្គ្រោះសត្វទន្សោង ១ ក្បាលនោះ ចេញពីវល្លិ៍ដែលរុំជើងរបស់វា ហើយដោះលែងវាឱ្យចូលទៅក្នុងព្រៃវិញ។
ទោះយ៉ាងណានៅពេលនេះលោកនៅមិនទាន់មានការសិក្សាច្បាស់លាស់ពីចំនួនសត្វទន្សោង ប្រើស និងប្រភេទសត្វមានដោយកម្រផ្សេងទៀត ដែលកំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នោះទេ បើទោះជាពេលនេះការបង្ហាញវត្តមាននៃហ្វូងសត្វទាំងនោះមានចំនួនតិចជាងកាលពីប៉ុន្មានឆ្នាំមុនក្ដី។
លោកបន្តថា៖ «នៅក្នុងរដូវកាលនេះហ្វូងសត្វទាំងនោះ វាអាចដើររកចំណី ដោយបែកពីហ្វូងរបស់វាកាលពីមុន ព្រោះក្រុមការងារយើង ក៏បានប្រទះឃើញមានហ្វូងថ្មីដែលមានកូនតូចៗផងដែរ»។
លោកបន្ថែមថា នៅពេលនេះ ក្រុមការងាររបស់លោកបានដាក់ចេញវិធានការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីទប់ស្កាត់ការកើតមានបទល្មើសគ្រប់ប្រភេទក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដោយបានកសាងប៉មត្រួតពិនិត្យចំនួន ៣ កន្លែង និងបានធ្វើការបែងចែកព្រំប្រទល់សម្រាប់គ្រប់គ្រងក្នុងតំបន់ដែនជម្រកជា ៤ ផ្នែក រួមមានតំបន់ស្នូល អភិរក្ស អភិវឌ្ឍន៍ដោយចីរភាព និងតំបន់រស់នៅរបស់សហគមន៍៕